Connect with us
Trulli

ទិដ្ឋិកថា

ទស្សនៈអប់រំ

ទិដ្ឋិកថា

ទិដ្ឋិកថា

             ទិដ្ឋិ ប្រែថា ការឃើញឬការយល់ឃើញ បានដល់ការឃើញតាមផ្លូវចិត្ត, ការយល់ឃើញរបស់មនុស្សក្នុងលោក រមែងប្រព្រឹត្តទៅផ្សេងៗគ្នា គឺការយល់ឃើញរបស់បុគ្គលខ្លះត្រូវ, ការយល់ឃើញខ្លះខុស ឬថាការយល់ឃើញខ្លះល្អ ខ្លះអាក្រក់ ទោះបីបុគ្គលខ្លះយល់ខុស ហើយមិនអាចដឹងថាខ្លួនយល់ឃើញខុស ឃើញអាក្រក់ទេ។ បុគ្គលខ្លះ ក្នុងកាលខាងដើមយល់ឃើញខុស លុះកាលជាខាងក្រោយ មានគេដឹកនាំទាញបុគ្គលអ្នកយល់ខុសនោះ ឲ្យត្រឡប់យល់ត្រូវវិញក៏មាន នៅតែយល់ខុសរហូតតទៅក៏មាន។

ការយល់ឃើញរបស់មនុស្សតាមផ្លូវចិត្តនេះមានសិទ្ធិបរិបូណ៌ដែលអាចឃាត់ឃាំងបានដោយក្រណាស់។ ពួកមនុស្សបុព្វបុរស តាំងពីសម័យមុនពុទ្ធកាល រហូតដល់មកបច្ចុប្បន្នកាលនេះ តែងមានការយល់ខ្វែងគ្នាខ្លះជាដរាប។ ការយល់ប្រទាំងគ្នានេះ ជាមូលហេតុមួយយ៉ាងធំ ដែលនាំឲ្យបែកប្រេះឆាសាមគ្គីធម៌រវាងគ្នានិងគ្នា រហូតទាល់តែមានការឈ្លោះប្រកែក ជជែកគ្នាបែកសាមគ្គីដាច់ស្រឡះពីគ្នា ព្រោះការយល់ឃើញជាមូលហេតុ។ លទ្ធិសាសនាក្នុងសកល-លោក ដែលបែកខ្ញែកកើតឡើងព្រោងព្រាត ក៏ព្រោះតែអាស្រ័យការយល់ឃើញជាប្រភព សូម្បីព្រះសម្មាសម្ពុទ្ធ ជាអគ្គបុគ្គលក្នុងលោក ទ្រង់សម្តែងធម៌ទេសនាដោយឧបាយដ៏ប្រសើរបំផុត ក៏អាចទង់ទាញបុគ្គលអ្នកយល់ខុសបាក់ផ្នត់ទាំងនោះ ឲ្យត្រឡប់យល់ត្រូវវិញបានដោយក្រ ទ្រង់ទូន្មានប្រៀនប្រដៅបានចំពោះតែបុគ្គលដែលមានឧបនិស្ស័យអាចទូន្មានបាន។

ព្រះពុទ្ធសាសនា ចាត់ទុកថាជានិយ្យានិកៈ ជាសាសនាស្រោចស្រង់ ទង់ទាញបុគ្គលអ្នកយល់ខុសឲ្យត្រឡប់យល់ត្រូវឡើងវិញ ព្រោះការយល់នេះ ជាបុព្វហេតុមួយធំណាស់, កាលបើបុគ្គលយល់ខុស រមែងប្រព្រឹត្ត ជឿកាន់ ធ្វើនិយាយ ដោយកាយ ដោយវាចា      ក៏ខុស ដោយហេតុមានការយល់តាមផ្លូវចិត្តជាប្រធាន ដែលនាំឲ្យកាយវាចាប្រព្រឹត្តខុស។ ព្រោះហេតុនេះ បានជាមានពុទ្ធភាសិត ដែលមានក្នុងគម្ពីរទីឃនិកាយ ត្រង់ព្រហ្មជាលសូត្រ សម្តែងអំពី មិច្ឆាទិដ្ឋិ (ការយល់ឃើញខុស) ជាច្រើនយ៉ាង គឺ ទិដ្ឋិ២យ៉ាងក៏មាន ទិដ្ឋិ៣យ៉ាងក៏មាន ទិដ្ឋិ១០យ៉ាងក៏មាន ទិដ្ឋិ៦២យ៉ាងក៏មាន។

