Connect with us
Trulli

រឿងអ្នកស្នេហាជាតិ សាសនា មហាក្សត្រ

ទស្សនៈអប់រំ

រឿងអ្នកស្នេហាជាតិ សាសនា មហាក្សត្រ

រឿងអ្នកស្នេហាជាតិ  សាសនា  មហាក្សត្រ

ឃុនបណ្ណានុរ័ក្ស  ប៊ូ – ប៉ូ  ស្រង់ចាកតម្រាផ្សេងៗ

ដកស្រង់ចេញពីទស្សនាវដ្តីកម្ពុជសុរិយា

ឆ្នាំទី២៨  លេខ៣-៤  ខែមីនា-មេសា  ព.ស.២៤៩៨  គ.ស.១៩៥៦

***

 

គំនិតរបស់អ្នកដកស្រង់

រឿងអ្នកស៊ូប្តូរជីវិត ដើម្បីនឹងជួយស្រោចស្រង់ប្រទេសជាតិ, ជួយទ្រទ្រង់ព្រះពុទ្ធសាសនា, ជួយតម្កើងព្រះមហាក្សត្រ និងជួយសង្គ្រោះអ្នកដទៃនេះ មិនមែនខ្ញុំតែងតាមគំនិតខ្លួនខ្ញុំទេ គឺខ្ញុំបានដកស្រង់យកមកអំពីច្បាប់   ផ្សេងៗ ដែលលោកជាន់ដើមបានតែងទុកស្រាប់ហើយ។ ខ្ញុំគ្រាន់តែស្រង់ដោយសេចក្តីសង្ខេបយកមករួបរួមទុកក្នុងទីនេះ។

រឿងនេះ ខ្ញុំយល់ឃើញថា មានសារប្រយោជន៍យ៉ាងសំខាន់ណាស់ដល់មនុស្សគ្រប់ប្រភេទ ទាំងប្រុសស្រី ទាំងក្មេងចាស់ ទាំងគ្រហស្ថបព្វជិត ទាំងរាស្ត្រមន្ត្រី។ ដ្បិតមនុស្សគ្រប់រូបដែលកើតមកក្នុងលោកនេះ ដែលនឹងមានជីវិតរស់នៅជាសុខសប្បាយបាន ដោយសារតែប្រទេសជាតិថ្កុំថ្កើងរុង​រឿង, ដែលប្រទេសជាតិបានរុងរឿង ក៏ដោយសារតែអ្នកប្រទេសនោះប្រតិបត្តិតាមសាសនាផង គោរពជឿកាន់តាមច្បាប់នៃព្រះមហាក្សត្រផង ជួយសង្គ្រោះគ្នាទៅវិញទៅមកផង។

ហេតុនេះ យើងគួរយកតម្រាប់តាមអ្នកស្នេហាជាតិ សាសនា មហា-ក្សត្រ   ដូចមាននិទានតទៅនេះ ៖

១—រឿងអ្នកស៊ូប្តូរជីវិតជួយប្រទេសជាតិ

រឿងអ្នកឧកញ៉ាមនោមេត្រី(១)

ក្នុងរជ្ជកាលនៃព្រះបរមរាជា ពញាតន់ ព.ស.២១៣០ គ.ស.១៥៨៦ នៅប្រទេសខ្មែរ បានធ្វើចម្បាំងនឹងប្រទេសសៀម។ គ្រានោះ មានមន្ត្រីខ្មែរម្នាក់ងារជា ឧកញ៉ាមនោមេត្រី ចៅហ្វាយស្រុកបាត់ដំបងនិង ឧកញ៉ា-បវរនាយក បានដឹងថាកងទ័ពខ្មែរដែលឲ្យលើកទៅរារាំងទប់ទ័ពសៀមនោះ  ឥឡូវចាញ់ទ័ពសៀមៗវាយយកបានខេត្តជាច្រើន។

ឧកញ៉ាទាំងពីរនាក់ប្រឹក្សានឹងមេទ័ពទាំងពួងថា “ទ័ពសៀមលើកមកជាន់នេះក្លៀវក្លាណាស់       ដ្បិតទ័ពព្រះមហាក្សត្រសៀមកាន់តែមកជិតដល់

១-ស្រង់ចាកច្បាប់ព្រះរាជពង្សាវតារខ្មែរ ភាគទី៤ អក្សរដៃ ត្រង់ទំព័រលេខ២៥៥-២៦១ មាននៅក្នុងពុទ្ធសាសនបណ្ឌិត្យ។

ខេត្តយើងហើយ  យើងនឹងច្បាំងឬដូចម្តេច?”។   មេទ័ពទាំងពួងឆ្លើយថា   “ការដែលព្រះបាទអ្នកម្ចាស់ត្រាស់ប្រើយើងមកនេះ ដើម្បីឲ្យធ្វើសង្គ្រាមនឹងសៀមបើយើងមិនទាន់បានច្បាំងសោះ ហើយលើទ័ពថយទៅវិញ ឲ្យស្រុកធ្លាក់ទៅដៃរាជសត្រូវទទេៗ នោះឃើញថាជាការមិនគួរ ខុសនឹងព្រះរាជអាជ្ញា គួរតែយើងច្បាំងល្បងមើលកម្លាំងសិន បើមិនឈ្នះគេទេ ចាំថយទៅតតាំងច្បាំងនៅខេត្តពោធិសាត់ទៀត”។

