មនុស្សរាប់ពាន់នាក់ ជុំវិញប្រទេសរុស្សី បានចុះថ្នល់ប្រមូលផ្តុំគ្នាធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងការឃុំខ្លួនមេបក្សប្រឆាំងរុស្សី លោក Navalny ដោយរដ្ឋាភិបាលរបស់លោក Vladimir Putin និង ទាមទារឱ្យដោះលែងលោក Navalny ដែលកំពុងមានជំងឺធ្ងន់ធ្ងរចេញពីពន្ធនាគារ ។
Russian police carry opposition leader Alexei Navalny, center, at an anti-Putin protest Saturday in Moscow.
សារព័ត៌មាន BBC ផ្សាយនៅថ្ងៃទី២២ ខែមេសា ថា បាតុកម្មរបស់ក្រុមអ្នកគាំទ្រលោក Navalny ធ្វើឡើងបើទោះជាអាជ្ញាធររុស្សី បានព្រមានមិនអនុញ្ញាតិឱ្យមានការប្រមូលផ្តុំគ្នា ដោយលើក ហេតុផលនៃការរាតត្បាតជំងឺកូវីដ-១៩ ក្តី ។
អ្នកតវ៉ាក៏បានទាមទារឱ្យលោក Navalny ទទួលបានការព្យាបាលត្រឹមត្រូវក្នុងពេលដែលលោក កំពុងជាប់ឃុំ ។ អាជ្ញាធរពន្ធនាគាររុស្សីកាលពីពេលថ្មីៗនេះបានបញ្ជូនខ្លួនលោក Navalny ទៅកាន់មន្ទីរពេទ្យពន្ធនាគារដែលមានចំងាយជាង ១០០ គីឡូម៉ែត្រ ពីទីក្រុងមូស្គូ ក្រោយពី មានការព្រមានរបស់គ្រូពេទ្យផ្ទាល់ខ្លួនរបស់លោកថា លោក Navalny អាចនឹងបាត់បង់ជីវិត ក្នុងពេលដ៏ខ្លីខាងមុខ បើលោកមិនទទួលបានការព្យាបាលជំងឺឱ្យបានត្រឹមត្រូវនោះទេ ។
ទោះជាយ៉ាងណា ការតវ៉ានេះ ត្រូវបានអាជ្ញាធររុស្សីរារាំង ហើយមនុស្សប្រមាណ ១០០០ នាក់ ក៏ត្រូវបានអាជ្ញាធរចាប់ខ្លួន ។
BBC រាយការណ៍ថា ការជួបជុំតវ៉ាធំជាងគេគឺនៅក្នុងទីក្រុងមូស្គូ ។ ចំណែកនៅតាមទីក្រុងធំៗ ផ្សេងទៀតក៏មានការប្រមូលផ្តុំតវ៉ាដែរ រួមមានទីក្រុង Saint Petersburg ទីក្រុង Vladivostok នៅប៉ែកខាងកើតប្រទេស និងទីក្រុង Vladimir ទីដែលលោក Navalny កំពុងត្រូវបានបញ្ជូនទៅ កាន់ទីនោះ ។
អាជ្ញាធរបានប្រកាសឱ្យអ្នកតវ៉ាបំបែកការប្រមូលផ្តុំ នឹងបានដាក់រនាំងដែកបិទផ្លូវមិនឱ្យអ្នកតវ៉ា ប្រមូលផ្តុំគ្នាបាន ។
ការចេញមុខប្រមូលផ្តុំគ្នាតវ៉ានេះ ក៏ស្របពេលដែលលោកប្រធានាធិបតីរុស្សី Vladimir Putin ដែលកាលពីយប់ថ្ងៃទី២១ ខែមេសា បានធ្វើសុន្ទរកថាប្រចាំឆ្នាំទៅកាន់ប្រជាជាតិរុស្សីនៅ ចំពោះមុខសភារុស្សីទាំងពីរ ។ ប៉ុន្តែគេកត់សម្គាល់ឃើញថា នៅក្នុងសុន្ទរកថារបស់លោក ពូទីន លោកមិនបាននិយាយដល់រឿងរ៉ាវរបស់មេបក្សប្រឆាំងរុស្សីលោក Navalny ដែលកំពុង ជាប់ឃុំ និងមានបញ្ហាសុខភាពធ្ងន់ធ្ងរនោះឡើយ ។
