Connect with us
Trulli

សារាណីយធម៌

ទស្សនៈអប់រំ

សារាណីយធម៌

សារាណីយធម៌

ព្រះ​មហា​ចន្ទសិរី  ថាច់  សឿង

ទេសនា​ដាក់​វិទ្យុ​ប្រទេស​កម្ពុជា

កាល​ពី​ថ្ងៃ៨រោច  ខែ​ចេត្រ  ឆ្នាំ​ជូតសំឫទ្ធិស័ក

ព.ស.២៤៩១  (២១ – ៤ – ៤៩)

***

នមោ  តស្ស  ភគវតោ  អរហតោ  សម្មាសម្ពុទ្ធស្ស។

“​សូម​នមស្ការ​ចំពោះ​ព្រះភគវន្តមុនី​អរហំ​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​នោះ​ (​ព្រមទាំង​ព្រះធម៌​និង​ព្រះ​អរិយសង្ឃ​ដោយ​គោរព​)”​។​

​ត​អំ​ពីនេះទៅ​ ​សូម​សម្តែង​ ​សារាណីយ​ធម៌​ ​ផ្សាយ​តាម​វិទ្យុឧគ្ឃោសនសព្ទ​ ​តាម​សមគួរ​ដល់​កាល​វេលា​។​

​ពាក្យ​ថា​ “​សារាណីយ​ធម៌​” ​នេះ​ ​ប្រែ​ថា​ “​ធម៌​ដែល​បុគ្គល​គប្បី​រ​ឭ​ក​” ​ចែកចេញជា​មេ​មាតិកា​មាន​៦​យ៉ាង​ គឺៈ

​១​—​កាយ​កម្ម​ប្រកបដោយ​មេត្តា​,

​២​—​វចីកម្ម​ប្រកបដោយ​មេត្តា​,

​៣​—​មនោ​កម្ម​ប្រកបដោយ​មេត្តា​,

​៤​—​ចែក​លាភ​ដែល​បាន​មក​ដោយ​ធម៌​ដល់​គ្នីគ្នា​,

​៥​—​រក្សាសីល​ឲ្យ​បរិសុទ្ធ​ស្មើគ្នា​,

​៦​—​បញ្ញា​យល់ឃើញ​ត្រូវគ្នា​។​

​សូម​លើ​យ​យក​បទ​មាតិកា​មួយម្ដងៗ​ ​មក​អធិប្បាយ​ពង្រីក​សេចក្ដី​ដូចតទៅ​នេះ​ ​៖​

​កាយ​កម្ម​ប្រកបដោយ​មេត្តា​ —​មុននឹង​អធិប្បាយ​បទ​មាតិកា​នេះ​ ​សូម​ដក​យកពាក្យ​ “​មេត្តា​” ​មក​ប្រែ​និង​អធិប្បាយ​ជា​តួយ៉ាង​ខាងដើម​សិន​។​

​មេត្តា​ ​ប្រែ​ថា​ “​មេត្រី​, ​សេចក្ដី​ស្និទ្ធ​, ​ការ​រាប់អាន​, ​សេចក្ដី​ស្រឡាញ់​, ​ធម្មជាតិ​ដែល​មាន​ក្នុង​មិត្រ​ឬ​ប្រព្រឹត្តទៅ​ដល់​មិត្រ​”​។​ ​បើ​ ​សម្តែង​តាម​លក្ខណៈ​, ​កិច្ច​, ​ផល​និង​អាសន្ន​ហេតុ​វិញ​ ​មេត្តា​នេះ​មាន​ការប្រព្រឹត្ត​ទៅ​ដោយ​អាការ​ជា​ប្រយោជន៍​ ​ជា​លក្ខណៈ​ (​គ្រឿង​កំ- ​ណ​ត់​កត់​សម្គាល់​), ​មានការ​ប្រមូល​ទុក​នូវ​ប្រយោជន៍​ជា​កិច្ច​ (​ភ្នាក់ងារ​ភារៈ​), ​មានការ​ក​ម្ចាត់​បង់​នូវ​គំនុំ​គុំកួន​ជា​ផល​, ​មានការ​ឃើញ​នូវ​ស​-​ភាពជា​ទីគាប់ចិត្ត​ពេញ​ប្រាថ្នា​នៃ​សត្វ​ទាំងឡាយ​ជា​អាសន្ន​ហេតុ​។​

​កាយ​កម្ម​ប្រកបដោយ​មេត្តា​នេះ​ ​មាន​អត្ថាធិប្បាយ​ថា​ ​មនុស្ស​និករ​គ្រប់​ជាតិ​-​ភាសា​ ​ដែល​ឧប្បត្តិ​ឡើង​ក្នុង​ភាជនលោក​ទាំងមូល​នេះ​ ​ទោះ​រួម​សញ្ជាតិ​ ​រួមភេទ​ ​រួម​ទីលំនៅ​ភូមិឋាន​ស្រុកទេស​ជាមួយគ្នា​ក៏ដោយ​ ​ផ្សេងគ្នា​ក៏ដោយ​ ​សុទ្ធតែ​មានការ​ប្រស្រ័យ​ជាប់​ទាក់ទង​រកគ្នា​ជាដរាប​។​ ​គ្មាន​នរ​ណាមួយ​កើតមក​រស់នៅ​ទោល​តែឯកឯង​ ​ដោយ​គ្មាន​ការ​ប្រស្រ័យ​រកគ្នា​ទេ​។​ ​ឯ​គោលការណ៍​ប្រស្រ័យ​គ្នា​ ​មានត្រឹមតែ​៣​យ៉ាង​គឺៈ ​១​-​ខាង​ផ្លូវ​កាយ​, ​២​-​ខាង​ផ្លូវ​សម្តី​, ​៣​-​ខាង​ផ្លូវចិត្ត​។​