វេលានោះ អ្នកឧកញ៉ាមនោមេត្រីនិងទ័ពទាំងពួងយល់ព្រមព្រៀងគ្នា ទើបចាត់កងទ័ពឲ្យលើកទៅចោមព័ទ្ធវាយបន្ទាយសៀមនៅស្ទឹងត្នោត; ទ័ពខ្មែរចាញ់ទ័ពសៀម រត់ដោះថយមកតាំងបន្ទាយនៅខេត្តបាត់ដំបងវិញ។ អ្នកឧកញ៉ាទាំងពីរដឹងថាទ័ពសៀមលើកតាមមកទាន់ហើយ ក៏លើកទ័ពចេញច្បាំងតទល់នឹងទ័ពសៀម។ ពេលនោះ ឧកញ៉ាបវរនាយក ត្រូវគ្រាប់កាំភ្លើងស្លាប់ក្នុងសង្គ្រាម។ ឧកញ៉ាមនោមេត្រី ឃើញឧកញ៉ាបវរនាយក ស្លាប់ដូច្នោះហើយ  ក៏នឹកតូចចិត្តណាស់  បង្គាប់ឲ្យបក់ទង់ជ័យថយទ័ពចូលបន្ទាយវិញ។

ព្រះនរេន្ទសូរស្តេចសៀមលើកទ័ពតាមមកឲ្យចោមព័ទ្ធបន្ទាយខ្មែរនៅបាត់ដំបង។ បណ្តារាស្ត្រខ្មែរ ឃើញទ័ពស្តេចសៀមលើកមកជាច្រើនដូច្នោះ ក៏មានចិត្តភិតភ័យជញ្ជូនទ្រព្យសម្បត្តិប្រពន្ធកូនចៅរត់ចូលពួនព្រៃអស់។ ពួកពលសៀមឃើញផ្ទះទទេគ្មានមនុស្សនៅ ក៏ដើររើជញ្ជូនយកទ្រព្យរបស់ដែលសេសសល់ ព្រមទាំងស្រូវអង្ករយកជាស្បៀងអាហារអស់ហើយ ក៏ដុតផ្ទះសម្បែងឆេះអស់  ផ្សែងភ្លើងហុយងងឹតអ័ព្ទមេឃ។

ឧកញ៉ាមនោមេត្រី ដឹងដូច្នោះហើយលែងគិតខ្លាចស្លាប់ ព្រោះអាណិតបណ្តារាស្ត្រណាស់ ស្រែកប្រកាសប្រាប់សេនាទាហានថា “ព្រះចៅក្រុងស្រីអយុធ្យាលើកទ័ពមកជាន់នេះ ដោយបំណងនឹងយកក្រុងកម្ពុជាជាចំណុះឲ្យ បាន ខេត្តយើងនេះជារនាំងព្រះនគរ បើគេវាយខេត្តយើងនេះបែកហើយ គេនឹងទៅដល់ក្រុងពុំខាន មួយទៀតយើងជាប់ក្នុងចំណោមគេហើយ ប្រៀបដូចដំរីជាប់ប្រកាំនឹងស្ងៀមពុំបាន ត្រូវតែគិតដោះពីប្រកាំឲ្យរួច ទើបហៅថាដំរីសារ ជាតិជាប្រុសត្រូវកុំខ្លាចសង្គ្រាម ទើបហៅថាប្រុស វេលានេះយើងកុំ   ស្តាយជីវិត ស៊ូយកឈាមលាបផែនដី ទុកកេរ្តិ៍ឈ្មោះឲ្យសេនាទាហានខាងក្រោយដឹងថា ខ្ញុំឧកញ៉ាមនោមេត្រី មានចិត្តកតញ្ញូនឹងព្រះបាទអ្នកជាអម្ចាស់ ស៊ូប្តូរជីវិត ហេតុនេះត្រូវតែយើងលើកទ័ពចេញច្បាំងតទល់នឹងទ័ពព្រះមហាក្សត្រសៀមឲ្យអស់តម្រិះ តើអ្នករាល់គ្នាយល់ដូចម្តេច?”។ មេទ័ពទាំងអស់ឆ្លើយថា “យើងខ្ញុំរាល់គ្នាក៏មិនស្តាយជីវិតដែរ ទ័ពសៀមជាទ័ពព្រះមហាក្សត្រ យើងជាទ័ពខេត្តក្រៅតនឹងព្រះមហាក្សត្រពុំបានទេ ប៉ុន្តែស៊ូច្បាំងឲ្យឃើញថ្វី ដៃ”។ ឧកញ៉ាមនោមេត្រី ឮដូច្នោះក៏ត្រេកអរណាស់ ទើបចាត់សេនាទាហាន ១ហ្មឺនឲ្យចេញច្បាំងនឹងទ័ពសៀម ខ្លួនឯងជិះដំរីនាំពលចេញច្បាំងឥតខ្លាច ស្លាប់។

សម្តេចព្រះនរេន្ទសូរ ទតពីលើដំរីព្រះទីនាំងទៅ ឃើញឧកញ៉ាមនោ-មេត្រី នៅលើដំរីបរពលចូលច្បាំងឥតភ្លឹកដូច្នោះ ក៏មានព្រះទ័យស្រឡាញ់ឧកញ៉ាមនោមេត្រី។ វេលានោះ ដំរីដែលឧកញ៉ាមនោមេត្រីជិះនោះត្រូវគ្រាប់កាំភ្លើងដួលទៅ។ ឧកញ៉ាមនោមេត្រី លោតចុះពីលើដំរីហូតដាវនាំពលចូលប្រកាប់នឹងសេនាសៀម។ ព្រះនរេន្ទសូរ ត្រាស់បង្គាប់ឲ្យចាប់ឧកញ៉ាមនោមេ-ត្រីទាំងរស់ បានហើយនាំខ្លួនចូលថ្វាយទ្រង់ៗត្រាស់សួរថា “អ្នកឯងងារជាអ្វី?។ —ទូលព្រះបង្គំងារជាឧកញ៉ាមនោមេត្រី ចៅ​ហ្វាយស្រុកបាត់ដំបងនេះ។ —ចុះអ្នកឯងមិនដឹងថា យើងជាមហាក្សត្រទេឬបានជាហ៊ាន​លើកទ័ពមកច្បាំងនឹងយើង?។ —ទូលព្រះបង្គំជាខ្ញុំដឹង ប៉ុន្តែគិតឃើញថា ធម្មតាអ្នកធ្វើជាខ្ញុំផែនដី   គួរតែមានចិត្តកតញ្ញូនឹងអម្ចាស់ ត្រូវយកជីវិតឆ្លងព្រះតេជព្រះគុណ ហើយទូលព្រះបង្គំជាមន្ត្រីមានថ្វីដៃ ដែលគិតស្តាយជីវិតដូចជាស្ត្រីមិនពេញជាប្រុសទេ អស់ខ្ញុំរាជការកើតមកគង់តែស្លាប់ដូចគ្នា ល្អអាក្រក់តាមកុសលអកុសល ធម្មតាធ្វើសង្គ្រាមតែងតែចាញ់និងឈ្នះ គួរតែយកជីវិតខ្លួនដូរនឹងផែនដី   ទើបពេញជាមន្ត្រី។

