Connect with us
Trulli

យុវជន​ខ្មែរក្រោម ​មិន​អាច​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណី​ពេញលេញ​ ដោយសាររដ្ឋាភិបាល​វៀតណាម ​មិន​ផ្តល់​ឱកាស​

កម្ពុជាក្រោម

យុវជន​ខ្មែរក្រោម ​មិន​អាច​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណី​ពេញលេញ​ ដោយសាររដ្ឋាភិបាល​វៀតណាម ​មិន​ផ្តល់​ឱកាស​

ក្នុង​ពេល​ដែល​ជនជាតិ​យួន​កំពុង​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-វៀតណាម ឬវៀតណាម​ហៅថា ពិធីបុណ្យតែត (Tết​) មាន​មតិ​ខ្លះ​លើកឡើង​ថា យុវជន​ខ្មែរក្រោម​មួយចំនួន​ហាក់​បាន​ចូលរួម សប្បាយរីករាយ និង​អបអរសាទរ​ក្នុង​ពិធីបុណ្យតែត នេះ​ ជាមួយ​ជនជាតិ​យួន​ដែរ ដែល​ធ្វើ​ឱ្យ មានការ​បារម្ភ​ពី​ការ​បាត់​បង់​បន្តិច​ៗ ម្តង​ៗ នូវ​ការប្រតិបត្តិ​ពិធីបុណ្យ​ប្រពៃណី​ខ្មែរ ។ ការ​លើកឡើង​បែបនេះ ក្នុង​ពេល​ដែលគេ​សង្កេតឃើញ​ថា អំឡុង​ពេល​ខ្មែរក្រោម​ ប្រារព្ធពិធីបុណ្យ​ប្រពៃណី​របស់​ខ្លួន ដូចជា​បុណ្យចូលឆ្នាំ​ខ្មែរ បុណ្យភ្ជុំបិណ្ឌ ឬបុណ្យ​សែនដូនតា​ជាដើម ចំនួន​យុវជន​ខ្មែរក្រោ ម​ដែល​ចូលរួម​ផ្ទាល់​ នៅ​តាម​ទីវត្ត​អារាម​ហាក់​មានការ​ថយ​ចុះ​បន្តិច​ម្តង​ៗ ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ ។ ប៉ុន្តែ ​អ្វីទៅ​ដែល​ជា​មូលហេតុ​ពិតប្រាកដ​នៅ​ពីក្រោយ​និន្ន​ការ​នេះ? ។

និស្សិត និងកម្មករ ដែលធ្វើការ និងសិក្សា នៅទីក្រុងធំៗ នាំគ្នាសម្រុកទៅផ្ទះ ដើម្បីជួបជុំគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិយួន ។ រូបៈ Internet

និស្សិត និងកម្មករ ដែលធ្វើការ និងសិក្សា នៅទីក្រុងធំៗ នាំគ្នាសម្រុកទៅផ្ទះ ដើម្បីជួបជុំគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិយួន ។ រូបៈ Internet

នៅ​ដែនដី​កម្ពុជាក្រោម ជាទូទៅ​ឱ្យ​តែ​ដល់​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-វៀតណាម ឬតែ​តម្តង​ៗ បើស្ថានភាព​សង្គម​គ្មាន​ភាព​មិន​ប្រក្រតី​នោះ​ទេ គេ​សង្កេតឃើញ​ថា យុវជន យុវនារី ខ្មែរក្រោម តែង​នាំគ្នា​សម្រុក​មក​ពីទី​ក្រុង​មកសួរសុខទុក្ខ ជួបជុំ​ញាតិមិត្ត ធ្វើ​ឱ្យ​ភូមិ ស្រុក ដែល​ធ្លាប់តែ ស្ងាត់ជ្រងំ​ស្ទើរគ្រប់​ទីកន្លែង ពោរពេញ​ទៅ​មនុស្សម្នា​ច្រើន​កុះករ មាន​សំឡេង​អ៊ូអរ កងរំពង លាយ​លំដោយ​សំឡេង​ជួបជុំ​ហូបចុក និង​ច្រៀង រាំ​កំសាន្ត​សប្បាយ​ទៀតផង ។