ទីនេះ សូមសម្តែងវែកញែកអំពី ទិដ្ឋិ២យ៉ាងនិងទិដ្ឋិ៣យ៉ាង ដូចសេចក្តីអធិប្បាយ ដើម្បីជាសណ្តាប់នៃបុគ្គលអ្នកត្រូវការ តទៅនេះ ៖

ទិដ្ឋិ ២ យ៉ាងគឺៈ

១—ការយល់ឃើញថា ការទៀងទាត់ ហៅថា សស្សតទិដ្ឋិ

២—ការយល់ឃើញថា ដាច់សូន្យ ហៅថា ឧច្ឆេទទិដ្ឋិ

អធិប្បាយពង្រីកសេចក្តី

១—ពាក្យថា ទិដ្ឋិ ក្នុងទីនេះ បើតាមសព្ទធម្មតា ប្រែថា “ការឃើញឬការយល់ឃើញ” គឺជាពាក្យកណ្តាលៗ មិនទាន់ចាត់ថា      ជាការឃើញខុសឬឃើញត្រូវនៅឡើយទេ លុះតែបន្ថែមពាក្យថា មិច្ឆាទិដ្ឋិ ទើបប្រែថា “ការឃើញខុស, សម្មាទិដ្ឋិ ការឃើញត្រូវ” ប៉ុន្តែពាក្យថា ទិដ្ឋិក្នុងទីនេះលោកសំដៅយក មិច្ឆាទិដ្ឋិ

ទិដ្ឋិ របស់បុគ្គលដែលប្រារព្ធសង្ខារ គឺវត្ថុដែលមាននៅក្នុងលោក ព្រមទាំងជីវិតរបស់ពួកសត្វ ដែលខុសឃ្លាតចាកសម្មាទិដ្ឋិក្នុងផ្លូវពិត ចាត់ជា មិច្ឆាទិដ្ឋិទាំងអស់ ព្រោះហេតុនោះ ទិដ្ឋិទាំងពីរយ៉ាងនេះ លោកចាត់ថាជា ទិដ្ឋិអាក្រក់។ ការយល់ឃើញរបស់បុគ្គលខ្លះថា ក្នុងលោកពុំមានអ្វីសូន្យឡើយ ទាំងមនុស្សទាំងតិរច្ឆាន ដែលបែកធ្លាយរាងកាយសន្មតថា ស្លាប់ គឺស្លាប់តែរាងកាយប៉ុណ្ណោះ ចំណែកខាងមនោឬអត្តា ជាសភាវៈអណ្តែតទៅកាន់អារម្មណ៍ផ្សេងៗ មិនអាចសាបសូន្យឬស្លាប់ឡើយ។ ភាសាសំស្ក្រឹតហៅថា អាត្ម័ន ដែលប្រែថា ខ្លួនឬចិត្ត ជាធម្មជាតិរស់នៅដ៏ទៀងទាត់ឥតប្រែប្រួល, ភាសាខ្មែរធ្លាប់ហៅថា ចតុព្ភូត ជាធម្មជាតិដែលអាចត្រាច់រង្គាត់ឆ្វៀលឆ្វាត់ ចាប់បដិសន្ធិក្នុងលោក បង្កើតបានជាធាតុ៤តទៅទៀត, ប្រសិនបើពូជអាត្ម័នជាមនុស្សក៏កើតមកជាមនុស្សវិញ។ ការយល់ដូច្នេះលោកហៅថា “សស្សតទិដ្ឋិ” គឺការយល់ឃើញថា មនុស្សសត្វទៀងទាត់តាមធម្មជាតិ ឥតប្រែប្រួលបានតាមកុសលឬអកុសលឡើយ។