ព្រះនរេន្ទសូរ បានទ្រង់ព្រះសណ្តាប់ពេញព្រះទ័យណាស់ នឹកសរសើរក្នុងព្រះទ័យថា ឧកញ៉ាមនោមេត្រីនេះមានចិត្តក្លាហានមែន ប្រកបដោយសត្យកតញ្ញូ គួរតែអញចិញ្ចឹមទុកទើបត្រាស់ថា “វេលានេះជីវិតអ្នកឯង នៅក្នុងកណ្តាប់ដៃយើងហើយ តែយើងអាណិតមិនសម្លាប់អ្នកឯងឡើយ ត្រូវអ្នកឯងនាំគ្រួសារមកថ្វាយបង្គំយើងដោយស្រួលចុះ យើងមិនធ្វើអន្តរាយដល់អាណាប្រជារាស្ត្រទេ”។

ឧកញ៉ាមនោមេត្រី បានស្តាប់ព្រះតម្រាស់ហើយគិតថា “វេលានេះ ជីវិតអញនៅក្នុងកណ្តាប់ដៃរាជសត្រូវហើយ គួរតែអញព្រមទទួលតាមទៅចុះ ដើម្បីនឹងបានរក្សាប្រជារាស្ត្រក្នុងខេត្តតទៅ បើសៀមធ្វើការថយដៃអញនឹងលើកទ័ពវាយផ្ទប់ពីក្រោយទៀត” គិតហើយទើបក្រាបទូលដោយផ្លូវឧបាយកលថា “ការដែលទ្រង់ព្រះមេត្តាប្រោសកន្លងជីវិតទូលព្រះបង្គំក្នុងគ្រានេះទូល​ព្រះបង្គំជាខ្ញុំទទួលតាម ប៉ុន្តែសូមព្រះរាជានុញ្ញាតកុំឲ្យកងទ័ពសៀមធ្វើបាប   បណ្តារាស្ត្រខ្មែរ”។ ស្តេចសៀមក៏ព្រមអនុញ្ញាត ទើបឲ្យឧកញ៉ាមនោមេត្រី ទទួលទឹកពិភទ្ទសច្ចារួចស្រេច   ឲ្យទៅនាំក្រមការនិងមេទ័ពមកគាល់។

ឧកញ៉ាមនោមេត្រី ថ្វាយបង្គំលាចូលទៅក្នុងបន្ទាយប្រជុំអស់ក្រមការ បណ្តារាស្ត្រប្រាប់ថា “វេលានេះយើងទ័លតម្រិះហើយ ត្រូវតែចុះចូលសិនទៅចុះ សឹមគិតការតាមតម្រិះប្រាជ្ញាជាខាងក្រោយ ហើយនាំក្រមការទាំងពួងទៅគាល់ព្រះនរេន្ទសូរៗ ទ្រង់ត្រាស់ប្រលោមលួងលោមថា “យើងលើកទ័ពមកនេះ មិនមែនប្រុងធ្វើបាបឲ្យអ្នកទាំងពួងបានសេចក្តីក្តៅក្រហាយទេ ដ្បិតយើងឮថាព្រះចៅក្រុងកម្ពុជាពុំប្រកប​ដោយទសពិធរាជធម៌ ដុតរំលាងព្រះពុទ្ធបដិមាអំពីបុរាណចោលអស់ ធ្វើព្រះពុទ្ធសាសនាឲ្យសៅហ្មង យើងលើកទ័ពមកនេះប្រយោជន៍នឹងធ្វើឲ្យផែនដីទាំង២ ឲ្យជាប់ជាព្រះរាជមេត្រីនឹងគ្នាដូចពីដើមវិញ ជាទីញ៉ាំងព្រះពុទ្ធសាសនាឲ្យរុងរឿង អ្នកទាំងអស់ចូរនាំគ្នា    ត្រឡប់ទៅភូមិលំនៅវិញចុះ”។ ព្រះនរេន្ទសូរ ត្រាស់យ៉ាងនេះដោយព្រះទ័យបំណងថា  នឹងប្រមូលគ្រួខ្មែរយកទៅស្រុកសៀម។

អាណាប្រជារាស្ត្រខ្មែរ ឮព្រះតម្រាស់ដូច្នោះហើយត្រេកអរណាស់ នាំគ្នានៅតាមភូមិលំនៅរបស់ខ្លួនដូចដើមវិញ។

 

២—រឿងអ្នកស៊ូប្តូរជីវិតជួយព្រះពុទ្ធសាសនា

រឿងអ្នកតាគុយ(១)

កាលនោះ ស្រុកកូសាំងស៊ីននៅជារបស់ខ្មែរនៅឡើយ។ មានព្រះមហាក្សត្រីខ្មែរ១ព្រះអង្គ ព្រះនាម អង្គម៉ី ជាព្រះរាជបុត្រីនៃព្រះបាទ អង្គច័ន្ទ បានសោយរាជសម្បត្តិគ្រប់គ្រងផែនដីខ្មែរ។