និន្នាការ​បែបនេះ​ មានការ​កើនឡើង​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ដោយហេតុថា​ ចំនួន​យុវជន យុវនារី ខ្មែរក្រោម ​ដែល​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើជា​កម្មករ កម្មការិនី នៅ​តាម​រោងចក្រ​នានា​ នៅក្នុងទីក្រុង​មានការ​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​ដែរ ។
នៅ​ដែនដី​កម្ពុជាក្រោម បើ​ទោះជា​មាន​ពលរដ្ឋខ្មែរ​ក្រោម ​មិន​តិច​ជាង ៧ លាន​នាក់ មាន​វត្ត អារាម​ចំនួន ៤៦១ មាន​ពិធីបុណ្យ​ប្រពៃ​ណី​ធំៗ ដូចជា​ពិធីបុណ្យ​ចូល​ឆ្នំាំ​ខ្មែរ ពិធីបុណ្យ​ភ្ជុំបិណ្ឌ ឬបុណ្យ​សែនដូនតា បុណ្យកឋិន​ទាន ពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះព្រះខែ អកអំបុកក្តី ប៉ុន្តែ​ ពិធីបុណ្យ​ទាំងអស់​នេះ មិន​ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម​អនុញ្ញាតិ​ឱ្យ​ខ្មែរក្រោម​មាន​ថ្ងៃឈប់សម្រាក​គ្រប់គ្រាន់​ជា​ផ្លូវការ​ ដើម្បី​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​ ដែល​ជា​ប្រពៃណី​របស់​ខ្មែរឡើយ ។
កន្លងទៅ យុវជន យុវនារី ខ្មែរក្រោម​ដែល​ធ្វើជា​កម្មករ កម្មការិនី នៅ​តាម​រោងចក្រ​ក្នុង​ទីក្រុង បាន​ដាក់​ញត្តិ​ស្នើសុំ​រដ្ឋាភិបាល​វៀតណាម​ ឱ្យ​កម្មករ កម្មការិនី ខ្មែរក្រោម​ បាន​ឈប់សម្រាក​ជាផ្លូវការ​ក្នុង​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ ដើម្បី​ពួក​គេ​អាចម​កលេង​ស្រុកកំណើត ជួបជុំ​ញាតិមិត្ត និង​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណី​ខ្មែរ​ឱ្យ​បាន​កុះករ ដូចដែល​ជនជាតិ​យួន​ប្រារព្ធ​ពិធីបុណ្យតែត ដែរ ប៉ុន្តែ​ រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម ​មិនបាន​ទទួលយក​សំណើ​នេះ​ឡើយ ។ ដូច្នេះហើយ ទើប​គេ​មើលឃើញ​ថា នៅ​រៀងរាល់​ពេល​ដែល​ខ្មែរក្រោម​ប្រារព្ធ​ពិធីបុណ្យ ប្រពៃ​ណី​ធំៗ​ របស់​ខ្លួន មិនសូវ​ជា​មាន​យុវជន យុវនារី ខ្មែរក្រោម​វិលត្រឡប់​មក​ស្រុកកំណើត ឱ្យ​បាន​ច្រើន​កុះករ ដូច​ពេល​បុណ្យចូលឆ្នាំ​ចិន​-វៀតណាម​នោះ​ឡើយ ។
ការ​មិន​បើកចំហ​របស់​រដ្ឋាភិបាល​វៀតណាម​ កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ថែរក្សា ប្រពៃណី ទំនៀមទម្លាប់ របស់​ខ្មែរ​នៅ​ដែនដី​កម្ពុជាក្រោម ។
និស្សិត និងកម្មករ ដែលធ្វើការ និងសិក្សា នៅទីក្រុងធំៗ នាំគ្នាសម្រុកទៅផ្ទះ ដើម្បីជួបជុំគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិយួន ។ រូបៈ Internet