​ចំពោះ​មាតិកា​នេះ​, ​ខ​សំខាន់​បំផុត​ ​ជន​រួម​សញ្ជាតិ​ភាសា​ ​រួម​លទ្ធិ​និង​វត្តប្រតិបត្តិ​ដូចគ្នា​ ​ត្រូវធ្វើ​ជាដាច់ខាត​។​ ​កិច្ចការ​ទាំងពួង​តាំងពី​ការងារ​តូចតាច​បន្តិចបន្តួច​ ​មានការ​ថែ​ស​ម្អា​ត​ជួសជុល​ទីលំនៅ​ជាដើម​រហូតដល់​ការងារ​ធំ​ៗ​, ​កាលបើ​កើតឡើង​ក្នុង​ពួក​ក្រុម​នីមួយៗ​ហើយ​មិន​ត្រូវធ្វើ​កាយ​ឲ្យ​រឹងគាំង​ឬ​មើល​នឹង​ភ្នែក​ ​ចិត្ត​ព្រងើយកន្តើយ​ឥត​រវីរវល់​ទេ​ ​ត្រូវ​នាំគ្នា​ខ្នះខ្នែង​យកចិត្តទុកដាក់​ ​ចាប់​នេះ​លើក​នោះ​ជ្រោមជ្រែង​ធ្វើ​កិច្ចការ​នោះ​ៗ​ ​លុះត្រាតែ​បាន​សម្រេច​។​

​ម្យ៉ាងទៀត​ ​ពួក​ជន​ដែល​រួម​សង្គម​ជាមួយគ្នា​ ​មាន​រោគាពាធ​បៀតបៀន​ ​ទោះ​ធ្ងន់​ក្ដី​ ​ស្រាល​ក្ដី​ ​មិន​ត្រូវ​ដំងើច​ ​មើលបំណាំ​ទេ​ ​ត្រូវ​នាំគ្នា​ឈឺឆ្អាល​ ​ចាត់ចែង​ទឹកក្ដៅ​ទឹក​ត្រជាក់​ ​រក​ថ្នាំសង្កូវ​មក​បុក​ដុសលាប​ស្រឡាប​គក់ច្របាច់​រឹតរួត​ពួត​សរសៃ​ដៃជើង​ ​បោក​គក់​លាង​ ​ស​ម្លៀ​ក​បំពាក់​និង​សេនាសនៈ​នៃ​អ្នក​ជម្ងឺ​ឲ្យ​ស្អាតបាត​ជាដើម​។​ ​ការ​បម្រើ​ជម្ងឺ​នេះ​ ​គួរ​យកតម្រាប់​ព្រះបរមគ្រូ​របស់យើង​ ​កាល​ព្រះអង្គ​ថែទាំ​ជម្ងឺ​ភិក្ខុ​មួយ​រូប​ឈ្មោះ​បូ​តិ​គ​ត្តតិស្សៈ ​ដោយ​ព្រះហស្ដ​ព្រះអង្គ​ ​ជា​តួយ៉ាង​។​

​មនុស្ស​ណា​ដែល​នៅ​ក្នុង​ពួក​ក្រុម​ជាមួយគ្នា​ ​មិន​រវីរវល់​មិន​អើពើ​ធ្វើ​ដៃជើង​ឲ្យ​គាំង​ដូច​ស្លាប់​ ​ធ្ងន់​ដូច​ថ្មភ្នំ​លើក​ក​ម្រើ​ក​មិន​រួច​ ​ងាប់​ស្ដូក​ដូច​ដង្គត់ឈើ​ ​ក្នុង​ពេល​មាន​កិច្ច​រវល់​កើតឡើង​ក្នុង​ពួក​ ​គណៈ​របស់​ខ្លួន​, ​មនុស្ស​នោះ​ ​នឹង​ទៅជា​អ្នក​ខ្វះ​មិត្រ​ ​ខ្វះ​ការ​រាប់អាន​ ​រស់នៅ​កំព្រា​ទោល​តែឯង​។​ ​ទីបំផុត​ ​គ្មាន​ហេតុអ្វី​ដទៃ​ ​ក្រៅពី​ការ​ក្រៀម​មុខ​ ​ដេក​គង​ដៃ​លើ​ថ្ងាស​កើតទុក្ខ​ ​តូចចិត្ត​តឹងទ្រូង​ ​ថ្ងូរ​តែម្នាក់ឯង​ ​ក្នុង​ពេល​មាន​ទុក្ខធុរៈ​កើតឡើង​ចំពោះខ្លួន​នោះ​ទេ​។​ ​ការ​យកចិត្តទុកដាក់​ ​ជួយ​ផ្ដល់​ធុរៈ​គ្នា​ដោយ​មេត្រីចិត្ត​ ​តែង​ជួបប្រទះ​នឹង​គំនរ​សេចក្ដី​សុខ​ចម្រើន​ ​ដូច​មាន​ភាសិត​សម្តែង​ទុក​ថា​ ​អត្ថ​ម្ហិ ​ជាត​ម្ហិ ​សុខា​ ​ស​ហា​យា​ “​កាលបើ​មាន​កិច្ច​រវល់​កើតឡើង​ ​មិត្រសម្លាញ់​ឬ​គ្នីគ្នា​ទាំងឡាយ​ ​តែង​នាំ​សេចក្ដី​សុខ​មក​ឲ្យ​”​។​