ក្នុងរជ្ជកាលនៃព្រះអង្គម៉ីនោះ (ព.ស.១៨៣៤ ដល់ ១៨៤១) មានយួនម្នាក់ឈ្មោះ ទ្រឿង-មិញ-យ៉ាង ជាសេនាទាហានធំរបស់ស្តេចយួន លើកទ័ពមកច្បាំងដណ្តើមយកទឹកដីខ្មែរ។   ស្តេចអង្គម៉ីបរាជ័យចាញ់ទ័ពយួនៗដណ្តើម

១-ស្រង់ចាកច្បាប់កម្ពុជសុរិយា  ឆ្នាំ១៩២៨។

យកបានទីដីព្រៃ​នគរ,  មីថរ,  ឡុងហោរ,  ផ្សារដែក,  បាសាក់,  ព្រះត្រពាំង។ ព្រះអង្គម៉ីសោយរាជ្យបានតែ៧ឆ្នាំទ្រង់ទិវង្គតទៅ។ ក្រោយនោះពួកយួនមានអំណាចជិះជាន់ញាំញីបណ្តាជនខ្មែរ និងព្រះពុទ្ធសាសនាខ្លាំងណាស់ បង្គាប់ឲ្យពួកលោកសង្ឃខ្មែរស្លៀកខោពាក់អាវ ដូចជាពួកលោកសង្ឃយួន។ ក្នុងសម័យនោះ មានចៅហ្វាយស្រុកខ្មែរម្នាក់ឈ្មោះ គុយ ជាអ្នកត្រួតត្រាខេត្តនេះ ប៉ុន្តែនៅក្នុងអំណាចយួន  លោកនឹកតូចចិត្តពេកណាស់ ដោយបានឃើញពួកយួនជិះជាន់ជាតិខ្មែរ ញាំញីព្រះពុទ្ធសាសនា ប្រាថ្នានឹងបំបាត់ភេទសមណៈដូច្នោះ លោកនឹករឭកដល់គុណព្រះពុទ្ធសាសនា ហើយកើតសទ្ធាជ្រះថ្លាដ៏មានកម្លាំងខ្លាំងក្លាអាចហ៊ានប្តូរជីវិតអាត្មាជួយព្រះពុទ្ធសាសនា ទើបលោកចូលទៅនិយាយនឹងពួកអ្នករាជការយួនថា “បណ្តាជនជាតិខ្មែរដែលកាន់ព្រះពុទ្ធសាសនា ហើយបានលះបង់ផ្ទះសម្បែង ទ្រព្យសម្បត្តិ ប្រពន្ធកូន ចូលមកកាន់ភេទជាសមណៈនេះ ត្រូវតែស្លៀកស្បង់ ពាក់ចីពរតាមបែបច្បាប់លោកសង្ឃខ្មែរ ទើបហៅថាជាអ្នកបួសដោយត្រឹមត្រូវ មិនត្រូវឲ្យស្លៀកខោ ពាក់អាវ ដូចជាពួកលោកសង្ឃយួនទេ”។ ពួកអ្នករាជការយួនមិនព្រមស្តាប់ ចេះតែបង្ខំញាំញីបៀតបៀនលោកសង្ឃខ្មែរឲ្យស្លៀកខោពាក់អាវ ដូចលោកសង្ឃយួន។

លោកចៅហ្វាយស្រុក គុយ ឃើញដូច្នោះ អត់ទ្រាំមិនបាន ក៏កាត់ចិត្តស៊ូប្រថុយជីវិតខ្លួនប្តូរនឹងព្រះពុទ្ធសាសនា ចូលទៅនិយាយនឹងអ្នករាជការយួនម្តងទៀតថា “ខ្ញុំសូមឲ្យភេទអ្នកបួសនិងកិច្ចការក្នុងព្រះពុទ្ធសាសនាខ្មែរ ដែលតាំងនៅក្នុងស្រុកនេះប្រតិបត្តិដូចពីដើមវិញ បើលោកយល់ព្រមតាមខ្ញុំសូមនេះហើយ សូមលោកសម្លាប់ខ្ញុំចុះ”។ រាជការយួនក៏សុខចិត្តយល់ព្រមទទួលធ្វើតាមសន្យាហើយ ទុកភេទអ្នកបួសនិងកិច្ចការខាងព្រះពុទ្ធសាសនារបស់ជាតិខ្មែរឲ្យនៅដូចដើម ទើបប្រហារជីវិតលោកចៅហ្វាយស្រុក គុយ នោះទៅ។ ក្នុងវេលាដែលគេសម្លាប់លោកចៅហ្វាយស្រុក គុយ នេះ បង្កើតជាហេតុភេទអស្ចារ្យក្រៃលែង មេឃមីរស្រទំងងឹតចុះអ័ព្ទ ភ្លៀងបង្អុរយ៉ាងខ្លាំងអស់៧យប់៧ថ្ងៃ។

ក្រោយពីពេលនោះមក បណ្តាជនជាតិខ្មែរទាំងឡាយ បបួលគ្នាលើកសពលោកចៅហ្វាយស្រុក គុយ ធ្វើបុណ្យឈាបនកិច្ចរួចស្រេចហើយ បានកសាងចេតិយ១ បញ្ចុះធាតុលោកទុកជាទីរឭកនៅក្នុងវត្តកំពង់ធំ ខេត្តត្រាវិញ ខាងទិសឦសានវិហារ។ ចេតិយនោះ នៅមានរហូតមកដល់សព្វថ្ងៃនេះ ដោយមានអ្នកស្រុកចេះតែជួសជុយតៗគ្នាមក។

រឿងលោកចៅហ្វាយស្រុក គុយ នេះ ប្រជាជនជាតិខ្មែរនៅដែនកូ-សាំងស៊ីនស្រឡាញ់រាប់អាន នឹកគុណលោកមិនភ្លេច ថាជាអ្នកស៊ូប្តូរជីវិតជួយទ្រទ្រង់ព្រះពុទ្ធសាសនាមែន បានទាំងគោរពបូជាប្រកាន់ថា ជាអ្នកតាសម្រាប់ជួយកិច្ចការបុណ្យទានក្នុងផ្លូវព្រះពុទ្ធសាសនា ទាល់តែក្លាយទៅជាទំនៀមទម្លាប់ជាប់មកដល់សព្វថ្ងៃនេះ។