និស្សិត និងកម្មករ ដែលធ្វើការ និងសិក្សា នៅទីក្រុងធំៗ នាំគ្នាសម្រុកទៅផ្ទះ ដើម្បីជួបជុំគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិយួន ។ រូបៈ Internet

ជា​ការ​កត់សម្គាល់ នៅក្នុង​ចុង​ទសវត្សរ៍ ៨០ និង​ដើម​ទសវត្សរ៍ ៩០ ការ​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណី​ខ្មែរ​ មិនថា​បុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ បុណ្យកឋិន ឬបុណ្យអុំទូក បណ្តែត​ប្រទីប សំពះព្រះខែ អកអំបុក ឡើយ គឺ​តែង​មាន​ពលរដ្ឋខ្មែរ​ក្រោម ជាពិសេស យុវជន យុវនារី ចូលរួម​យ៉ាង ច្រើន​កុះករ​នៅ​តាម​ទីវត្ត​អារាម ។ ការ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ ដូចជា ចោលឈូង ចាប់​កូន ខ្លែង លាក់កន្សែង ទាញព្រ័ត្រ ដណ្តើម​ស្លឹកឈើ បោះអង្គញ់ វាយក្អម ការ​ប្រគំ​តន្រ្តី ច្រៀង ចំរៀង​ខ្មែរ រាំវង់ រាំក្បាច់ ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​ នៅ​ស្ទើរគ្រប់​វត្តអារាម​ទាំងអស់​នៅ​ទូទាំង​ដែនដី​កម្ពុជាក្រោម ។ ព្រោះថា​នៅពេល​នោះ យុវជន យុវនារី ខ្មែរក្រោម​ភាគច្រើន​មិនបាន​ធ្វើចំណាកស្រុក​ស្វែង​ការងារ​នៅ​តាម​ទីក្រុង​នោះ​ទេ ។ ពួក​គេ​ភាគច្រើន​រស់នៅ​ជាមួយ​ក្រុម គ្រួសារ​នៅក្នុង​ភូមិ ស្រុក និង​ប្រកបរបរ​ធ្វើស្រែ​ចំការ​ជាមួយ​ឪពុក​ម្តាយ ។ ប៉ុន្តែ​ នៅពេលបច្ចុប្បន្ន​នេះ នៅពេល​ដែល​ចំនួន​យុវជន យុវនារី ខ្មែរក្រោម កាន់តែ​ច្រើន​ឡើង​ៗ ធ្វើ​ចំណាក ស្រុក​ទៅ​ធ្វើការងារ​ នៅ​តាម​ទីក្រុង ព្រម​ជាមួយ​ការ​មិន​អនុញ្ញាត​របស់​រដ្ឋាភិបាល​វៀតណាម មិន​ឱ្យ​កម្មករ កម្មការិនី​ខ្មែរក្រោម​ មាន​ថ្ងៃឈប់​សម្រាក​ជា​ផ្លូវការ​ នៅ​ចំ​ថ្ងៃបុណ្យ​ទាន​ទៀត​នោះ ចំនួន​យុវជន យុវនារី ដែល​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណី​ខ្មែរ ក៏​មាន​កាន់តែ​តិច ហើយ​ការ ប្រឹងប្រែង​ថែរក្សា​ល្បែង​ប្រជាប្រិយ និង​ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ ក៏​កាន់តែ​មាន​ភាព​លំបាក ។

