អាជ្ញាធរម៉ាឡេស៊ីកាលពីថ្ងៃទី២៣ ខែកុម្ភៈ បានសម្រេចចាប់បញ្ជូនជនចំណាកស្រុក មីយ៉ាន់ម៉ាជាង ១.០០០ (១០៨៦) នាក់ត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ ទីដែលមានការបារម្ភថាពួកគេ អាចប្រឈមទៅនឹងការធ្វើទុក្ខបុកម្នេញពីសំណាក់របបយោធា ដែលកំពុងកាន់អំណាចនៅក្នុងប្រទេសក្រោយធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលដឹកនាំដោយ គណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យុ (NLD) របស់អ្នកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ។
ការសម្រេចចិត្តរបស់អាជ្ញាធរម៉ាឡេស៊ីនេះ បើទោះជាតុលាការនៅក្នុងទីក្រុងគូឡាឡាំ ពួរ បានសម្រេចមិនអនុញ្ញាតឱ្យមានការចាប់បញ្ជូនខ្លួនពួកគេនៅឡើយក្តី ។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ក្នុងចំណោមជនចំណាកស្រុកមីយ៉ាន់ម៉ាទាំងនោះ ក៏មានអ្នកសុំសិទ្ធិជ្រកកោនផងដែរ ។ នេះបើតាមព័ត៌មានដែល AFP ទទួលបានពីសកម្មជន ការពារសិទ្ធិមនុស្ស ។ ពួកគេត្រូវបាននាវាយោធារបស់មីយ៉ាន់ម៉ាចូលមកដឹកដល់ប្រទេស ម៉ាឡេស៊ីតែម្តង ។
ថ្មីៗនេះ សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ និងសកម្មជនការពារសិទ្ធិមនុស្ស បានរិះ គន់រួចហើយ គម្រោងបញ្ជូនជនចំណាកស្រុកដោយអាជ្ញាធរម៉ាឡេស៊ី ។ សកម្មជនសិទ្ធិ មនុស្សក៏បានត្រៀមរួចហើយដែរដើម្បីធ្វើការតតាំងផ្នែកច្បាប់ជាមួយអាជ្ញាធរម៉ាឡេស៊ីអំពីរឿង នេះ ក្រោយពីតុលាការនៅទីក្រុងគូឡាឡាំពួរ សម្រេចឱ្យអាជ្ញាធរផ្អាកការចាប់បញ្ជូនខ្លួនសិន ដើម្បីរង់ចាំមានការតតាំងគ្នាតាមផ្លូវច្បាប់ជាមុន ។
ទោះជាយ៉ាងណា នៅទីបំផុត អាជ្ញាធរម៉ាឡេស៊ីមិនបានស្តាប់តាមបញ្ជារបស់តុលាការឡើយ ដែលធ្វើឱ្យមានការរិះគន់ពីអ្នកការពារសិទ្ធិមនុស្សថា ម៉ាឡេស៊ីបានរំលោភលើកាតព្វកិច្ច អន្តរជាតិដោយចាប់បញ្ជូនជន ដែលងាយរងគ្រោះខ្លាំងទៅកាន់កន្លែង ដែលពួកគេអាចប្រឈមនឹងការធ្វើបាបពីសំណាក់អាជ្ញាធរ នៅទីនោះ ។
អង្គការលើកលែងទោសអន្តរជាតិចាត់ទុកការចាប់បញ្ជូនខ្លួនជនចំណាកស្រុកមីយ៉ាន់ម៉ានៅ ពេលនេះថាជារឿងអមនុស្សធម៌ និងគ្រោះថ្នាក់ខ្លាំង ។