​វចីកម្ម​ប្រកបដោយ​មេត្តា​ —​មាន​អធិប្បាយ​ថា​ ​សម្តី​សំ​-​ដៅ​ដែល​ត្រូវ​និយាយទៅ​កាន់​បុគ្គល​ដទៃ​ ​ក្នុង​សង្គម​ជាមួយគ្នា​ម្ដងៗ​ ​គួរ​ប្រើ​វាចា​ល្អ​ ​ប្រកបដោយ​សេចក្ដី​ពន្យល់​អាង​ហេតុផល​ ​មានការ​ប្រាប់ប្រង​ទាញ​គោលការណ៍​ពិត​មក​លាតត្រដាង​ឲ្យ​ឃើញ​ ​ដាស់តឿន​ចង្អុល​ប្រាប់​គុណ​ទោស​, ​ល្អ​អាក្រក់​, ​ត្រូវ​ខុស​, ​ហេតុ​មានប្រយោជន៍​ឥតប្រយោជន៍​ ​ក្នុង​បច្ចុប្បន្ន​និង​បរលោក​ជាដើម​។​ ​ពេល​និយាយ​សោត​ទៀត​ ​គួរ​និយាយ​ឲ្យ​សមរម្យ​តាម​គោលចារឹក​លក្ខណៈ​របស់​វាចា​ល្អ​ទាំង​៥​យ៉ាង​ គឺៈ

​១​-​ពោល​ពាក្យ​តាមកាល​គួរ​ ​សេចក្ដី​ថា​មុននឹង​និយាយ​គួរ​ពិចារណាមើល​ថា​ ​ពេលនេះ​ ​គួរ​អាត្មា​អញ​និយាយ​បាន​ឬ​មិនបាន​, ​បើ​ឃើញ​ថា​គួរ​និយាយ​ក៏​និយាយ​ ​បើ​មិនគួរ​ទេ​ក៏​ឈប់​ស្ងៀម​។​

​២​-​ពោល​ពាក្យសច្ចៈ​ ​សេចក្ដី​ថា​ ​សម្ដី​ណា​មិន​រើរុះ​ ​មិន​សា​ដើម​ ​មិន​កែប្រែ​ជា​ថ្មីទៀត​ ​ជា​សម្ដី​មិន​មាន​ពីរ​ ​ពោល​ទៀងទាត់​ពិតមែន​ ​ហៅថា​ពាក្យសច្ចៈ​។​ ​សម្ដី​ដែល​យើង​និយាយ​ក្នុង​ទី​សន្និបាត​ ​ម្ដងៗ​ ​មិនមែន​ចេញ​ផុត​ពី​មាត់​ភ្លាម​ ​ហើយ​រសាត់​បាត់​ទៅតាម​រលកធាតុអាកាស​ទេ​ ​ទៀងតែនឹង​ចូល​ទៅកាន់​ត្រចៀក​បុគ្គល​ដទៃ​ជា​ប្រា​-​ក​ដ​។​ ​ហេតុនោះ​អ្នក​និយាយ​ ​ត្រូវ​ស្វែងរក​ការពិត​ឲ្យ​ឃើញ​ ​សឹម​ហាមាត់​និយាយ​។​ ​បើ​ហេតុផល​មិន​ពិត​ទេ​ ​ស៊ូទ្រាំ​ស្ងៀម​ ​បិទ​ប្រអប់មាត់​ឲ្យ​ជិត​ល្អ​​​ជាង​។​ ​ពាក្យ​សម្ដី​ពិត​ត្រង់​ ​អាច​ធ្វើ​មនុស្ស​ឲ្យ​មាន​តម្លៃ​បាន​ ​ទើប​មាន​ពាក្យបុរាណ​ភាសិត​ថា​ “​ស៊ូ​បង់ទ្រព្យ​កុំឲ្យ​បង់​សម្ដី​, ​មនុស្ស​គេ​យក​សម្ដី​ ​ដំរី​គេ​យក​ភ្លុក​, ​ស្ងៀម​ជាជាង​ស្រដី​, ​អណ្ដាត​ជាអាទិ៍​កន្លង​ ​បាន​សុខទុក្ខ​ផង​ពីព្រោះ​អណ្ដាត​”​។​ ​អ្នកប្រាជ្ញ​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​ ​ប្រកបដោយ​វិចារ​ណ​ប្បញ្ញា ​ឈ្វេងយល់​ឃើញ​ ​គុណានិសង្ស​នៃ​ពាក្យសច្ចៈ​ ​ទើប​ប្រកាសសេចក្ដី​ពិត​ថា​ ​៖​

​សច្ចំ​ វេ ​អម​តា​ ​វាចា​ ​ឯ​ស​ ​ធ​ម្មោ ​សន​ន្តនោ

​ស​ច្ចេ ​អ​ត្ថេ ​ច​ ​ធ​ម្មេ ​ច​ ​អ​ហុ ​ស​ន្តោ ​បតិ​ដ្ឋិ​តា​។​

“​គួរឲ្យ​សរសើរ​ពេក​ ​ពាក្យពិត​ជា​ពាក្យ​មិន​ចេះ​ស្លាប់​, ​ធម៌​នេះ​ជា​ប្រវេណី​មាន​មក​តាំងពី​បុរាណ​, ​សប្បុរស​ទាំងឡាយ​ ​បាន​តាំងនៅ​ក្នុង​ហេតុ​និង​ផល​ដ៏​ពិត​ត្រង់​”​។​