និន្នាការ​បែបនេះ បើ​ចេះតែ​បណ្តោយ​ឱ្យ​បន្ត​កើតមាន​ទៀត វា​អាច​នឹង​ធ្វើ​ឱ្យ​ខ្មែរក្រោម​បាត់បង់ បន្តិច​ម្តង​ៗ នូវ​អត្តសញ្ញាណ​ប្រពៃណី​របស់​ខ្លួន ដែល​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា គឺជា​យុទ្ធសាស្រ្ត​ត្រជាក់​មួយ​របស់​រដ្ឋាភិបាល​វៀតណាម​ ក្នុង​ការប៉ុនប៉ង​លុប​បំបាត់​បន្តិច​ៗ ម្តង​ៗ នូវ​ប្រពៃណី​របស់​ខ្មែរក្រោម ។
ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ចាំបាច់​ខ្មែរក្រោម​ទាំង​នៅក្នុង​ស្រុក​ និង​នៅ​ក្រៅ​ស្រុក​បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ផ្តល់​ឱកាស និង​ពេលវេលា​ឱ្យ​បាន​គ្រប់គ្រាន់​ដល់​ពលរដ្ឋ ជា ពិសេស​យុវជន យុវនារី ខ្មែរក្រោម​ឱ្យ​បាន​ឈប់សម្រាក​ជា​ផ្លូវការ​ ដើម្បី​អាច​ពួក​គេ​មាន​ពេលវេលា​គ្រប់គ្រាន់​ធ្វើបុណ្យ​ទាន​តាម​ប្រពៃណី​ខ្មែរ ។
យុវជន យុវនារី ខ្មែរក្រោម លេងល្បែង​ប្រជាប្រិយ​ខ្មែរ ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ។ រូបៈ Internet

យុវជន យុវនារី ខ្មែរក្រោម លេងល្បែង​ប្រជាប្រិយ​ខ្មែរ ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ។ រូបៈ Internet

ប្រសិនបើ​រដ្ឋាភិបាល​វៀតណាម​ នៅតែ​បន្ត​មិន​ផ្តល់​ការ​ឈប់សម្រាក​ជា​ផ្លូវការ​ដល់​យុវជន យុវនារី​ខ្មែរក្រោម​នោះ​ទេ មានន័យថា ការចោទប្រកាន់​ទៅលើ​រដ្ឋាភិបាល​វៀតណាម​ ដែលថា​ កំពុង​មាន​ចេតនា​លុបបំបាត់​ពិធីបុណ្យ​ប្រពៃណី​ខ្មែរ​ជា​ប្រការ​មិន​អាច​ប្រកែក​បាន​ឡើយ ។ ការ​ទាមទារ​របស់​ខ្មែរក្រោម​ ប្រហែលជា​មិនមែន​ជា​រឿង​ធ្ងន់ធ្ងរ​នោះ​ទេ ហើយក៏​មិន​ប្រាសចាក ពី​គោលការណ៍​សិទ្ធិមនុស្ស ​ក្នុងនាម​ខ្មែរក្រោម ​ជា​ជនជាតិ​ដើម​ម្ចាស់​ស្រុក ​ដែល​សិទ្ធិ​ក្នុង​ការប្រតិបត្តិ​សាសនា វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ត្រូវ​បាន​ចែង​យ៉ាង​ច្បាស់​នៅក្នុង​សេចក្តី​ប្រកាស អង្គការសហប្រជាជាតិ​ស្តី​ពី​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច ។