 

៣—រឿងអ្នកស៊ូប្តូរជីវិតជួយព្រះមហាក្សត្រ

រឿងអ្នកតាឃ្លាំងមឿង(១)

ក្នុងរជ្ជកាលនៃ  ព្រះស្តេចកន  ជ្រែករាជ្យ  (គ.ស.១៥០៥  ដល់ ១៥៥១)។ វេលានោះ ព្រះចន្ទរាជា ដែលគង់នៅឯស្រុកសៀមបានជ្រាបដំណឹងថាក្នុងស្រុកខ្មែរកើតសឹកសង្គ្រាមច្បាំងគ្នាជាយូរឆ្នាំ ទើបទ្រង់ធ្វើឧបាយ-កលរត់រួចពីស្រុកសៀមមកដល់ខេត្តបាត់ដំបង ទ្រង់បញ្ចុះបញ្ចូលបណ្តារាស្ត្រធ្វើជាសេនាទាហានបានច្រើនទ្រង់នឹងលើកទ័ពមកវាយបន្ទាយនៅខេត្តពោធិសាត់ទៀត។ វេលានោះ ឧកញ៉ាសួគ៌ាលោកកែវ ចៅហ្វាយស្រុកពោធិសាត់ជាមេទ័ពខាងស្តេចកន បានដឹងថា ព្រះចន្ទរាជា យាងមកគង់នៅខេត្តបាត់ដំបងហើយ ក៏កេណ្ឌរេហ៍ពលបាន១ហ្មឺននាក់ ឲ្យចាំរក្សាបន្ទាយស្រុកពោធិសាត់   ហើយធ្វើសំបុត្រទូលទៅព្រះស្តេចកនគ្រប់សេចក្តី។

នៅក្នុងខេត្តពោធិសាត់នោះ មានតាម្នាក់ឈ្មោះ មឿង បានដឹងថា  ព្រះ

១-ស្រង់ចាកច្បាប់ព្រះរាជពង្សាវតារ ភាគទី៣ អក្សរដៃ ត្រង់ទំព័រ១៦០-១៦៥ មាននៅក្នុង   ពុទ្ធសាសនបណ្ឌិត្យ។

ចន្ទរាជា យាងត្រឡប់ពីស្រុកសៀមមកគង់នៅខេត្តបាត់ដំបងហើយ គាត់ក៏   ខំដើរបញ្ចុះបញ្ចូលប្រមូលញាតិសន្តានបានគ្នា៣ពាន់នាក់ ចូលធ្វើជាកងទ័ពឧញ៉ាសួគ៌ាលោកកែវ    លុះដល់វេលាយប់ស្ងាត់     នាំទ័ពលុកសម្លាប់ឧកញ៉ា-សួគ៌ាលោកកែវ  ស្លាប់ក្នុងបន្ទាយហើយតាមឿងប្រកាសប្រាប់រេហ៍ពលទាំងអស់កុំឲ្យភិតភ័យថា ព្រះមហាក្សត្រជាអម្ចាស់យើង នឹងយាងមកដល់ក្នុងវេលាព្រឹកស្អែកនេះហើយ។

លុះព្រឹកឡើង ព្រះចន្ទរាជា យាងមកដល់ខេត្តពោធិសាត់មែន ទើបតាមឿងនាំក្រមការនិងរេហ៍ពលចូលទៅថ្វាយបង្គំគាល់ទូលសព្វសេចក្តី។ ព្រះចន្ទរាជា ទ្រង់ត្រេកអរណាស់ ត្រាស់សរសើរតាមឿងផ្សេងៗ ហើយចាត់ការឲ្យធ្វើបន្ទាយរាយចម្រូងក្នុងខេត្តពោធិសាត់យ៉ាងមាំមួន។

ព្រះចន្ទរាជា ទ្រង់ឡើងសោយរាជសម្បត្តិគ្រប់គ្រងក្រុងកម្ពុជា ក្នុងព្រះជន្ម៣៦ឆ្នាំ ក្នុងឆ្នាំជូតអដ្ឋស័ក ព.ស.២០៦០ គ.ស.១៥១៦ ទ្រង់ព្រះមេត្តាប្រោសតាំងតាមឿងឲ្យធ្វើជាឧកញ៉ាសួគ៌ាលោក ចៅហ្វាយស្រុកខេត្តពោធិសាត់ ហើយឲ្យធ្វើជាមេទ័ពផង។ ឯឧកញ៉ាសួគ៌ាលោកមឿង បានតាំងកូនប្រុស៤នាក់ឲ្យធ្វើជាមេទ័ព  លើកទៅវាយខេត្តក្រគរ,  ខ្លុង,  ក្រង  ជាមុន។

ចំណែកព្រះស្តេចកន បានជ្រាបសេចក្តីក្នុងសំបុត្រ ដែលឧកញ៉ាកែវទូលមកនោះហើយ ក៏ត្រាស់បង្គាប់ឲ្យឧកញ៉ាចក្រី ចេញទៅកេណ្ឌពលខេត្តខាងលិចជាយ៉ាងប្រញាប់ឲ្យទាន់ការ លើកទៅរាំងផ្លូវនៅខេត្តលង្វែក, ឲ្យចៅហ៊្វាកៅ លើកទៅខាងផ្លូវកំពង់សៀមទៅជួយឧកញ៉ាចក្រី។ ចៅហ៊្វាកៅ  លើកទៅដល់ខេត្តកំពង់សៀម បានជួបនឹងទ័ពឧកញ៉ាឧទ័យធិរាជ ប្រជុំកងទ័ពទាំង២លើកទៅដល់ខេត្តក្រង  ទៅជួបប្រទះនឹងទ័ពឧកញ៉ាសួគ៌ាលោកមឿង។

