Connect with us
Trulli

ក្រសួងសុខាភិបាល​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ ចាប់​ពី​ថ្ងៃទី១០ ខែកុម្ភៈ​

កម្ពុជា

ក្រសួងសុខាភិបាល​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ ចាប់​ពី​ថ្ងៃទី១០ ខែកុម្ភៈ​

ក្រសួងសុខាភិបាល​កម្ពុជា​ប្រកាស​ថា​ នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ពី​ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ តទៅ ។ ការប្រកាស​នេះ ធ្វើឡើង​មួយថ្ងៃ​ក្រោយពី​វ៉ាក់សាំង​ចំនួន ៦០ ម៉ឺ​នដូស​ ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ​ត្រូវ​បាន​ដឹកជញ្ជូន​មកដល់​ប្រទេស​កម្ពុជា ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាល​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី ៨ ខែកុម្ភៈ ឱ្យ​ដឹង​ថា គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នឹង​រៀបចំ​កម្មវិធី​ចាក់​វ៉ា​ក់​សំាង Sinopharm សម្រាប់​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដល់​បុគ្គល​ដែល​ជា​ឥស្សរជន​ជាន់ខ្ពស់​អាយុ​ចាប់ពី ១៨ ឆ្នាំ​ដល់ ៥៤ ឆ្នាំ ដោយ​ការ​ស្ម័គ្រចិត្ត ។

ក្រសួងសុខាភិបាល​បញ្ជាក់​ថា ពេលវេលា​នៃ​ការ​ចាក់​វ៉ា​ក់​សំាង​បង្ការ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ១០ ខែកុម្ភៈ ទៅតាម​ទីតាំង រួមមាន មន្ទីរពេទ្យ​កាល់​ម៉ែ​ត សម្រាប់​ឥស្សរជន​ជាទេ​សរ​ដ្ឋ​មន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ ឬមាន​ឋានៈ​ស្មើ ។ មន្ទីរពេទ្យ​ព្រះអង្គ​ឌួង សម្រាប់​ឥស្សរជន​ជា អនុរដ្ឋ​លេខាធិការ ឬមាន​ឋានៈ​ស្មើ ។ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត សម្រាប់​ឥស្សរជន ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត និង​មន្ទីរពេទ្យ​កុមារ​ជាតិ សម្រាប់​អ្នកសារព័ត៌មាន ។

គួរ​បញ្ជាក់​ថា នា​សន្និសីទ​សារព័ត៌មាន​នៅក្នុង​ពិធី​ប្រគល់ ទទួលអំណោយ​វ៉ាក់សាំង SARS​-CoV​-2 (Sinopharm​) ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចំនួន ៦០ ម៉ឺ​នដូស នៅ​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃទី ៧ ខែកុម្ភៈ លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ថា អ្នក សារព័ត៌មាន​គឺជា​បុគ្គល​អាទិភាព ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​-១៩ ផង​ដែរ ។

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ថា ប្រទេស​ចិន​ផ្តល់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ ចំនួន ១ លា​នដូស ។ ចំណែក​វ៉ាក់សាំង​ចំនួន ៤០ ម៉ឺន​ដូ​សទៀ​តនឹង​ត្រូវ​ដឹកជញ្ជូន​មក​កម្ពុជា​ជាបន្តបន្ទាប់​នៅ ពេលក្រោយ ។

មតិ​ខ្លះ​រិះគន់​ថា រដ្ឋាភិបាល​មិន​គួរ​ទទួលយក​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ របស់​ប្រទេស​ចិន​ឈ្មោះ Sinopharm នោះ​ទេ ដោយហេតុថា​វ៉ាក់សាំង​នេះ មិនទាន់​ត្រូវ​បាន​ប្រកាស​ទទួលស្គាល់​ដោយ អង្គការសុខភាព​ពិភពលោក (WHO​) នៅឡើយ​ទេ ។ ប៉ុន្តែ ​ក្រសួងសុខាភិបាល​កម្ពុជា ​កាលពី​ថ្ងៃទី ៤ ខែកុម្ភៈ បាន​ចេញ​សេចក្តី​ប្រកាស​អនុញ្ញាតិ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​វ៉ាក់សាំង Sinopharm Covid​-19 ដែល​ផលិត​ដោយ​វិទ្យ​ស្ថាន Beijing Institute of Biological Products Co​., Ltd នៃ​ប្រទេស​ចិន ដោយ​ក្រសួង​អះអាង​ថា វ៉ា​ក់​សំា​ងនេះ​ត្រូវ​បាន​ប្រើប្រាស់​ប្រកបដោយ សុវត្ថិភាព​នៅក្នុង​ប្រទេស​ចិន និង​ប្រទេស​មួយចំនួន​ក្នុង​លក្ខខណ្ឌ​នៃ​ការប្រើ​ប្រាស់​ជាបន្ទាន់ (Emergency Use Authorization​) ។

លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​នៅ​ថ្ងៃទី ៥ ខែកុម្ភៈ ថា នឹង​មិន​ចូលរួម​ចាក់ វ៉ា​ក់​សំាង Sinopharm នៅ​ថ្ងៃទី ១០ ខែកុម្ភៈ ឡើយ ដោយ​លោក​បញ្ជាក់​ថា​លោក​បាន​ទទួលព័ត៌មាន តាមរយៈ​ក្រសួងសុខាភិបាល ដែល​បាន​ទទួលលិខិត​ផ្លូវការ​ពី​ការិយាល័យ​នៃ ទីប្រឹក្សា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ប្រចាំ​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​ដែល​បញ្ជាក់​ថា វ៉ាក់សាំង ឈ្មោះ Sinopharm ចាក់​បានតែ​មនុស្ស​មាន​អាយុ​ពី ១៨ ឆ្នាំទៅ ៥៩ ឆ្នាំ​តែប៉ុណ្ណោះ ។ ចំណែក​លោក មាន​អាយុ​ជាង ៦៨ ឆ្នាំទៅ​ហើយ ដូច្នេះ​គឺ​មិនទាន់​អាច​ចាក់​បាន​នៅឡើយ​ទេ ៕

Continue Reading
You may also like...

More in កម្ពុជា

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top