​មួយ​យ៉ាង​ទៀត​ ​ពាក្យសច្ចៈ​នេះ​ ​អាចឲ្យ​ផល​ប្រចក្ស​ជាក់ស្ដែង​ក្នុង​បច្ចុប្បន្ន​ទាន់ភ្នែក​ឃើញ​ ​គឺ​អាច​ការពារ​ជីវិត​ខ្លួន​និង​ក្រុម​គ្រួសារ​ឲ្យ​ផុត​អំពី​មរណភាព​បាន​, ​តួ​យ៉ាងដូច​អធិមុត្ត​ក​សាមណេរ​និង​មហា​សុ-​ត​សោម​បណ្ឌិត​ជាដើម​។​ ​បានជា​មាន​ភាសិត​ ​ក្នុង​កិន្នរ​វត្ថុ​ ​អដ្ឋកថា​ ​ត​ក្ការិ​យ​ជាតក​ ​ក្នុង​តេ​រស​និបាត​ ​ប្រកាស​ទុក​មក​​​ថា​ ​៖​

​ត​ស្មា​ ​មរណ​តោ​ មោក្ខំ ​ប​ត្ថ​យ​ន្តេ​ន​ ​ជ​ន្តុ​នា​

​ប​ហាយ​ ​អ​លិកំ ​សច្ចំ​ ​ភាសិត​ព្វំ ​សុធី​ម​តា​។​

“​ព្រោះ​ហេតុនោះ​ ​សត្វ​ដែល​មាន​ប្រាជ្ញា​ល្អ​ ​កាល​ប្រាថ្នា​ឲ្យ​ផុត​អំពី​ម​រណៈ​ ​ត្រូវ​លះបង់​ពាក្យ​ឡេះឡោះ​ចោល​ ​ហើយ​ពោល​តែ​ពាក្យពិត​ចុះ​”​។​

​៣​-​ពោល​ពាក្យ​ស្រទន់​ផ្អែមល្ហែម​ ​គឺ​និយាយ​ពាក្យ​ពីរោះ​ល្អ​ ​នាំឲ្យ​អ្នកស្ដាប់​កើត​សេចក្ដី​ជ្រះថ្លា​សោមនស្ស​បាន​។​

​៤​-​ពោល​ពាក្យ​ប្រកបដោយ​ប្រយោជន៍​ ​គឺ​ពាក្យ​ពោល​ពន្យល់​ប្រាប់​ហេតុផល​និង​ការខុសត្រូវ​ក្នុង​បច្ចុប្បន្ន​និង​បរលោក​, ​ការ​និយាយ​ទូន្មាន​ ​ឲ្យ​ចេះ​រៀបចំខ្លួនប្រាណ​មាន​របៀបរៀបរយ​គ្រប់​ឥ​រិ-​យា​បថ​ទាំងបួន​ ​ស្លៀក​ដណ្ដប់​បិទបាំង​រាងកាយ​និង​ដាស់​គំនិត​ឲ្យដឹង​ការខុសត្រូវ​ជ្រៅរាក់​, ​ការ​និយាយ​ពន្យល់​ប្រាប់​ប្រយោជន៍​ខាង​ក​សិ-​កម្ម​, ​ឲ្យ​ខំ​ព្យាយាម​ប្រឹងប្រែង​ស្វែងរក​ទ្រព្យសម្បត្តិ​ ​ដោយ​ការភ្ជួររាស់​កាប់គាស់​កកាយ​ធរណី​ ​បណ្ដុះ​ដាំស្រូវ​, ​ពោត​, ​សណ្ដែក​, ​ល្ង​និង​ដំ​-ណាំ​នានា​ជា​បុព្វន្នជាតិ​និង​អប​រ​ន្ន​ជាតិ​ក្ដី​ ​ខាង​ពាណិជ​កម្ម​ ​ផ្លូវជំនួញ​ជួញ​លលក់​ទាំង​២​ពួក​គឺ​ ​ជង្ឃ​ពាណិជ​ (​ឈ្មួញ​ស​ម្ពា​យ​), ​សក​ដ​ពា-ណិ​ជ​ (​ឈ្មួញ​ទូករទេះ​កប៉ាល់​និង​ឈ្មួញ​ធម្មតា​តាម​ផ្ទះផ្សារ​) ​ក្ដី​ ​ហៅថា​ពោល​ពាក្យ​ប្រកបដោយ​ប្រយោជន៍​។​ ​មួយ​យ៉ាង​ទៀត​ ​ការ​និយាយ​សរសើរ​គុណសម្បត្តិ​វិទ្យាសាស្ត្រ​ដាស់​គំនិត​អ្នកស្ដាប់​ឲ្យ​ចូលចិត្ត​ស្រ​-​ឡាញ់​ការសិក្សា​រៀនសូត្រ​ដោយ​ន័យ​ថា​ ​នែ​កុមារាកុមារី​ទាំងឡាយ​ ! ​វិទ្យា​ឬ​សាស្ត្រ​ក្នុង​លោក​នេះ​ច្រើន​ណាស់​ ​តែ​បើ​បំ​ប្រួញ​ឲ្យ​ខ្លី​មក​មានត្រឹមតែ​៥​យ៉ាង​គឺ​ ​នីតិ​វិជ្ជា​ ​បាន​ដល់​វិជ្ជា​ខាង​ការសិក្សា​រៀនសូត្រ​អក្សរសាស្ត្រ​ ​លេខ​នព្វ​ន្ធ ​គុណ​ហា​ជាដើម​១​, ​យន្តវិជ្ជា​ ​បាន​ដល់​ ​វិជ្ជា​ខាងគ្រឿងចក្រ​យន្ត​ (​គ្រឿងម៉ាស៊ីន​) ​ទាំងអស់​១​, ​វេជ្ជវិជ្ជា​ ​បាន​ដល់​វិជ្ជាពេទ្យ​ហ្ម​ចេះ​មន្តអាគម​ឬ​ពេទ្យ​ផ្សំថ្នាំ​១​, ​រដ្ឋ​វិជ្ជា​ ​បាន​ដល់​វិជ្ជា​ខាង​ផ្លូវច្បាប់​សម្រាប់​ប្រទេស​១​, ​យុទ្ធ​វិជ្ជា​ ​បាន​ដល់​វិជ្ជា​ច​ម្បាំ​ង​១​ ​បណ្ដា​វិជ្ជា​ឬ​សាស្ត្រ​ទាំង​៥​យ៉ាងនេះ​ ​សុទ្ធតែ​មានប្រយោជន៍​សម្រាប់​ខ្លួន​និង​ប្រទេសជាតិ​ទាំងអស់​, ​វិជ្ជា​មិនដែល​អាក្រក់​ទេ​ ​មានតែ​មនុស្ស​ទេតើ​ទើប​អាក្រក់​, ​អ្នក​ត្រូវ​ខំ​ប្រឹងប្រែង​សិក្សា​ ​ខាំមាត់​អត់ធន់​តស៊ូ​នឹង​សេចក្ដីទុក្ខ​លំបាក​គ្រប់យ៉ាង​ ​ប្តូរ​យក​វិជ្ជាសម្បត្តិ​ណាមួយ​ឲ្យបាន​ ​ទាន់​ខ្លួន​អ្នក​កំពុង​តាំងនៅ​ក្នុង​យោ​ព្វ​ន​វ័យ​ដើម្បីនឹង​កែខ្លួន​អ្នកឲ្យ​ជា​មនុស្សម្នាក់​ ​ឋិតនៅ​ក្នុង​ឋានៈ​ដ៏​ខ្ពង់ខ្ពស់​ ​ព្រមទាំង​លើកស្ទួយ​ប្រទេសជាតិ​មាតុភូមិ​អ្នកឲ្យ​មាន​តម្លៃ​ ​ឃ្លាត​ឆ្ងាយ​ពី​ហីនភាព​និង​ទាសភាព​ឡើង​ ​ហេតុនេះ​ ​ចូរ​អ្នក​កុំ​ខ្ជិល​កុំ​ទម្រន់​ទម្លាក់ក្រាញ​ធ្វើ​អត្តភាព​ប្រហែលគ្នា​នឹង​ដង្គត់ឈើ​ឬ​ដុំ​ថ្ម​ឡើយ​, ​អ្នក​ទាំងឡាយ​មិនធ្លាប់​បាន​ស្ដាប់​ទេ​ឬ​ ? ​ពាក្យសុភាសិត​ថាៈ