ពេលនោះ ឧកញ៉ាមឿង ឃើញទ័ពគេលើកមកដល់មានរេហ៍ពលច្រើន ក៏ចាត់កូនច្បងឲ្យធ្វើជាមេទ័ពកាន់ពល២ពាន់ ចេញច្បាំងនឹងទ័ពឧក-ញ៉ាឧទ័យធិរាជៗ ស្លាប់ក្នុសង្គ្រាម។ កូនច្បងឧកញ៉ាមឿង ដឹងថាពលខ្លួនតិចនឹងទ្រាំពុំបាន ក៏នាំពលដោះថយមកប្រាប់បិតាឲ្យថយទ័ពទៅខេត្តពោធិសាត់វិញ។ ឯឧកញ៉ាចក្រី និងចៅហ៊្វាកៅ ដឹងថា ឧកញ៉ាឧទ័យធិរាជស្លាប់ហើយ ក៏លើកទ័ពតាមទៅចោមព័ទ្ធបន្ទាយឧកញ៉ាមឿង នៅខេត្តពោធិសាត់គ្រប់ទិសទាំង៤។

គ្រានោះ ឧកញ៉ាមឿង ក្រាបទូលព្រះចន្ទរាជាថា ទ័ពគេលើកមកច្រើនណាស់។ ទ្រង់ប្រឹក្សានឹងមេទ័ពទាំងអស់ថា យើងនឹងគិតធ្វើដូចម្តេចឲ្យបានរួចពីចំណោមគេ។ ទើបឧកញ៉ាសួគ៌ាលោកមឿង ក្រាបទូលថា “បើយើងនឹងគិតវាយទម្លាយចេញទៅ ពលយើងតិចណាស់ ពលគេមានច្រើនជាង បើទុកជាចេញរួច ក៏គង់តែស្លាប់ទាំងសងខាង ទូលព្រះបង្គំជាខ្ញុំគិតឃើញគំនិតមួយ សូមទទួលអាសាទៅកេណ្ឌកងទ័ពបិសាចមកជួយវាយ, សូមទ្រង់ឲ្យជីករណ្តៅនៅកណ្តាលទីនេះជាឆាប់នឹងបានគិតការថ្វាយ”។

ព្រះចន្ទរាជា ទ្រង់គ្រវីព្រះសិរហើយត្រាស់ថា “តាំងពីបុរាណរៀងមកមិនដែលឮថាខ្មោចមកជួយច្បាំងដល់ម្តង តាលែងគិតគំនិតនេះចេញទៅ”។ ឧកញ៉ាមឿង ក្រាបទូលថា “បើទ្រង់ពុំព្រមអនុញ្ញាតទេ ទូលព្រះបង្គំជាខ្ញុំនឹងអារ-កឲ្យស្លាប់នៅទីនេះ” ទូលហើយក៏ចាប់អាវុធអារ-ក។ ព្រះមហាក្សត្រទតឃើញស្ទុះទៅចាប់ដាវជាប់ ទ្រង់ត្រាស់អង្វរថា “តាកុំសម្លាប់ខ្លួនឡើយ បើតាគិតឃើញដូចម្តេច ចូរធ្វើតាមគំនិតតាចុះ”។ ឧកញ៉ាមឿង បានឮត្រេកអរណាស់ ថ្វាយបង្គំលាមកក្រៅ បង្គាប់ឲ្យមនុស្សជីករណ្តៅយ៉ាងជ្រៅ ដាក់គ្រឿងអាវុធនៅបាតរណ្តៅជាច្រើន ហើយរៀបតាំងពលិការទាំង៨ទិស រួចប្រជុំកងទ័ពមកជួបជុំស្រេច ទើបងូតទឹកជម្រះកាយឲ្យស្អាតល្អ លើកកប្រណម្យនមស្ការដល់គុណព្រះរនតត្រ័យនិងទេវតា តាំងសច្ចាធិដ្ឋានថា “សូមជួយព្រះមហាក្សត្រកម្ចាត់អស់សត្រូវ” ក៏ឈរឡើងស្រែកប្រកាសថា “អស់​អ្នកទាំងពួងចូរព្រួតគ្នាធ្វើការមាំមួនថ្វាយ កុំកោតញញើតអាក្បត់ឡើយ យើងលាអ្នកទាំងពួងទៅកេណ្ឌពលបិសាច មកជួយឲ្យទាន់ការក្នុងវេលាយប់នេះមិនខាន” ថារួចលោតចុះទៅក្នុងរណ្តៅត្រូវនឹងគ្រឿងអាវុធស្លាប់ក្នុងវេលាយប់នោះទៅ។ ឯកូនប្រុសទី២-៣ ឃើញបិតាលោតទៅហើយ នឹកក្នុងចិត្តថា “បិតាទៅកេណ្ឌកងទ័ពបិសាចជាការធំ ពុំមានអ្នកឯណាទៅជាកំដរ ក្រែងក្រគ្មានអ្នកណាជួយ យើងជាកូនគួរតាមបិតាយកអាសាម្ចាស់​ផែនដីទើបគួរ” គិតព្រមគ្នាស្រេចក៏អារ-កក្ស័យជីវិតទាំង២នាក់។ ឯកូនច្បងនិងកូនពៅស្ទុះទៅនឹងសម្លាប់ខ្លួនទៀត មេទ័ពព្រួតគ្នាចាប់ជាប់មិនឲ្យទៅបាន ហើយគោះគងទូងស្គរ តាំងហ៊ោលុបដីកប់ខ្មោចទាំង៣ ពូនជាផ្នូរសន្មតហៅថា អ្នកតាឃ្លាំងមឿង តាមបណ្តាំគាត់ ស្រេចហើយនាំគ្នាទៅទូលស្តេចៗទ្រង់ជ្រាប ក៏ស្លុតព្រះទ័យ ទ្រង់ព្រះកន្សែងសោកស្តាយពន់ប្រមាណ ទើបត្រាស់ឲ្យនិមន្តព្រះសង្ឃសូត្រសត្តប្បករណ៍ ហើយទ្រង់ប្រោសប្រណីកូនច្បងរបស់ឧកញ៉ា មឿង ឲ្យធ្វើជាឧកញ៉ាសួគ៌ាលោកជួសបិតា ឲ្យកូនពៅធ្វើជាឧកញ៉ាសេនាធិបតីចៅហ្វាយស្រុកខេត្តអមរៈគិរិន្ទបូរណ៌  ជាមេទ័ពរក្សាប៉មបន្ទាយក្នុងវេលាយប់នោះ។