២—ការឃើញរបស់បុគ្គលខ្លះក្នុងលោកនេះ ដែលបដិសេធចោលនូវសេចក្តីឃើញខាងដើម ហើយយល់ឃើញថា ទាំងមនុស្សទាំងតិរច្ឆាន កាលបើអាត្ម័នឃ្លាតចាកអត្តភាពមួយហើយ ដែលហៅថា ស្លាប់ គឺស្លាប់ផុតពូជទាំងរាងកាយ ទាំងអាត្ម័ន រមែងដាច់សូន្យអស់រលីងឥតមានធម្មជាតិណាមួយទៅចាប់បដិសន្ធិក្នុងភពណាមួយបានជារូបមនុស្សសត្វឡើងទៀតទេ កាលបើស្លាប់ហើយ ឈ្មោះថា ផុតពូជអស់ហើយ, ការយល់ឃើញដូច្នេះ លោកហៅថា “ឧច្ឆេទ-ទិដ្ឋិ” គឺការយល់ឃើញថា ដាច់សូន្យ។

មិច្ឆាទិដ្ឋិ២យ៉ាង ដូចរៀបរាប់មកដោយសង្ខេបនេះ រាប់ថាជាចម្រូងចម្រាសដ៏ធំឬជាគូបដិបក្សនៃព្រះពុទ្ធសាសនា ដែលមានមកតាំងពីបុរាណកាល។

បន្ទាប់តទៅនេះ  សូមសម្តែងចំពោះមិច្ឆាទិដ្ឋិ៣ទៅទៀត។

មិច្ឆាទិដ្ឋិ ៣ យ៉ាងគឺៈ

១—ការឃើញថា  ធ្វើដូចជាមិនធ្វើ  ហៅថា  អកិរិយទិដ្ឋិ

២—ការឃើញថា  មិនមានហេតុ  ហៅថា  អហេតុកទិដ្ឋិ

៣—ការឃើញថា  មិនមាន  ហៅថា  នត្ថិកទិដ្ឋិ

ពាក្យថា ទិដ្ឋិក្នុងន័យខ្លះ មិនមានពាក្យថា មិច្ឆា នៅខាងដើមទេ មានតែត្រឹមថា ទិដ្ឋិ ប៉ុណ្ណោះ ដូចបាលីថា “ទិដ្ឋិវិបន្នោ” ប្រែថា​ “អ្នកវិបត្តិដោយទិដ្ឋិ” ឬថា “អ្នកមានទិដ្ឋិវិបត្តិ” ទិដ្ឋិក្នុងទីនេះសំដៅយក  មិច្ឆាទិដ្ឋិ។  ទិដ្ឋិសម្បន្នោ “អ្នកបរិបូណ៌ដោយទិដ្ឋិ” ឬថា  “អ្នក

មានទិដ្ឋិដល់ព្រម” នេះសំដៅ សម្មាទិដ្ឋិ

១-អកិរិយទិដ្ឋិ ការឃើញថា “បុគ្គលធ្វើអំពើល្អឬធ្វើអំពើអាក្រក់ ដោយផ្ទាល់ខ្លួនឯងក្តី ប្រើអ្នកដទៃឲ្យធ្វើក្តី មិនជាសំខាន់ប៉ុន្មានទេ កាលបើបុគ្គលបានទទួលសុខឬទទួលទុក្ខ ក៏ព្រោះតែអ្នកដទៃបានដឹងបានឃើញ គឺថា កាលបើធ្វើល្អហើយអ្នកដទៃឃើញឬ​ដឹង គេក៏រមែងសរសើរ, កាលបើធ្វើអាក្រក់ គេក៏រមែងរិះគន់តិះ​ដៀល, ចំណែកខាងការធ្វើល្អឬអាក្រក់ កាលបើអ្នកដទៃមិនឃើញ មិនដឹង ក៏ឈ្មោះថា មិនល្អមិនអាក្រក់ ឈ្មោះថា ការធ្វើនោះដូចជាមិនធ្វើ។ ទិដ្ឋិបែបនេះ បដិសេធនូវកម្មជាកុសលនិងអកុសលខាងក្នុងរបស់ខ្លួន ហើយកាន់យកបច្ច័យខាងក្រៅ ដោយអាងថា ស្រេចនឹងបុគ្គលដទៃបានឃើញដឹងឮផង ទើបរាប់ថាជាគុណជាទោស។