​អ​បុត្ត​កំ ​ឃ​រំ​ សុញ្ញំ ​រ​ដ្ឋំ សុញ្ញំ ​អ​រា​ជិកំ

​អ​សិប្ប​ស្ស មុ​ខំ​ សុញ្ញំ ​សព្វ​សុញ្ញំ ​ទ​លិទ្ធ​កំ​។​

​ផ្ទះ​ដែល​ឥត​កូន​សូន្យ​ស្ងប់ស្ងាត់​

​ដែន​ដែល​ឥត​ក្សត្រ​សូន្យ​អាជ្ញា​

​មាត់​ឥត​សិល្បសាស្ត្រ​សូន្យ​ពាក្យ​ចរចា​

​ខ្សត់​ក្រ​កំព្រា​សូន្យសព្វ​ទាំងអស់​។​

​ការ​ទូន្មាន​ពន្យល់​ប៉ុណ្ណេះ​ជាដើម​ ​ចាត់​ថា​វាចា​ប្រកបដោយ​ប្រយោជន៍​ផ្លូវ​បច្ចុប្បន្ន​។​

​ចំណែកខាង​វាចា​ ​ប្រកបដោយ​ប្រយោជន៍​ផ្លូវ​បរលោក​វិញ​បាន​ដល់​ការ​និយាយ​ដាស់តឿន​ ​ឲ្យ​មាន​សទ្ធា​ជឿ​បុណ្យ​បាប​, ​រក្សាសីល​, ​លះ​លោភៈ​និង​ម​ច្ឆរិយៈ​ចេញ​ ​ហើយ​បរិច្ចាគទាន​ ​និង​បញ្ញា​សម្រាប់​ពិចារណា​ ​ឲ្យដឹង​ហេតុផល​សព្វគ្រប់​ ​រហូតដល់​ការ​ពិ​ចារ​-​ណា​អត្តភាព​ថា​ ​ជា​គ្រោង​កាយ​ឋិតនៅ​ក្នុង​កណ្ដាប់ដៃ​សាមញ្ញ​លក្ខ​-​ណ​ធម៌​ទាំង​៣​ ​គឺ​ ​ទុក្ខំ​, ​អនិច្ចំ​, ​អនត្តា​ ​ល្មម​កើត​ធម្ម​សង្វេគ​ចំពោះ​បញ្ចក្ខន្ធ​ ​ដោះខ្លួន​គេ​ចចេញ​ចាក​ភព​វាល​វដ្ដសង្សារ​​​ដែល​កំពុង​ឆេះ​សន្ធោសន្ធៅ​ដោយ​ភ្នក់ភ្លើង​ទាំង​៣​ ​គឺ​ ​រា​គៈ ​ទោសៈ​ ​មោហៈ​។​

​វាចា​ប្រាសចាក​ប្រយោជន៍​ ​បើទុកជា​បុគ្គល​អង្គុយ​និយាយ​ប៉-​ប៉ោ​ច​ដូច​លាជផ្ទុះ​តាំង​ពីព្រលឹម​ទល់​ព្រលប់​ ​ពី​ព្រលប់​ទល់​ភ្លឺ​ក៏ដោយ​ ​មិន​អាច​​​យកទៅ​ប្រៀបធៀប​នឹង​វាចា​ជា​ប្រយោជន៍​ ​សូម្បី​មួយ​ចំ​- ណិ​ត​បាន​ឡើយ​។​ ​ព្រោះ​ហេតុនោះ​ ​បានជា​ព្រះបរមគ្រូ​ជាម​ហា​អ្នកប្រាជ្ញ​ទ្រង់​ប្រកាស​គាថា​ ​ទុកជា​ឧត្ដមគតិ​ថាៈ