លុះដល់ព្រឹកឡើង ព្រះរាជាឲ្យត្រួតត្រាមើលរេហ៍ពលនឹងលើកទៅលុកសត្រូវនៅវេលាយប់, ពេលនោះមានហ្មដំរីម្នាក់នាំដំរីសឈ្មោល១ រូបល្អបរិសុទ្ធកម្ពស់៦ហត្ថមកថ្វាយ, ទ្រង់ព្រះរាជទាននាមដំរីនោះហៅថា ព្រះពិ-ជយកុញ្ជរ ជាព្រះទីនាំងគង់, ហ្មដំរីនោះទ្រង់តាំងឲ្យធ្វើជាចៅហ្វាយស្រុកខេត្តក្រង រួចយាងចេញទៅមុខព្រះពន្លា។ រាស្ត្រប្រជានាំដំរីសេះមកថ្វាយ អ្នកខ្លះបាន១ អ្នកខ្លះបាន២ រួមមានដំរី៣៥ សេះ៣០ ទ្រង់ត្រេកអរណាស់ ប្រោសព្រះរាជទានយសស័ក្តិឲ្យធ្វើជាមន្ត្រីតាមសមគួរគ្រប់ខ្លួន។

ព្រះចន្ទរាជា ទ្រង់ចែកទ័ពជា២កង ឲ្យឧកញ៉ាសេនាធិបតីជាទ័ពមុខ ឲ្យឧកញ៉ាសួគ៌ាលោកជាមេទ័ពឃុំពល៥ពាន់ ទៅលុកទ័ពឧកញ៉ាចក្រី, ព្រះអង្គទ្រង់ពល១ហ្មឺនជាទ័ពហ្លួងលើកទៅវាយចៅហ៊្វាកៅ ព្រះយសរាជានិងព្រះ    ភិលៀងឃុំពល៣ពាន់នៅរក្សាបន្ទាយក្នុងយប់នោះ។ លុះទ្រង់រៀបចំស្រេច ដល់ពាក់កណ្តាលអធ្រាត្រ ទ្រង់អុជទៀនធូបភ្ញីផ្កាធ្វើសក្ការបូជា ទ្រង់អធិដ្ឋាននឹករំឭកគុណព្រះរតនត្រ័យនិងឥន្ទព្រហ្ម​ទេវតា ដែលមានឫទ្ធិស័ក្តិសិទ្ធិនិងអ្នកតាឃ្លាំងមឿង សូមឲ្យមានតេជះជោគជ័យ លុះទ្រង់តាំងអធិដ្ឋានរួចស្រេចហើយ ទ្រង់ឡើងគង់ព្រះទីនាំងគជេន្ទ្រសឈប់ចាំឫក្សពារ ក៏ស្រាប់តែឮសូរសន្ធឹកក្រោមដែនដី ព្រមទាំងស្រែកហ៊ោសូរស័ព្ទកក្រើករំពើកផែនដី ទ្រង់បានឮច្បាស់ទាំងមេទ័ពសេនានិករក៏បានឮច្បាស់រាល់គ្នា ទើបទ្រង់ឲ្យគោះគងទូងស្គររេហ៍ពលតាំងហ៊ោទ្រង់លើកទ័ពចេញទាំង២កងតម្រង់ទៅវាយបន្ទាយសត្រូវ។

ចំណែកចៅហ៊្វាកៅ និងឧកញ៉ាចក្រីដឹងហើយ ក៏តឿនពលឲ្យចូល   ច្បាំង។ វេលានោះ ដូចជាមានកងទ័ពមកព័ទ្ធពីក្រោយឮសូរសម្រែកស្រែកហ៊ោជាខ្លាំង សេនាទាហានខាងទ័ពសត្រូវពលសេះដំរីផ្អើលបោលជាន់គ្នារត់យកតែជីវិតរៀងខ្លួន។ ឧកញ៉ា​សួគ៌ាលោកដេញទ័ពសត្រូវទៅដល់ឧកញ៉ា-ចក្រី​ៗបរដំរីចូលប្រជល់គ្នា តែពុំទាន់បានប្រជល់ ស្រាប់តែដំរីឧកញ៉ាចក្រីផ្អើល គេចរត់ដូចជាគេចាប់គ្រវាត់ធ្លាក់ឧកញ៉ាចក្រី ទៅលើភ្លុកដំរីនៃឧកញ៉ា-សួគ៌ាលោកៗទទួលចាក់ឧកញ៉ាចក្រីស្លាប់ ហើយកាត់យកក្បាលនាំមកថ្វាយព្រះរាជាៗឲ្យដោតក្បាលអាក្បត់នៅទីនោះ លុះព្រឹកឡើងចាប់បានគោក្របីដំរីសេះដាវកាំ​ភ្លើងអាវុធផ្សេងៗនិងស្បៀងអាហារជាច្រើន។ ព្រះចន្ទរាជាបានច្បាំងឈ្នះទ័ពសត្រូវក្នុងគ្រានេះរហូតដល់ទីបំផុតទ្រង់ច្បាំងឈ្នះទ័ពព្រះស្តេច-កន​ទៀត ទើប​បានសោយរាជសម្បត្តិគង់នៅព្រះបរមរាជវាំងលង្វែកជាសុខរៀងមក។