ប៉ុន្តែលោកបានលើកឡើងពីបញ្ហានៅអ៊ុយក្រែន និង បានព្រមានបរទេសឱ្យគោរពបន្ទាត់ ក្រហមរបស់ប្រទេសរុស្សី ហើយថារុស្សីនឹងឆ្លើយតបយ៉ាងឆាប់រហ័ស និងខ្លាំងក្លាជាទីបំផុត ចំពោះអ្នកដែលមានបំណងបំផ្លាញផលប្រយោជន៍របស់ប្រទេសរុស្សី ។
គួររម្លឹកថា មេបក្សប្រឆាំងរុស្សី លោក Navalny ត្រូវបានអាជ្ញាធររុស្សីចាប់ឃុំខ្លួនកាលពីខែកុម្ភៈ ឆ្នាំ ២០២១ ក្រោយពេលលោកវិលត្រឡប់ពីប្រទេសអាល្លឺម៉ងវិញ ទីដែលលោកបានព្យាបាល ជំងឺ ដោយសារតែការប្រើថ្នាំបំពុលមកលើរូបលោក ដែលលោក Navalny បានចោទប្រកាន់ ថាជាស្នាដៃរបស់លោក Vladimir Putin ដែលចង់ផ្តាច់ផ្តិលជីវិតរបស់លោក ។ ប៉ុន្តែទីក្រុងមូស្គូ បានច្រានចោលចំពោះការចោទប្រកាន់នេះ ។
បច្ចុប្បន្នលោក Navalny ត្រូវបានមេធាវីរបស់លោកនិយាយថាកំពុងតែមានសុខភាបទ្រុឌ ទ្រោមដោយសារតែលោកបានធ្វើបាតុកម្មបង្អត់អាហារនៅក្នុងពន្ធនាគារ ចាប់តាំងពីដើម ខែមេសា មក ដើម្បីប្រឆាំងទៅនឹងអាជ្ញាធរពន្ធនាគាររុស្សីដែលមិនអនុញ្ញាតិឱ្យ លោក Navalny បានជួបវេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់លោក ។
សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសលោកខាងលិចមួយចំនួនទៀត បានព្រមានថា រុស្សីជាអ្នកទទួលខុសត្រូវ ប្រសិនបើលោក Navalny អាចមានបញ្ហាអ្វីមួយដល់ជីវិតនៅក្នុង ពន្ធនាគារ ។
ផ្សាភ្ជាប់នឹងករណីរបស់លោក Navalny រួមជាមួយរឿងដែលអាមេរិកបានចោទប្រកាន់ ប្រទេសរុស្សីថាបានជ្រៀតជ្រែកចូលក្នុងការងារបោះឆ្នោតរបស់អាមេរិមកាលពីឆ្នាំ ២០២០ និងការវាយប្រហាររបស់រុស្សីតាមប្រព័ន្ធ Internet មកលើអាមេរិកផងនោះ រដ្ឋបាល ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសម្រេចបណ្តេញមន្រ្តីការទូតអាមេរិកចំនួន ១៨ នាក់ពីប្រទេសរបស់ខ្លួន ។ ជាការឆ្លើយតប រុស្សីក៏បានបណ្តេញមន្រ្តីអាមេរិកចំនួន ១៨ នាក់ចេញពីប្រទេសរបស់ខ្លួនវិញផងដែរ ។
កន្លងទៅ នៅក្នុងរឿងលោក Navalny នេះ លោក ចូ បៃដិន ថែមទាំងបានយល់ស្របថា លោក Vladimir Putin គឺជាឃាតកទៀតផង នៅពេលដែលលោកត្រូវបានអ្នកកាសែតសួរបញ្ជាក់ ។ ជាការឆ្លើយតបនឹងការចាត់ទុកលោកពូទីនថាជាឃាតកនេះ រដ្ឋាភិបាលរុស្សីបានកោះហៅឯក អគ្គរដ្ឋទូតខ្លួនប្រចាំទីក្រុងវ៉ាស៊ីនតុនឱ្យចូលប្រទេសវិញ ដើម្បីពិភាក្សាឡើងវិញអំពីគោល នយោបាយរបស់រុស្សីចំពោះសហរដ្ឋអាមេរិក ។
បាតុករដែលបានចូលរួមក្នុងការតវ៉ាទាមទារឱ្យមានការដោះលែងលោក Navalny នៅពេល នេះ និយាយថា ពួកគេកំពុងប្រយុទ្ធដើម្បីអនាគតសេរីភាពនៃប្រទេសរុស្សី ៕