តំបន់&អន្តរជាតិ
តើប្រធានបទអ្វីខ្លះ ដែលអាស៊ាននឹងជជែក នៅចុងសប្តាហ៍នេះ ?
រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី២១ ខែមេសា បានចេញសេចក្តីប្រកាសព័ត៌មានថា តប តាមការអញ្ជើញរបស់ប្រទេសប្រ៊ុយណេ ដែលជាប្រធានអាស៊ានបច្ចុប្បន្ន លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំរបស់មេដឹកនាំអាស៊ានដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី២៤ ខែមេសា នាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ។
ក្រសួងការបរទេសឱ្យដឹងថា មន្រ្តីកម្ពុជាដែលនឹងអមដំណើរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមមាន លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាល កម្ពុជាមួយចំនួនទៀត ។
បើតាមក្រសួងការបរទេសកម្ពុជា កិច្ចប្រជុំមេដឹកនាំអាស៊ាននឹងផ្តោតចិត្តទុកដាក់ទៅលើ ប្រធានបទធំៗចំនួន ៣ គឺការជំរុញដំណើរការកសាងសហគមន៍អាស៊ាន រួមទំាងគំនិតផ្តួចផ្តើ មនានាដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ចសង្គមឡើងវិញ ទំនាក់ទំនងអាស៊ានជាមួយដៃគូក្រៅតំបន់ និងការវិវត្តនៃស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ ដែលជាផលប្រយោជន៍ និងការបារម្ភរួម ។
បើទោះជាអាស៊ានហាក់មិនបង្ហាញចំៗពីប្រធានបទអំពីវិបត្តិនយោបាយនៅក្នុងមីយ៉ាន់ម៉ា ប៉ុន្តែគេដឹងថា ការផ្តួចផ្តើមឱ្យមានកិច្ចប្រជុំមេដឹកនាំអាស៊ានបន្ទាន់នៅពេលនេះ ក្រោយពី ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ (Joko Widodo) បានអំពាវនាវឱ្យមានកិច្ចប្រជុំបន្ទាន់ មួយដើម្បីជជែកអំពីវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា និងក្រោយពីលោក វីដូដូ បានទូរស័ព្ទទៅ កាន់មេដឹកនាំប្រ៊ុយណេដែលជាប្រធានអាស៊ាននៅពេលបច្ចុប្បន្ន ។ នាយករដ្ឋមន្រ្តី ប្រទេស ម៉ាឡេស៊ី និងសិង្ហបុរី ក៏បានសម្តែងការគាំទ្រឱ្យមានកិច្ចប្រជុំនេះ ។
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសកាលពីពេលថ្មីៗនេះដោយមិន បញ្ជាក់ពីមូលហេតុថា លោកនឹងមិនទៅចូលរួមកិច្ចប្រជុំនៅប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី២៤ ខែមេសា នោះទេ ប៉ុន្តែលោកនឹងបញ្ជូនរដ្ឋមន្រ្តីការបរទេសថៃឱ្យទៅចូលរួមជំនួស ។
ចំណែកនាយករដ្ឋមន្រ្តីថ្មីរបស់វៀតណាម លោក ហ្វាម មិញ ជិញ (Pham Minh Chinh) ប្រកាស ថា លោកនឹងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំនេះ ដែលជាដំណើរទស្សនកិច្ចទៅក្រៅប្រទេស លើកដំបូងរបស់លោក ចាប់តាំងពីលោក ហ្វាម មិញ ជិញ ត្រូវបានបក្សកុម្មុយនិស្តវៀតណាម ជ្រើសរើសឱ្យធ្វើជានាយករដ្ឋមន្រ្តី និងត្រូវបានរដ្ឋសភាវៀតណាមបោះឆ្នោតផ្តល់សេចក្តីទុក ចិត្តកាលពីពេលថ្មីៗនេះ ។
ចំណែកមេដឹកនំាយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីង អ៊ុង លាំង ក៏ត្រូវបានរបបយោធា ប្រកាសថានឹងចូលរួមកិច្ចប្រជុំនៅប្រទេសឥណ្ឌូនេស៊ីដែរ ដែលជាការធ្វើដំណើរទៅក្រៅ ប្រទេសរបស់ឧត្តមសេនីយ៍យោធារូបនេះលើកដំបូងដែរ ចាប់តាំងពីមានរដ្ឋប្រហារនៅក្នុង ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី១ ខែកុម្ភៈ មក ។