ការឃើញនេះ ឈ្មោះថា មិច្ឆាទិដ្ឋិ ដែលខុសអំពីគតិរបស់សេចក្តីពិត, បើតាមពុទ្ធសាសនាថា “អ្នកធ្វើអំពើល្អ-អាក្រក់ ទោះបីមានគេឃើញដឹងឮក្តី មិនមានក្តី ក៏គង់ខ្លួនឯងឃើញដឹងឮ ទាំងបានធ្វើផ្ទាល់ខ្លួនឯងផង”។ អំពើនោះឈ្មោះថាជាអំពើរបស់ខ្លួនឯង មិនបាច់មានអ្នកណាមួយសរសើរឬរិះគន់តិះដៀលឡើយ, ខ្លួនឯងក៏ត្រូវទទួលសេចក្តីរីករាយឬសេចក្តីក្តៅក្រហាយដោយខ្លួនឯង។ នេះជាសេចក្តីឃើញតាមការណ៍ពិត ដែលផ្ទុយគ្នានឹង អកិរិយទិដ្ឋិ

២-អហេតុកទិដ្ឋិ ការឃើញថា “បុគ្គលនឹងបានល្អឬបានអាក្រក់ ក៏បានដោយឯងៗ ឥតទាក់ទងដល់ការធ្វើនោះឡើយ គឺស្រេចតែនឹងគ្រោះល្អគ្រោះអាក្រក់របស់ខ្លួន, កាលបើគ្រោះល្អ ទោះ​បីធ្វើអាក្រក់ ក៏នៅតែបានល្អ, កាលបើគ្រោះអាក្រក់ ទោះបីធ្វើល្អក៏នៅតែបានអាក្រក់”។ ទិដ្ឋិនេះបដិសេធនូវមូលហេតុ គឺប្រកាន់ថាស្រេចតែនឹងគ្រោះជា គ្រោះកាចរបស់ខ្លួន។ ការឃើញបែបនេះឈ្មោះថា មិច្ឆាទិដ្ឋិ ជា អហេតុកទិដ្ឋិ គឺឃើញថា សត្វបានល្អឬអាក្រក់ដោយឥតហេតុខាងដើម។ បើតាមសេចក្តីពិត អ្នកធ្វើល្អឬអាក្រក់, ការធ្វើនោះទុកជាហេតុ, កាលបើហេតុល្អ ផលក៏ល្អ, កាលបើហេតុអាក្រក់ ផលក៏អាក្រក់ មិនបាច់អាស្រ័យគ្រោះជាទីតាំងទេ ព្រោះថា “សង្ខតធម៌ទាំងអស់ សុទ្ធតែអាស្រ័យហេតុបច្ច័យ, ផលល្អឬអាក្រក់ សុទ្ធតែកើតមកអំពីហេតុបច្ច័យទាំងអស់”។ ព្រោះហេតុនោះ បានជាមតិខាងផ្លូវពុទ្ធសាសនាបញ្ញត្តថា “ការយល់ឃើញខុសផ្ទុយអំពីសេចក្តីពិត ឈ្មោះថាជាការយល់ឃើញខុសនៅក្នុងអំណាច