​សហស្ស​ម​បិ ចេ ​វាចា​ ​អនត្ថ​បទ​ស​ញ្ហិ​តា​

​ឯ​កំ ​អត្ថ​ប​ទំ​ ​សេ​យ្យោ ​យំ​ សុ​ត្វា​ ​ឧប​សម្មតិ​។​

“​បុគ្គល​ស្ដាប់​នូវ​បទ​ណា​ ​ហើយ​ស្ងប់រម្ងាប់​បាន​, ​បទ​នោះ​ជា​បទ​មានប្រយោជន៍​ ​សូម្បីតែ​មួយ​ ​គង់​ប្រសើរ​ជាង​វាចា​មួយពាន់​ម៉ាត់​ដែល​មិន​ប្រកបដោយ​ប្រយោជន៍​”​។​

​៥​-​ពោល​ពាក្យ​ដោយចិត្ត​មេត្តា​ ​គឺ​និយាយ​ដោយ​សេចក្ដី​អនុគ្រោះ​អាណិតអាសូរ​ ​ប្រាថ្នា​ឲ្យ​កើត​ប្រយោជន៍​ពិតៗ​ ​មិន​ប្រាថ្នា​ក​ម្រៃ​អ្វី​។​ ​អ្នកពោល​វាចា​ល្អ​ទាំង​៥​យ៉ាងនេះ​សឹង​ជា​ប្រយោជន៍​ខ្លួន​និង​អ្នកដទៃ​គ្រប់​ៗ​ខ​។​

​មនោ​កម្ម​ប្រកបដោយ​មេត្តា​ —​មាន​អត្ថាធិប្បាយ​ថា​ចិត្ត​ដែល​ត្រិះរិះ​ពិចារណា​ ​ស្រាវជ្រាវ​រាវរក​មធ្យោបាយ​ ​ដោយ​សន្តិវិធី​ចំពោះ​ករណីយកិច្ច​ប្រកបដោយ​ហេតុផល​ ​ដើម្បី​ញ៉ាំង​សន្តិសុខ​និង​ថាវរៈ​ប្រយោជន៍ឲ្យ​កើតមានឡើង​ក្នុង​សង្គម​នីមួយៗ​ ​ទាំង​ខំប្រឹង​រិះរក​កលឧបាយ​ ​រក្សា​ការពារ​សេចក្ដី​សុខ​និង​ប្រយោជន៍​ដែល​បាន​មក​ហើយ​ឲ្យ​រឹងរឹត​តែ​រឹងប៉ឹង​ឋិតថេរ​ទៅទៀត​ ​ហៅថា​មនោ​កម្ម​ប្រកបដោយ​មេត្តា​។​ ​ការពិចារណា​យល់​កិច្ចកល​ ​តាំងចិត្ត​ជា​សប្បុរស​រកគ្នា​ទៅវិញទៅមក​រវាង​មនុស្ស​និង​មនុស្ស​ផងគ្នា​ក្នុង​គណៈ​ជាមួយគ្នា​បាន​ ​ចាត់​ថា​ជា​គុណសម្បត្តិ​មួយ​ដ៏​ប្រសើរ​បំផុត​ ​ព្រោះ​មាន​បុរាណ​ភាសិត​ថាៈ

​ក្រ​កិច្ច​ក្រក​ល​ ​ក្រ​ដឹង​ក្រ​យល់​ ​ក្រ​វៃ​ច្នៃ​ទាស់​

​ក្រ​បានជា​ធំ​ ​លើ​គេ​ទាំងអស់​ ​ក្រ​ចិត្តសប្បុរស​

​នឹង​មនុស្ស​ផងគ្នា​។​

​ក្រ​ធំបំផុត​ ​គឺ​ក្រ​ទី​៧​ខាងចុង​។​

​ចែក​លាភ​ដែល​បាន​មក​ដោយ​ធម៌​ដល់​គ្នីគ្នា​ —​មាន​អត្ថាធិប្បាយ​ថា​ ​លាភ​ប្រកបដោយ​ធម៌​ ​ខាង​បព្វជិត​ ​បាន​ដល់​ចតុប្បច្ច័យ​ ​កើតឡើង​អាស្រ័យ​កម្លាំង​ស្មង​របស់​ខ្លួន​ ​ខំ​ដើរ​ស្វែងរក​តាម​ច្រកល្ហក​ប្រាសចាក​បាបធម៌​៥​និង​អនេសនៈ​២​១​។​ ​ពុំនោះសោត​កើតឡើង​ដោយ​អាស្រ័យ​ទាយក​ ​ទាយិកា​ ​ជ្រះថ្លា​ក្នុង​គុណសម្បត្តិ​ ​និង​ចរិយាសម្បត្តិ​ខ្លួន​ហើយ​ប្រគេន​មក​។​ ​ខាង​គ្រហស្ថ​ ​បាន​ដល់​លាភសក្ការៈ​កើតឡើង​ត្រឹមត្រូវតាម​ធម៌​ប្រាសចាក​បញ្ច​វេរា​ជាដើម​។​ ​លាភ​បែប​នេះ​បើ​បាន​មក​ហើយ​ ​មិនគួរ​ហួងហែង​ទុក​សម្ងំ​បរិភោគ​ប្រើប្រាស់​តែឯង​ទេ​ ​ត្រូវ​ចែកចាយ​គ្នីគ្នា​បរិភោគ​ប្រើប្រាស់​តាម​មាន​តាម​បាន​។​ ​មនុស្ស​រួមសំវាស​ឬ​សង្គម​ជាមួយគ្នា​ ​បើ​បាន​លាភសក្ការៈ​មក​ហើយ​ ​លាក់លៀម​ទុក​បរិភោគ​ប្រើប្រាស់​តែម្នាក់ឯង​ ​ភ្លេច​សម្លឹង​ឃើញ​សេចក្ដីទុក្ខ​អ្នកដទៃ​ ​មិន​ខុសគ្នា​អំពី​បុរាណ​ភាសិត​ថា​ “​ចូលព្រៃ​សត្វសាហាវ​ ​រក​អំពាវ​គ្នា​មក​ជុំ​ ​ដល់​បាន​ស្ករ​ទឹកឃ្មុំ​ ​ពួន​សម្ងំ​ស៊ី​ម្នាក់ឯង​”, ​ពុទ្ធភាសិត​ថា​ ​ស​ក្កា​រោ​ ​កា​បុរិ​សំ​ ​ហ​ន្តិ “​គ្រឿង​ស​ក្ការៈ ​តែង​សម្លាប់​បុគ្គល​អាក្រក់​” ​ដូច្នេះ​។​

