ប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី Tsai Ing-wen នៅថ្ងៃទី៩ ខែកុម្ភៈ បានថ្លែងជូនពរប្រទេសចិននៅ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដែលចូលដល់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ប៉ុន្តែថា តៃវ៉ាន់ មិនចុះញ៉មទៅនឹងសម្ពាធរបស់ប្រទេសចិនកុម្មុយនិស្តមកលើដែនកោះមួយនេះទេ ។ នេះបើ តាមសេចក្តីរាយការណ៍របស់សារព័ត៌មានរបស់ CNA ។
ថ្លែងនៅក្រោយកិច្ចប្រជុំជាមួយមន្រ្តីជាន់ខ្ពស់ផ្នែកសន្តិសុខតៃវ៉ាន់ ប្រធានាធិបតីស្រី តៃវ៉ាន់ដែលមានជំហរប្រឆាំងទៅនឹងប្រទេសចិន ថាតៃវ៉ាន់មានទំនាក់ទំនងជិតស្និទ្ធជាមួយ ប្រទេសពាក់ព័ន្ធអំពីស្ថានភាពនៃច្រកកោះតៃវ៉ាន់ ។
កោះតៃវ៉ាន់បានបំបែកចេញពីប្រទេសចិននៅក្នុងឆ្នាំ ១៩៤៩ នៅពេលដែលក្រុមកុម្មុយនិស្តដឹក នាំដោយលោក ម៉ៅ សេទុង ឡើងដឹកនាំប្រទេសចិន ។ ចាប់តាំងពីពេលនោះមក មហិច្ឆិតា របស់បក្សកុម្មុយនិស្តចិនគឺយកកោះតៃវ៉ាន់មកក្តោបក្តាប់ឡើងវិញនិងបានចាត់ទុកថាកោះនេះ គ្រាន់តែខេត្តមួយនៃទឹកដីរបស់ចិនប៉ុណ្ណោះ ។ ទីក្រុងប៉េកាំងក៏បានព្រមានជាញយដងថានឹង ប្រើកម្លាំងទ័ពវាយយកកោះតៃវ៉ាន់ក្នុងករណីដែនកោះមួយនេះប្រកាសឯករាជ្យ ។
ក្នុងរយៈពេលចុងក្រោយនេះ ប្រទេសចិនបានបង្កើនសកម្មភាពយោធារបស់ខ្លួននៅជុំវិញកោះ តៃវ៉ាន់ ដើម្បីជាការឆ្លើយតបទៅនឹងអ្វីដែលទីក្រុងប៉េកាំងហៅថាជាការគប់គិតរវាងតៃវ៉ាន់ និងទីក្រុងវ៉ាស៊ីនតុន ដែលជាអ្នកគាំទ្រធំបំផុតរបស់តៃវ៉ាន់ ។
អ្នកស្រី Tsai Ing-wen ថ្លែងថាសកម្មភាពរបស់យន្តហោះយោធានិងនាវាចំបាំងរបស់ប្រទេស ចិននៅជុំវិញកោះតៃវ៉ាន់មិនបាននាំមកនូវសន្តិភាពនិងសន្តិសុខនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនោះទេ ។
ប្រធានាធិបតីរូបនេះបន្ថែមថា តៃវ៉ាន់ចង់បានកិច្ចពិភាក្សាប្រកបដោយអត្ថន័យ ជាមួយប្រទេសចិនដោយឈរលើមូលដ្ឋានស្មើភាពគ្នា និងការគោរពគ្នាទៅវិញទៅមក ដរាបណាទីក្រុងប៉េកាំងចង់បន្ធូរបន្ថយភាពតានតឹង ។
អ្នកស្រីបញ្ជាក់ថា ៖ «សន្តិភាពច្រកសមុទ្រមិនមែនជាបញ្ហាឯកតោភាគីសម្រាប់កោះ តៃវ៉ាន់នោះទេ ។ បញ្ហាសំខាន់ៗគឺស្ថិតនៅក្នុងដៃរបស់ប្រទេសចិន ។ បទពិសោធន៍ជា ប្រវត្តិសាស្ត្របានបង្ហាញថាការវាយប្រហារដោយពាក្យសំដី និងការគំរាមកំហែងខាង យោធាប្រឆាំងនឹងកោះតៃវ៉ាន់ នឹងមិនជួយដល់ទំនាក់ទំនងឆ្លងសមុទ្រឡើយ» ។
គួរបញ្ជាក់ថា បើទោះជាមេដឹកនាំតៃវ៉ាន់និងចិនមើលមុខគ្នាមិនសូវចំ ប៉ុន្តែប្រជាជនតៃវ៉ាន់ និងចិននឹងប្រារព្ធពិធីបុណ្យចូលឆ្នាំដូចគ្នា ។
បន្ថែមទៅលើពាក្យជូនពរដល់ប្រជាជននៅក្នុងប្រទេសចិន អ្នកស្រី Tsai Ing-wen សង្ឃឹមថា តៃវ៉ាន់និងចិនអាចធ្វើការរួមគ្នាដើម្បីលើកកំពស់សន្តិភាពនិងស្ថេរភាពនៅតាមច្រកសមុទ្រ តៃវ៉ាន់ ។
មិនទាន់មានការឆ្លើយតបភ្លាមៗពីរដ្ឋាភិបាលទីក្រុងប៉េកាំងនៅឡើយ ។ ប៉ុន្តែកាលពីពេលថ្មីៗ នេះ ទីក្រុងប៉េកាំងបានច្រានចោលរួចហើយការអំពាវនាវឱ្យមានកិច្ចសន្ទនារបស់តៃវ៉ាន់ ដោយទីក្រុងប៉េកាំងចាត់ទុកអ្នកស្រី Tsai Ing-wen ថាជាជនផ្តាច់ខ្លួនដែលចង់ទាមទារឯករាជ្យ សម្រាប់កោះតៃវ៉ាន់ ។
ចំណែកពីខាងអ្នកស្រី Tsai Ing-wen វិញ តែងនិយាយថាតៃវ៉ាន់ជាប្រទេសឯករាជ្យមួយរួចទៅ ហើយ និងមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋតៃវ៉ាន់ ៕