មាត្រា ១១ នៃ​សេចក្តី​ប្រកាស​នេះ​ចែងថា ជនជាតិ​ដើម​ភាគតិច​មាន​សិទ្ធិ​ប្រតិបត្តិ និង​ធ្វើ​ឱ្យ​រស់ រវើក​ឡើងវិញ​នូវ​ប្រពៃណី និង​ទំនៀមទម្លាប់​ជាវ​ប្ប​ធម៌​របស់​ខ្លួន ។ សិទ្ធិ​នេះ ​រួមមាន​ទាំង​សិទ្ធិ ក្នុង​ការ​ថែរក្សា ការពារ និង​អភិ​វឌ្ឍ​អ្វី​ៗ ដែល​បង្ហាញ​ពីអ​ត្ត​សញ្ញាណ​វប្បធម៌​របស់​ខ្លួន​ ដែល​មាន ពីអ​តី​តកាល បច្ចុប្បន្ន និង​អនាគត ដូចជា​តំបន់​បុរាណវិទ្យា និង​តំបន់​ប្រវត្តិ​សាស្រ្ត បុរាណវត្ថុ រចនាបថ ពិធីបុណ្យ បច្ចេកវិទ្យា និង​សិល្បៈ ទស្សនីយភាព និង​ការសំដែង​សិល្បៈ និង​អក្សរ សាស្រ្ត ។
ក្នុងនាម​ប្រទេស​វៀតណាម​ ជារ​ដ្ឋ​ភាគី​នៃ​សេចក្តី​ប្រកាស​នេះ ប្រទេស​វៀតណាម​ត្រូវ​ផ្តល់​ឱ្យខ្មែរក្រោម​នូវ​ដំណោះស្រាយ​ តាមរយៈ​យន្តការ​ណាមួយ​ប្រកបដោយ​ប្រសិទ្ធភាព ​ដើម្បីអនុញ្ញាត​ឱ្យ​យុវជន យុវនារី ខ្មែរក្រោម​មានឱកាស​ពេញលេញ​ក្នុង​ការប្រតិបត្តិ ថែរក្សា ប្រពៃណី ទំនៀមទម្លាប់​របស់​ខ្មែរក្រោម ។
ដូច្នេះ​ការ​ទាមទារ​ក្នុង​ពេល​កន្លងទៅ​របស់​យុវជន យុវនារី ខ្មែរក្រោម ​ដែល​ជា​កម្មករ កម្មការិនី នៅ​តាម​បណ្តា​រោងចក្រ​នានា​នៅក្នុង​ទីក្រុង គឺជា​ការ​សម​ហេតុផល និង​ស្រប​ទៅតាមច្បាប់ សិទ្ធិមនុស្ស​អន្តរជាតិ​ដែល​ធានា​អំពី​ការគោរព​នូវ​កម្មសិទ្ធិ​ផ្នែក​វប្បធម៌ បញ្ញា សាសនា និង​វប្បធម៌​របស់​ជនជាតិ​ដើម ។
ងាក​មក​និយាយ​ពី​យុវជន យុវនារី ខ្មែរក្រោម​មួយចំនួន​វិញ ។ មើលតាម​រូបភាព​ខាងក្រៅ វា​ហាក់ដូចជា​ថា ​ពួក​គេ​បាន​ចូលរួម​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​របស់​ជនជាតិ​យួន ។ តែ​តាម​ភាពជាក់ស្តែង គេ​កត់សម្គាល់​ឃើញថា សម្រាប់​អ្នក​ដែល​មាន​ឈាមជ័រ​ជាខ្មែរ​ក្រោម ​ពិតប្រាកដ នៅ​តាម​ផ្ទះសម្បែង​របស់​ពួក​គេ គឺ​គ្មាន​ធ្វើពិធី​សែនព្រេន អុជ​ធូប ដុត​ក្រដាស​យ័ន្ត ឬប្រាក់ ឬហៅ​ម៉ុងសាយ​មក​លោត​ជូនពរ​ជ័យ ឱ្យ​ដូច​អ្វី​ដែល​ជនជាតិ​យួន និង​ជនជាតិ​ចិន​តែង​បាន ធ្វើ​នោះ​ទេ គឺ​មិន​មាន​ឡើយ ។ ភាគច្រើន​ខ្មែរក្រោម​ បាន​ត្រឹមតែ​ជួបជុំ​ហូបចុក​សប្បាយ​ជាមួយ គ្នាឯង​ប៉ុណ្ណោះ ។ ប្រការ​នេះ​អាច​ឱ្យ​គេ​សន្និ​ដា្ឋ​នបាន​ថា ខ្មែរក្រោម​នៅតែ​ប្រកាន់​ខ្ជាប់​ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌​របស់​ខ្មែរ​ដដែល គ្មាន​បំណង​ធ្វើខ្លួន​ឯង​ឱ្យ​ក្លាយទៅជា​យួន​នោះ​ទេ ។