ចំណែកលោក ហ្វីល រ៉ូបឺតសន (Phil Robertson) នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើល សិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) មានប្រសាសន៍ថា អាជ្ញាធរម៉ាឡេស៊ីកំពុងតែ បញ្ជូនមនុស្សទៅឱ្យរបបយោធាមីយ៉ាន់ម៉ាដែលកន្លងទៅគេដឹងថារបបយោធាមិនដែលលើកលែងដល់ អ្នករត់គេចខ្លួនពីប្រទេសដោយសារតែហេតុផលនយោបាយនោះទេ ។
ឆ្លើយតបទៅនឹងការរិះគន់ និងការបារម្ភទាំងអស់នេះ ប្រធានផ្នែកអន្តោប្រវេសន៍នៃប្រទេស ម៉ាឡេស៊ី លោក ខាយរូល ហ្សាយមី ដូដ (Khairul Dzaimee Daud) បានថ្លែងការពារថា អ្នក ដែលត្រូវបានអាជ្ញាធរចាប់បញ្ជូនទៅវិញនោះ គ្មានឡើយជនជាតិរ៉ូហីងយ៉ា និងអ្នកស្វែងរក សិទ្ធិជ្រកកោន ។ លោកបញ្ជាក់ថា អ្នកត្រូវបានបញ្ជូនខ្លួនសុទ្ធតែយល់ព្រមត្រឡប់ទៅវិញ ដោយស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំនោះឡើយ ។
ប្រទេសម៉ាឡេស៊ីមានជនចំណាកស្រុកចូលមកច្រើនដើម្បីស្វែងរកការងារធ្វើ ។ កាលពីឆ្នាំ ២០២០ អាជ្ញាធរម៉ាឡេស៊ីក៏បានបញ្ជូនជនចំណាកស្រុកបរទេសប្រមាណ ៣៧.០០០ នាក់ ចេញពីប្រទេសផងដែរ ។
ដូច្នេះហើយទើបអាជ្ញាធរអះអាងថា ការចាប់បញ្ជូនខ្លួនជនជាតិមីយ៉ានម៉ាត្រឡប់ទៅស្រុកវិញ នៅពេលនេះ គឺជាការអនុវត្តការងារជាប្រចាំរបស់រដ្ឋាភិបាល ហើយជនចំណាកស្រុកទាំង នោះក៏មានអ្នកប្រព្រឹត្តិកំហុសផងដែរ ដូចជាស្នាក់នៅក្នុងប្រទេសម៉ាឡេស៊ីផុតកាលកំណត់ ទិដ្ឋាការជាដើម ។
ទោះជាយ៉ាងណា អ្នកការពារសិទ្ធិមនុស្សនៅតែមានមន្ទិលអំពីការអះអាងរបស់អាជ្ញាធរម៉ាឡេ ស៊ី ដោយសារតែគ្មានភាគីណាមួយ រួមទាំងអង្គការសហប្រជាជាតិផងដែរ អាចបញ្ជាក់បានថា តើមាន ឬគ្មានជនស្វែងរកសិទ្ធិជ្រកកោននយោបាយនៅក្នុងនោះ ? ប៉ុន្តែអ្នកការពារសិទ្ធិ មនុស្សជឿជាក់ថានៅក្នុងចំណោមជនចំណាកស្រុកទាំងនោះមានជនជាតិឈិន (Chin) ដែលជាអ្នកកាន់គ្រឹស្តសាសនា និងជនជាតិភាគតិចមកពីរដ្ឋកាឈិន (Kachin) និងរដ្ឋសាន (Shan) ដែលជាតំបន់ធ្លាប់មានជម្លោះជាមូយពួកយោធាផងដែរ ។
ច្បាប់អន្តរជាតិមិនអនុញ្ញាតឡើយការចាប់បញ្ជូនខ្លួនជនស្វែងរកសិទ្ធិជ្រកកោនទៅឱ្យអាជ្ញាធរ ប្រទេសដើមវិញ ប្រសិនបើគេមើលឃើញថាជនដែលត្រូវបានចាប់បញ្ជូនខ្លួននោះអាច ប្រឈមទៅនឹងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរម្ចាស់ស្រុក ៕