ទោះជាយ៉ាងណា ការប្រកាសចូលរួមរបស់លោក មីង អ៊ុង លាំង ត្រូវបានសកម្មជនប្រឆាំង នឹងរបបយោធាសម្តែងការមិនពេញចិត្តចំពោះការរៀបចំរបស់អាស៊ាន ។ ពួកគេកំពុងទាមទារ រដ្ឋាភិបាលបរទេសមិនឱ្យទទួលស្គាល់របបយោធាជារដ្ឋាភិបាលស្របច្បាប់ដោយសារតែក្រុម យោធាបានបង្រ្កាប និងបាញ់សម្លាប់អ្នកតវ៉ាស្លាប់ជាង ៧០០ នាក់ និងជាង ៣.០០០ នាក់ ទៀតត្រូវបានចាប់ឃុំខ្លួន ។
ចំណែកក្រុមអ្នកនយោបាយគាំទ្រអ្នកស្រី អ៊ុងសាន ស៊ូជី ដែលទើបបង្កើតរដ្ឋាភិបាលឯកភាព ជាតិ បានទាមទារឱ្យអាស៊ានអញ្ជើញតំណាងរបស់ខ្លួនចូលរួមកិច្ចប្រជុំនៅក្នុងប្រទេស ឥណ្ឌូនេស៊ីដែរ ដោយសំអាងថា ខ្លួនជារដ្ឋាភិបាលស្របច្បាប់ដែលប្រជាជនមីយ៉ាន់ម៉ាគាំទ្រ ។ ពួកគេថារាល់ដំណោះស្រាយនយោបាយសម្រាប់ប្រទេសមីយ៉ាន់ម៉ាមិនអាចដោះស្រាយបាន នោះទេ ប្រសិនបើគ្មានការចូលរួមរបស់រដ្ឋាភិបាលឯកភាពជាតិ ។
សមាជិកសភានៃប្រទេសអាស៊ានមួយចំនួនក៏បានទទូចឱ្យសមាគមអាស៊ានអញ្ជើញរដ្ឋាភិបាលឯកភាពជាតិចូលរួមកិច្ចប្រជុំ ។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនដែលត្រូវបានសារព័ត៌មាន Reuters ស្រង់ខ្លឹមសារមក ចុះផ្សាយ សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សជឿជាក់ថា អាស៊ានមិនអាចពិភាក្សាអំពី វិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ាដោយគ្មានការចូលរួមរបស់រដ្ឋាភិបាលឯកភាពជាតិនោះទេ ហើយថាការអញ្ជើញឧត្តមសេនីយ៍ មីង អ៊ុង លាំង ឱ្យចូលរួមកិច្ចប្រជុំរបស់ខ្លួន អាស៊ានត្រូវតែ បញ្ជាក់ប្រាប់គេឯងឱ្យបានច្បាស់ថា លោក មីង អ៊ុង លាំង មិនមែនជាតំណាងស្របច្បាប់របស់ ប្រជាជនមីយ៉ាន់ម៉ានោះឡើយ ។
ចំណែកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ប្រតិកម្មថា អាស៊ានគួរ ប្រកាសដកការអញ្ជើញរបស់ខ្លួនចំពោះលោក មីង អ៊ុង លាំង វិញ ។
ប្រធានប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លោក Brad Adams បាន លើកឡើងថា «លោក មីង អ៊ុង លាំង ដែលកំពុងប្រឈមនឹងការដាក់ទណ្ឌកម្មពីសំណាក់ សហគមន៍អន្តរជាតិចំពោះតួនាទីរបស់លោកនៅក្នុងអំពើឃោរឃៅខាងយោធា និងការ បង្ក្រាបដ៏ឃោរឃៅទៅលើក្រុមបាតុករដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ មិនគួរត្រូវបានស្វាគមន៍ នៅក្នុងកិច្ចប្រជុំអន្តររដ្ឋាភិបាលដើម្បីដោះស្រាយវិបត្តិ ដែលលោក មីង អ៊ុង លាំង ខ្លួនឯងជាអ្នកបានបង្កើតឡើងនោះឡើយ» ។
បើតាមលោក Tom Andrews ដែលជាប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុក ការងារប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា ដោយសារការបង្រ្កាបរបស់ក្រុមយោធាទៅលើអ្នក តវ៉ា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៧៣៨ នាក់ និងជាច្រើនពាន់នាក់ ផ្សេងទៀតត្រូវបានរបបយោធាចាប់ឃុំខ្លួន ក៏មានប្រជាជនមីយ៉ាន់ម៉ាប្រមាណ ២ សែន ៥ ម៉ឺននាក់បានធ្វើចំណាកស្រុកចាកចោលផ្ទះសម្បែងផងដែរ ។
ប្រេសិតអង្គការសហប្រជាជាតិរូបនេះ បានអំពាវនាវជាថ្មីដល់សហគមន៍អន្តរជាតិ ឱ្យមាន វិធានការជាបន្ទាន់ប្រឆាំងរបបយោធា ៕