នៃអវិជ្ជា ដែលជាកិលេសជាតិ នាំឲ្យប្រកាន់ដោយភាន់ច្រឡំ”។

៣-នត្ថិកទិដ្ឋិ ការឃើញថា “សត្វឬបុគ្គលមិនមានទេ គឺគ្រាន់តែជាធាតុប្រជុំគ្នា ឧបត្ថម្ភដល់គ្នាប៉ុណ្ណោះ ទោះបីធ្វើល្អឬអាក្រក់ ក៏មិនមែនជាបុណ្យជាបាបអ្វីទេ ដូចជា ទឹក, ដី, ភ្លើង, ខ្យល់ ដែលជាធាតុទំនុកបម្រុងគ្នាទៅវិញទៅមកប៉ុណ្ណោះ។ សត្វឬបុគ្គល ក៏គឺធាតុហ្នឹងឯង ឥតមានបុណ្យបាបអ្វីឡើយ។ ទិដ្ឋិបែបនេះបដិសេធបុណ្យបាបទាំងអស់ ដែលខុសអំពីគតិសេចក្តីពិត។ ការឃើញដូច្នេះឈ្មោះថា មិច្ឆាទិដ្ឋិ ជា នត្ថិកទិដ្ឋិ គឺឃើញថា “សត្វឬបុគ្គលមិនមានបុណ្យបាបទេ”។

ទិដ្ឋិដែលលោកបំបែកចេញអំពី នត្ថិកទិដ្ឋិ ជា មិច្ឆាទិដ្ឋិ មាន១០យ៉ាងទៀត  ដូចសេចក្តីរៀបរាប់តទៅនេះគឺៈ

១-នត្ថិ  ទិន្នំ  ទានដែលបុគ្គលឲ្យហើយ  មិនមានផល

២-នត្ថិ  យិដ្ឋំ  ការបូជាធំ  មិនមានផល

៣-នត្ថិ  ហុតំ  ការបូជាតូច  មិនមានផល

៤-នត្ថិ សុកដទុក្កដានំ កម្មានំ ផលំ វិបាកោ ផលឬវិបាករបស់កម្មទាំងឡាយដែលធ្វើល្អ  អាក្រក់  មិនមាន

៥-នត្ថិ  អយំ  លោកោ  លោកនេះ  មិនមាន

៦-នត្ថិ  បរោ  លោកោ  លោកដទៃ  មិនមាន

៧-នត្ថិ  មាតា  មាតាមិនមានគុណ

៨-នត្ថិ  បិតា  បិតាមិនមានគុណ

៩-នត្ថិ សត្តា ឧបបាតិកា ពួកសត្វជាឧបបាតិកៈកំណើត មិនមាន

១០-នត្ថិ សមណព្រាហ្មណា សម្មគ្គតា សម្មាបដិ-      បន្នា យេ ឥមញ្ច លោកំ បរញ្ច លោកំ សយំ អភិញ្ញា            សច្ឆិកត្វា បវេទេន្តិ ពួកសមណព្រាហ្មណ៍ប្រតិបត្តិល្អ ប្រតិបត្តិ ត្រូវ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះនិងលោកដទៃ ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង  ហើយញ៉ាំងអ្នកដទៃឲ្យដឹងបានផង  មិនមាន។

មិច្ឆាទិដ្ឋិ ទី១, ទី២, ទី៣, ទី៤ ជាទិដ្ឋិដែលពោលបដិសេធផល ទាំងខាងល្អ ទាំងខាងអាក្រក់ ដែលផ្ទុយនឹងសម្មាទិដ្ឋិ ត្រង់ការឲ្យទានក្តី ការបូជាធំនិងការបូជាតូចក្តី ដែលអាចធ្វើបានដោយកុសលចិត្ត, ការធ្វើល្អនិងការធ្វើអាក្រក់ទាំងអស់ លោកពោលថាជាតួហេតុ កាលបើហេតុល្អ ផលដែលកើតអំពីហេតុក៏ល្អ ដើម្បីសេចក្តីសុខ សេចក្តីចម្រើនដល់បុគ្គលអ្នកធ្វើ កាលបើហេតុអាក្រក់ ផលដែលកើតអំពីហេតុក៏អាក្រក់ដែរ។ ផលល្អ គឺសេចក្តីសុខ សេចក្តីចម្រើន, ផលអាក្រក់ គឺសេចក្តីទុក្ខ សេចក្តីវិនាស តែងកើតឡើងតាមស្នាមគំនូសរបស់ហេតុដោយពិត។