​រក្សាសីល​ឲ្យ​បរិសុទ្ធ​ស្មើគ្នា​ —​មាន​អត្ថាធិប្បាយ​ថា​ ​អ្នក​ដែល​តាំង​វិរតិចេតនា​វៀរ​គ្រប់​សិក្ខាបទ​ ​ដែល​ខ្លួន​សមាទាន​ហើយ​ ​រៀបចំ​កាយ​ទ្វារ​ ​មនោទ្វារ​និង​វចីទ្វារ​ ​ឲ្យ​មាន​របៀបរៀបរយ​ហៅថា​ ​អ្នកមានសីល​។​ ​ការ​មិន​ចាប់កាន់​គ្រឿងសស្ត្រាវុធ​, ​ព្រនង់​ដំបង​ ​ដោយហោចទៅ​សូម្បី​ប​ហ​រណ​វត្ថុ​ដទៃ​ៗ​ទៀត​ ​ដើម្បី​ពិឃាដ​សត្វ​ ​ឈ្មោះថា​ជា​គុណសម្បត្តិ​ផ្នែក​បាណាតិបាត​។​ ​ការ​មិន​លួច​កាត់​របង​ ​ឬ​បើក​របង​ច្រកល្ហក​ ​កាត់​ទី​ត​មាន​ជញ្ជាំង​ផ្ទះ​ ​ពុះ​បំបែក​តុ​ទូ​ ​ឆក់​ដណ្ដើមយក​ទ្រព្យសម្បត្តិ​អ្នកដទៃ​ជាដើម​ ​ឈ្មោះថា​ជា​គុណសម្បត្តិ​ផ្នែក​អទិន្នាទាន​។​ ​ការ​មិន​កន្លង​ប្រវេណី​ធម៌​ ​គឺ​មិន​លួច​កូន​ប្រពន្ធ​អ្នកដទៃ​ ​ដោយ​អាការ​កំហែង​ប្រើអំណាច​ជាដើម​ ​ឈ្មោះថា​ជា​គុណ​-​សម្បត្តិ​ផ្នែក​កា​មេ​សុ​មិច្ឆា​ចារៈ​។​ ​ការ​មិន​និយាយ​កុហក​ភូតភរ​ ​ឈ្មោះថា​ជា​គុណសម្បត្តិ​ផ្នែក​មុសាវាទ​។​ ​ការ​មិន​ចាប់​ពាល់​ដប​ឬ​កែវ​ ​ដែល​ពេញដោយ​ទឹកស្រវឹង​ ​មាន​សុរា​និង​មេរ័យ​ជាដើម​ ​ឈ្មោះថា​ជា​គុណ​-​សម្បត្តិ​ផ្នែក​សុរាមេរ័យ​។​

​មនុស្ស​ក្នុង​ក្រុម​នីមួយៗ​ ​បើ​មានការ​វៀរ​បាន​ដូចគ្នា​ ​ចំពោះ​សិក្ខាបទ​សម្រាប់​ភេទ​របស់​ខ្លួន​ហើយ​ ​ឈ្មោះថា​ជា​អ្នកមានសីល​ដូចគ្នា​។​

​ចំពោះ​សមណភេទ​វិញ​ ​ក៏មាន​លំនាំ​ដូចគ្នា​ដែរ​។​ ​អ្នក​នៅ​ក្នុង​សង្គម​ជាមួយគ្នា​ ​មាន​សីល​ស្មើគ្នា​ ​រមែង​បាន​សេចក្ដី​សុខ​សេចក្ដី​ចម្រើន​សព្វ​ពេលវេលា​។​

​បញ្ញា​យល់ឃើញ​ត្រូវគ្នា​ —​មាន​អត្ថាធិប្បាយ​ថា​ ​ទិដ្ឋិ​នេះ​ជា​តួ​បញ្ញា​ ​បាន​ដល់​ញាណ​ម្យ៉ាង​សម្រាប់​ពិចារណា​រកហេតុផល​សព្វគ្រប់​។​ ​ជន​មាន​ចំនួន​ច្រើន​ ​រួម​សង្គម​ជាមួយគ្នា​ត្រូវ​ប្រើ​គំនិត​ឲ្យ​ស្របគ្នា​ ​គឺ​មានការ​យល់ឃើញ​ចំពោះ​ប្រយោជន៍​ក្នុង​សង្គម​ជាមួយគ្នា​តែ​ម្យ៉ាង​។​ ​ដ្បិត​ការយល់​ឃើញ​ផ្ទុយគ្នា​ខុស​ឃ្វាង​គ្នា​ ​មួយ​ទៅ​ឆ្វេង​មួយ​ទៅ​ស្ដាំ​ ​ទុក​ថា​ជា​ទោស​មួយ​យ៉ាង​ធំ​ ​អាច​ទម្លាយ​មិត្ត​សាមគ្គី​ ​ព្រមទាំង​សន្តិសុខ​និង​ប្រយោជន៍​គ្រប់​ស្ថាន​ក្នុង​សង្គម​ឲ្យ​រលាយ​បាន​។​

