Connect with us
Trulli

តៃវ៉ាន់​ជូនពរ​ចិន​ក្នុង​ពេល​ចូលឆ្នាំ​ថ្មី​តែថា​មិន​ឱនក្បាល​នឹង​សម្ពាធ​របស់​ចិន​ឡើយ​

អាស៊ី

តៃវ៉ាន់​ជូនពរ​ចិន​ក្នុង​ពេល​ចូលឆ្នាំ​ថ្មី​តែថា​មិន​ឱនក្បាល​នឹង​សម្ពាធ​របស់​ចិន​ឡើយ​

ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី Tsai Ing​-wen នៅ​ថ្ងៃទី៩ ខែកុម្ភៈ បាន​ថ្លែង​ជូនពរ​ប្រទេស​ចិន​នៅ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ដែល​ចូល​ដល់​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃខាងមុខ​នេះ ប៉ុន្តែ​ថា តៃវ៉ាន់ មិន​ចុះញ៉ម​ទៅ​នឹង​សម្ពាធ​របស់​ប្រទេស​ចិន​កុម្មុយនិស្ត​មក​លើ​ដែន​កោះ​មួយ​នេះ​ទេ ។ នេះ​បើ តាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន​របស់ CNA ។

 

ថ្លែង​នៅ​ក្រោយ​កិច្ចប្រជុំ​ជាមួយ​មន្រ្តី​ជាន់ខ្ពស់​ផ្នែក​សន្តិសុខ​តៃវ៉ាន់ ប្រធានាធិបតី​ស្រី តៃវ៉ាន់​ដែល​មាន​ជំហរ​ប្រឆាំង​ទៅ​នឹង​ប្រទេស​ចិន ថា​តៃវ៉ាន់​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ ប្រទេស​ពាក់ព័ន្ធ​អំពី​ស្ថានភាព​នៃ​ច្រក​កោះ​តៃវ៉ាន់ ។

កោះ​តៃវ៉ាន់​បាន​បំបែកចេញ​ពី​ប្រទេស​ចិន​នៅក្នុង​ឆ្នាំ ១៩៤៩ នៅពេល​ដែល​ក្រុម​កុម្មុយនិស្ត​ដឹក នាំ​ដោយ​លោក ម៉ៅ សេ​ទុង ឡើង​ដឹកនាំ​ប្រទេស​ចិន ។ ចាប់តាំងពី​ពេលនោះ​មក មហិ​ច្ឆិ​តា របស់​បក្ស​កុម្មុយនិស្ត​ចិន​គឺ​យក​កោះ​តៃវ៉ាន់​មក​ក្តោប​ក្តាប់​ឡើងវិញ​និង​បាន​ចាត់ទុកថា​កោះ​នេះ គ្រាន់តែ​ខេត្ត​មួយ​នៃ​ទឹកដី​របស់​ចិន​ប៉ុណ្ណោះ ។ ទីក្រុង​ប៉េកាំង​ក៏បាន​ព្រមាន​ជា​ញយដង​ថា​នឹង ប្រើ​កម្លាំងទ័ព​វាយ​យក​កោះ​តៃវ៉ាន់​ក្នុងករណី​ដែន​កោះ​មួយ​នេះ​ប្រកាស​ឯករាជ្យ ។

ក្នុងរយៈពេល​ចុងក្រោយ​នេះ ប្រទេស​ចិន​បាន​បង្កើន​សកម្មភាព​យោធា​របស់​ខ្លួន​នៅ​ជុំវិញ​កោះ តៃវ៉ាន់ ដើម្បី​ជា​ការ​ឆ្លើយតបទៅនឹង​អ្វី​ដែល​ទីក្រុង​ប៉េកាំង​ហៅថា​ជា​ការ​គប់គិត​រវាង​តៃវ៉ាន់ និង​ទីក្រុង​វ៉ា​ស៊ីន​តុន ដែល​ជា​អ្នកគាំទ្រ​ធំ​បំផុត​របស់​តៃវ៉ាន់ ។