ទិដ្ឋិ ទី៥និងទី៦ ថា លោកនេះនិងលោកដទៃមិនមាន សេចក្តីថា សត្វក្នុងលោកនេះនិងលោកដទៃ កាលបើស្លាប់ទៅ ក៏រមែងសាបសូន្យក្នុងលោកដែលខ្លួនកើត គឺសត្វក្នុងលោកនេះ កាលបើស្លាប់មិនទៅកើតក្នុងលោកដទៃទៀតទេ ទាំងសត្វក្នុងលោកដទៃ ក៏មិនមកកើតក្នុងលោកនេះដែរ, ការយល់នេះជា ឧច្ឆេទទិដ្ឋិ

តាមសេចក្តីពិត ក្នុងគម្ពីរសំយុត្តនិកាយថា “សត្វទាំងឡាយ កាលបើស្លាប់ចាកលោកនេះហើយ រមែងទៅកើតក្នុងលោកដទៃក៏មាន ឬច្យុតចាកលោកដទៃ មកកើតក្នុងលោកនេះក៏មាន”។

ទិដ្ឋិ ទី៧និងទី៨ ថា គុណរបស់មាតាបិតា មិនមាន ឬសេចក្តីប្រណិប័តន៍ បំពេញកិច្ចកតញ្ញូកតវេទិតា ចំពោះមាតាបិតា ក៏មិនមានផល។ មិច្ឆាទិដ្ឋិកជន ដែលមានការយល់ឃើញយ៉ាងនេះ មាន    វាទៈយ៉ាងនេះ លោកពោលថាជា បុគ្គលអកតញ្ញូ អកតវេទី ចំពោះលោកអ្នកមានគុណ។

មិច្ឆាទិដ្ឋិ ទី៩ ថា ពួកសត្វជាឧបបាតិកៈកំណើត មិនមាន។   សេចក្តីពិតថា  យោគី  គឺកំណើតរបស់សត្វ  មាន៤យ៉ាងគឺៈ

១)— ជលាពុជៈ  កំណើតក្នុងគភ៌។

២)— អណ្ឌជៈ  កំណើតក្នុងស៊ុត។

៣)— សំសេទជៈ  កំណើតក្នុងទីស្មោកគ្រោក, អាប់អួ។

៤)— ឧបបាតិកៈ  កំណើតដែលអណ្តែតទៅកើត។

កំណើតសត្វទី៤នេះថា បានដល់ពួកទេវតា, សត្វនរក, ប្រេត, អសុរកាយ ដែលប៉ើងអណ្តែតទៅកើតតាមយថាកម្មភ្លាមតែម្តង មិនបាច់ចាប់បដិសន្ធិក្នុងគភ៌, ក្នុងអណ្ឌៈ ឬក្នុងទីស្មោកគ្រោកទេ គឺស្រាប់​តែកើតឯង  ធំឡើងតែម្តង។

មិច្ឆាទិដ្ឋិ ទី១០ ថា ពួកសមណព្រាហ្មណ៍ ប្រតិបត្តិល្អ ប្រតិបត្តិត្រូវ មិនមាន។ តាមសេចក្តីពិតថា លោកទាំងមូល មិនស្ងាត់សូន្យចាកសមណព្រាហ្មណ៍ទេ សូម្បីក្នុងកាលជាលង្វែក ដែលមិនមានព្រះពុទ្ធត្រាស់ដឹង ក៏អាចមានមនុស្សសប្បុរស អ្នកមានកាយវាចាចិត្តស្ងប់ចាកបាបអកុសលដែរពុំខាន។ ពាក្យថា “ពួកសមណព្រាហ្មណ៍”  ក្នុងទីនេះសំដៅយកអ្នកប្រតិបត្តិល្អ ប្រតិបត្តិត្រូវ ដើម្បីស្ងប់រម្ងាប់ ដើម្បីបន្សាត់បង់នូវបាបអកុសល។ សេចក្តីនេះឃើញថា ពួកសមណព្រាហ្មណ៍ក្នុងលោក តែងមាន មិនអាចសាបសូន្យចាកលោកឡើយ។