​ប្រយោជន៍​របស់​សារាណីយ​ធម៌​នោះ​មាន​៦​យ៉ាង​គឺ​

​១​—​ជា​ទីស្រឡាញ់​ពេញចិត្ត​អ្នកដទៃ​,

​២​—​ជាទី​គោរព​រាប់អាន​អ្នកដទៃ​,

​៣​—​បាន​សេចក្ដី​សង្គ្រោះ​អំពី​ស​ម្នាក់​អ្នកដទៃ​,

​៤​—​មិន​វិវាទ​ទាស់ទែងខ្វែងគំនិត​នឹង​អ្នកណាមួយ​ឡើយ​,

​៥​—​សាមគ្គីធម៌​តែង​កើតមានឡើង​,

​៦​—​មានការ​យល់ឃើញ​ត្រូវគ្នា​។​

​សម្តែង​ធម៌​ទេសនា​ ​អំពី​សារាណីយ​ធម៌​ ​ល្មម​សមគួរ​ដល់​កាល​វេលា​តែប៉ុណ្ណោះ​។​

​ទីបំផុត​នេះ​ ​សូម​ថ្វាយព្រះ​រាជ​កុសល​ ​ចំពោះ​ព្រះករុណាជាម្ចាស់ជីវិត​ ​ព្រមទាំង​អាណាប្រជារាស្ត្រ​ ​ក្នុង​ព្រះរាជាណាចក្រ​ទាំង​ ​មូល​ ​សូមឲ្យ​បាន​ប្រកបដោយ​សុខភាព​និង​វ​ឌ្ឍ​ធម៌​គ្រប់យ៉ាង​កុំបី​ឃ្លាត​ឡើយ​ !

​រត​ន​ត្ត​យ​តេ​ជេន​ ​កម្ពោជ​រដ្ឋ​វា​សិនោ

វុឌ្ឍឹ វិរុឡ្ហឹ ​ប​ប្បោន្តុ ​សន្តិ​ភា​វញ្ច​ ​នា​ញ្ញ​ថា​។​

​ដោយ​តេជះ​នៃ​ព្រះរតនត្រ័យ​ ​សូមឲ្យ​ប្រជាជន​នៅ​ក្នុង​កម្ពុជ​-​រដ្ឋ​ ​ដល់​នូវ​សេចក្ដី​ចម្រើន​លូតលាស់​និង​សន្តិភាព​ ​កុំបី​ឃ្លាត​ក្លាយទៅជា​បការៈ​ដទៃ​ឡើយ​។​

​បរិយាយ​អំពី​សារាណីយ​ធម៌​ ​ចប់តែ​ប៉ុណ្ណេះ​

​ធ្វើ​ម្តេច​ប្រទេសជាតិ​នឹង​ចម្រើន​ !

​ប្រទេសជាតិ​នឹង​ចម្រើន​រុងរឿង​ ​ដោយសារ​មាន​ប្រជា​-​រាស្ត្រ​ច្រើន​

​ហើយ​ប្រជារាស្ត្រ​នោះ​មាន​សាមគ្គីធម៌​ ​មិនមែន​មកពី​អ្នក​មានសម្បត្តិ​ទ្រព្យ​បី​បួន​នាក់​នោះ​ទេ​។​

​យ​. អ៊.​

 

 

 

ស្រាវជ្រាវដោយៈ  ថាច់  សុតឹម

លោកអ្នកអាចទាញយកឯកសារដើម ជា PDF តំណខាងក្រោមនេះ

សារាណីយធម៌

Continue Reading
You may also like...

More in ទស្សនៈអប់រំ

  • ទស្សនៈអប់រំ

    រឿងអ្នកស្នេហាជាតិ សាសនា មហាក្សត្រ

    By

    រឿងអ្នកស្នេហាជាតិ  សាសនា  មហាក្សត្រ ឃុនបណ្ណានុរ័ក្ស  ប៊ូ – ប៉ូ  ស្រង់ចាកតម្រាផ្សេងៗ ដកស្រង់ចេញពីទស្សនាវដ្តីកម្ពុជសុរិយា ឆ្នាំទី២៨  លេខ៣-៤  ខែមីនា-មេសា  ព.ស.២៤៩៨  គ.ស.១៩៥៦ ***  ...

  • ទស្សនៈអប់រំ

    ទិដ្ឋិកថា

    By

    ទិដ្ឋិកថា              ទិដ្ឋិ ប្រែថា ការឃើញឬការយល់ឃើញ បានដល់ការឃើញតាមផ្លូវចិត្ត, ការយល់ឃើញរបស់មនុស្សក្នុងលោក រមែងប្រព្រឹត្តទៅផ្សេងៗគ្នា គឺការយល់ឃើញរបស់បុគ្គលខ្លះត្រូវ, ការយល់ឃើញខ្លះខុស ឬថាការយល់ឃើញខ្លះល្អ ខ្លះអាក្រក់ ទោះបីបុគ្គលខ្លះយល់ខុស ហើយមិនអាចដឹងថាខ្លួនយល់ឃើញខុស ឃើញអាក្រក់ទេ។ បុគ្គលខ្លះ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top