អាស្រ័យមានរឿងនេះហើយ បានជាអ្នកស្រុកពោធិសាត់ តែងនាំគ្នាធ្វើបុណ្យឡើងអ្នកតាឃ្លាំងមឿងរៀងរាល់ឆ្នាំ ក្នុង១ឆ្នាំធ្វើម្តង ជាប់ជាទំនៀមទម្លាប់តៗគ្នាមក ដើម្បីនឹករំឭកគុណឧកញ៉ាសួគ៌ាលោកចៅហ្វាយស្រុកពោធិសាត់   ដែលជាអ្នកស៊ូប្តូរជីវិតនឹងព្រះមហាក្សត្រ។

 

៤—រឿងអ្នកស៊ូប្តូរជីវិតជួយសង្គ្រោះគេ

រឿងទាហាន   ហ៊ាន(១)

កាលពីព្រេងនាយ មានស្ត្រីម្នាក់ជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ នាងនេះស្រឡាញ់ចានទាំង១២ជាទីបំផុតចិត្ត។ ថ្ងៃមួយ មានខ្ញុំស្រីម្នាក់ធ្វើឲ្យបែកចាននោះមួយ។   ស្រីជាម្ចាស់ចានខឹងណាស់យកកាំភ្លើងបាញ់ខ្ញុំស្រីនោះ

១-រឿងនេះខ្ញុំសរសេរតាមពាក្យលោក ហង់-គិមសេង កាលធ្វើភូឈួយទី២នៃពុទ្ធសាសន-បណ្ឌិត្យបានតំណាលប្រាប់ខ្ញុំ។

ស្លាប់មួយរំពេចទៅ។

វេលានោះ មានទាហានម្នាក់ឈ្មោះ ហ៊ាន បានដឹងរឿងនោះ ហើយ    ក៏កាត់ចិត្តប្រថុយស្លាប់ចូលទៅនិយាយនឹងស្រីជាម្ចាស់ចានថា    “សូមជម្រាបអ្នកស្រី ខ្ញុំជាអ្នកចេះផ្សារចានដែលបែកហើយឲ្យជាប់គ្នាដូចដើមវិញបាន ខ្ញុំនឹងផ្សារចានដែលបែកនោះជូន ប៉ុន្តែខ្ញុំសូមចានទាំង១១ ដែលនៅល្អមកមើលសិន ដើម្បីខ្ញុំនឹងធ្វើចានបែកនោះ ឲ្យជាប់ជិតស្និទ្ធដូចចានដែលនៅសល់ទាំងអស់”។ ស្រីម្ចាស់ចានឮដូច្នោះមានចិត្តត្រេកអរណាស់ ក៏ទៅលើកចានទាំង១១ មកហុចឲ្យទាហានៗទទួលយកចានទាំង១១នោះបានមកហើយក៏លើកបោកបែកខ្ទេចទាំងអស់ទៅនៅមុខនាងម្ចាស់ចានហើយប្រាប់ថា “សូមអ្នកស្រីយកកាំភ្លើងមកបាញ់សម្លាប់ខ្ញុំចុះ ដ្បិតថាបែកចាន១ អ្នកស្រីសម្លាប់ជីវិតមនុស្សម្នាក់ នៅសល់ចាន១១  មុខជាអ្នកស្រីសម្លាប់ជីវិតមនុស្សអស់១១នាក់ទៀត ហេតុនេះ ខ្ញុំសុខចិត្តយកជីវិតខ្ញុំមកស្លាប់ជួសជីវិតមនុស្សទាំង១១នាក់នោះ។

ស្រីម្ចាស់ចានឮដូច្នោះ ក៏ស្លុតស្លាំងកាំងភាំងស្មារតីដួលសន្លប់ទៅ លុះដឹងខ្លួនឡើងហើយប្រាប់ទាហានថា “ខ្ញុំខឹងខុសហួសទៅហើយពីកាលមុន ឥ-ឡូវនេះខ្ញុំមិនខឹងនឹងអ្នកទេ ព្រោះអ្នកដាច់ចិត្តយកជីវិតខ្លួនមកស្លាប់ជួសគេ ដោយសារតែចង់ជួយសង្គ្រោះគេ ហេតុនេះខ្ញុំអរគុណអ្នកណាស់ សូមអ្នកអញ្ជើញទៅវិញចុះ”។

ចប់

*****

សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម

ស្រាវជ្រាវដោយៈ  ថាច់  សុតឹម

ក្នុង  ព.ស.២៥៥៥  ត្រូវនឹងថ្ងៃទី៣  ខែតុលា  គ.ស.២០១១

 

Continue Reading
You may also like...

More in ទស្សនៈអប់រំ

  • ទស្សនៈអប់រំ

    ទិដ្ឋិកថា

    By

    ទិដ្ឋិកថា              ទិដ្ឋិ ប្រែថា ការឃើញឬការយល់ឃើញ បានដល់ការឃើញតាមផ្លូវចិត្ត, ការយល់ឃើញរបស់មនុស្សក្នុងលោក រមែងប្រព្រឹត្តទៅផ្សេងៗគ្នា គឺការយល់ឃើញរបស់បុគ្គលខ្លះត្រូវ, ការយល់ឃើញខ្លះខុស ឬថាការយល់ឃើញខ្លះល្អ ខ្លះអាក្រក់ ទោះបីបុគ្គលខ្លះយល់ខុស ហើយមិនអាចដឹងថាខ្លួនយល់ឃើញខុស ឃើញអាក្រក់ទេ។ បុគ្គលខ្លះ...

  • ទស្សនៈអប់រំ

    សារាណីយធម៌

    By

    សារាណីយធម៌ ព្រះ​មហា​ចន្ទសិរី  ថាច់  សឿង ទេសនា​ដាក់​វិទ្យុ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ៨រោច  ខែ​ចេត្រ  ឆ្នាំ​ជូតសំឫទ្ធិស័ក ព.ស.២៤៩១  (២១ – ៤ – ៤៩) *** នមោ ...

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top