បើតាមសេចក្តីពិតថា សភាវធម៌ទាំងអស់ ដោយបរមត្ថនោះ ទោះបីមិនមែនជាសត្វជាបុគ្គល ប៉ុន្តែថាខន្ធទាំង៥ ដែលរួបរួមគ្នាមានឡើងសន្មតថាជាសត្វជាបុគ្គល មានថ្នាក់ ល្អ អាក្រក់ ខ្ពង់ខ្ពស់ ថោកទាប ដោយកល្យាណកម្មនិងបាបកម្ម ជាអ្នកចែកឲ្យ ទើបបុគ្គលប្រុសស្រីមានឋានៈផ្សេងៗគ្នា។ កល្យាណកម្ម គឺអំពើខាងល្អ ទំនុកបម្រុងឲ្យបានល្អ, បាបកម្ម គឺកម្មអាក្រក់ អាចចែកផលឲ្យអាក្រក់។ ការឃើញតាមសេចក្តីពិត ដែលផ្ទុយគ្នានឹង នត្ថិកទិដ្ឋិ ដូច្នេះឈ្មោះថា    កម្មស្សកតាញាណ គឺប្រាជ្ញាឃើញថា សត្វមានកម្មជារបស់ខ្លួន សមដូចពុទ្ធភាសិតថា “សព្វេ សត្តា កម្មស្សកា កម្មទាយា-  ទា កម្មយោនី កម្មពន្ធូ កម្មប្បដិសរណា យំ កម្មំ ករិស្សន្តិ កល្យាណំ វា បាបកំ វា តស្ស ទាយាទា ភវិស្សន្តិ ពួកសត្វទាំងអស់ មានកម្ម គឺបុណ្យបាបជារបស់ខ្លួន មានកម្មជាមត៌ក មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាទីពឹងពំនាក់អាស្រ័យ នឹងធ្វើនូវកម្មណា ទោះជាបុណ្យឬបាប នឹងបានជាមត៌កនៃកម្មនោះ”។

១២/៩/៦០

ព្រះមុនីកោសល  សូរ – ហាយ  វត្តឧណ្ណាលោម

អធិបតីរងនៃក្រុមជំនុំព្រះត្រៃបិដក

 

 

 

ស្រាវជ្រាវដោយៈ  ថាច់  សុតឹម

លោកអ្នកអាចទាញយកឯកសារដើម ជា PDF តំណខាងក្រោមនេះ

ទិដ្ឋិកថា

 

Continue Reading
You may also like...

More in ទស្សនៈអប់រំ

  • ទស្សនៈអប់រំ

    រឿងអ្នកស្នេហាជាតិ សាសនា មហាក្សត្រ

    By

    រឿងអ្នកស្នេហាជាតិ  សាសនា  មហាក្សត្រ ឃុនបណ្ណានុរ័ក្ស  ប៊ូ – ប៉ូ  ស្រង់ចាកតម្រាផ្សេងៗ ដកស្រង់ចេញពីទស្សនាវដ្តីកម្ពុជសុរិយា ឆ្នាំទី២៨  លេខ៣-៤  ខែមីនា-មេសា  ព.ស.២៤៩៨  គ.ស.១៩៥៦ ***  ...

  • ទស្សនៈអប់រំ

    សារាណីយធម៌

    By

    សារាណីយធម៌ ព្រះ​មហា​ចន្ទសិរី  ថាច់  សឿង ទេសនា​ដាក់​វិទ្យុ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ៨រោច  ខែ​ចេត្រ  ឆ្នាំ​ជូតសំឫទ្ធិស័ក ព.ស.២៤៩១  (២១ – ៤ – ៤៩) *** នមោ ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top