អ្នកស្រី Tsai Ing​-wen ថ្លែង​ថាស​កម្ម​ភាព​របស់​យន្តហោះ​យោធា​និង​នាវា​ចំបាំង​របស់​ប្រទេស ចិន​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​មិនបាន​នាំមក​នូវ​សន្តិភាព​និង​សន្តិសុខ​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នោះ​ទេ ។

ប្រធានាធិបតី​រូប​នេះ​បន្ថែម​ថា តៃវ៉ាន់​ចង់បាន​កិច្ចពិភាក្សា​ប្រកបដោយ​អត្ថន័យ ជាមួយ​ប្រទេស​ចិន​ដោយ​ឈរ​លើ​មូលដ្ឋាន​ស្មើភាព​គ្នា និង​ការគោរព​គ្នា​ទៅវិញទៅមក ដរាបណា​ទីក្រុង​ប៉េកាំង​ចង់​បន្ធូរបន្ថយ​ភាព​តានតឹង ។

អ្នកស្រី​បញ្ជាក់​ថា ៖ «សន្តិភាព​ច្រកសមុទ្រ​មិនមែន​ជា​បញ្ហា​ឯកតោភាគី​សម្រាប់​កោះ តៃវ៉ាន់​នោះ​ទេ ។ បញ្ហា​សំ​ខាន់​ៗគឺ​ស្ថិតនៅ​ក្នុង​ដៃ​របស់​ប្រទេស​ចិន ។ បទពិសោធន៍​ជា ប្រវត្តិសាស្ត្រ​បាន​បង្ហាញថា​ការវាយប្រហារ​ដោយ​ពាក្យសំដី និង​ការ​គំរាមកំហែង​ខាង យោធា​ប្រឆាំង​នឹង​កោះ​តៃវ៉ាន់ នឹង​មិន​ជួយ​ដល់​ទំនាក់ទំនង​ឆ្លង​សមុទ្រ​ឡើយ» ។

គួរ​បញ្ជាក់​ថា បើ​ទោះជា​មេដឹកនាំ​តៃវ៉ាន់​និង​ចិន​មើល​មុខ​គ្នា​មិនសូវ​ចំ ប៉ុន្តែ​ប្រជាជន​តៃវ៉ាន់ និង​ចិន​នឹង​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ដូចគ្នា ។

បន្ថែម​ទៅលើ​ពាក្យ​ជូនពរ​ដល់​ប្រជាជន​នៅក្នុង​ប្រទេស​ចិន អ្នកស្រី Tsai Ing​-wen សង្ឃឹមថា តៃវ៉ាន់​និង​ចិន​អាច​ធ្វើការ​រួមគ្នា​ដើម្បី​លើក​កំពស់​សន្តិភាព​និង​ស្ថេរ​ភាព​នៅ​តាម​ច្រកសមុទ្រ តៃវ៉ាន់ ។

មិនទាន់​មានការ​ឆ្លើយ​តប​ភ្លាម​ៗពី​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​នៅឡើយ ។ ប៉ុន្តែ​កាលពី​ពេល​ថ្មី​ៗ នេះ ទីក្រុង​ប៉េកាំង​បាន​ច្រានចោល​រួចហើយ​ការ​អំពាវនាវ​ឱ្យ​មាន​កិច្ច​សន្ទនា​របស់​តៃវ៉ាន់ ដោយ​ទីក្រុង​ប៉េកាំង​ចាត់ទុក​អ្នកស្រី Tsai Ing​-wen ថា​ជា​ជន​ផ្តាច់​ខ្លួន​ដែល​ចង់​ទាមទារ​ឯករាជ្យ សម្រាប់​កោះ​តៃវ៉ាន់ ។

ចំណែក​ពី​ខាង​អ្នកស្រី Tsai Ing​-wen វិញ តែង​និយាយ​ថា​តៃវ៉ាន់​ជា​ប្រទេស​ឯករាជ្យ​មួយ​រួច​ទៅ ហើយ និង​មានឈ្មោះ​ជា​ផ្លូវការ​ថា សាធារណរដ្ឋ​តៃវ៉ាន់ ៕

Continue Reading
You may also like...

More in អាស៊ី

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top