ប៉ុន្តែ រូបភាព​នៃ​ការ​ជួបជុំ​ហូបចុក ច្រៀងរាំ​សប្បាយ របស់​យុវជន​ខ្មែរក្រោម នៅ​ចំ​ពេល​ដែល ជនជាតិ​យួន​នៅ​ទូទាំង​ប្រទេស​កំពុង​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​របស់​គេ​ដែរ​នោះ វា​ហាក់ ឱ្យ​គេ​វាយតម្លៃ​ថា យុវជន​ខ្មែរក្រោម​ក៏​កំពុង​ចូលរួម​សប្បាយ​ជាមួយ​ជនជាតិ​យួន​ដែរ បើ​ទោះជា ការ​ជួបជុំ​ហូបចុក​នោះ ពេលខ្លះ​ធ្វើឡើង​តែរ​វាង​ខ្មែរ​និង​ខ្មែរ​គ្នាឯង​ក៏ដោយ​ចុះ ។
មកដល់​ត្រង់នេះ វា​ពិបាក​ណាស់​នៅក្នុង​ការ​ស្តី​បន្ទោស​ទៅលើ​យុវជន​ខ្មែរក្រោម ។ ប៉ុន្តែ​ប្រការ ដែលគេ​មិន​អាច​ប្រកែក​បាន​នោះ គឺ​នៅត្រង់​ថា យុវជន​ខ្មែរក្រោម​ភាគច្រើន​នៅក្នុង​សម័យ បច្ចុប្បន្ន​នេះ មិនសូវ​មានឱកាស​បាន​រស់នៅ​ជួបជុំ​សាច់ញាតិ​នៅក្នុង​ស្រុកកំណើត​របស់​ខ្លួន ឡើយ ហើយ​មិត្តភក្តិ​ដែល​ធ្លាប់​រាប់អាន​គ្នា​តាំងពី​នៅ​វ័យ​កុមារ​នោះ ក៏​ពុំសូវ​មានឱកាស​បាន ជួបគ្នា​ដែរ​ដោយសារតែ​ត្រូវ​ស្វែងរក​របរ​ចិញ្ចឹមជីវិត​នៅ​តាម​ទីក្រុង​តែ​រៀង​ៗខ្លួន ។
ដូច្នេះ ឱកាស​នៃ​ការ​ជួបជុំ​របស់​ពួក​គេ​មាន​មិន​ច្រើន​ទេ គឺ​មានតែ​ពេល​បុណ្យចូលឆ្នាំ​វៀតណាម ឬ តែត នេះឯង ដែល​រដ្ឋាភិបាល​វៀតណាម​ឱ្យ​ឈប់សម្រាក​ពី​ការងារ​ជា​ផ្លូវការ​រយៈពេល​វែង នៅ​ទូទាំង​ប្រទេស​វៀតណាម និង​ដែនដី​កម្ពុជាក្រោម ។
មកដល់​ចំណុច​នេះ គេ​ក៏អាច​សន្និ​ដា្ឋ​នបា​នដែ​រថា ប្រសិនបើ​រដ្ឋាភិបាល​វៀតណាម​ផ្តល់​ការ អនុញ្ញាត​ឱ្យ​យុវជន យុវនារី ខ្មែរក្រោម​ឈប់សម្រាក​ឱ្យ​បាន​ត្រឹមត្រូវ ប្រហែលជា​ពេលវេលា ជួបជុំ​សប្បាយ​របស់​យុវជន​ខ្មែរក្រោម គឺ​មិនមែន​ពេល តែត នោះ​ទេ តែ​ជា​ពេល​បុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ ឬបុណ្យ​សែនដូនតា ឯណោះ​ទៅវិញ​ទេ ។
ប៉ុន្តែ​ក្នុង​ពេល​ជាមួយគ្នា​នេះ យុវជន យុវនារី ខ្មែរក្រោម​ក៏​មិន​ត្រូវ​បណ្តោយ​ខ្លួន​ឱ្យ​ភ្លើតភ្លើន រហូតដល់​ភ្លេច​គិតថា​ខ្លួនឯង​ជាខ្មែរ​នោះ​ដែរ ។
សរុប​សេចក្តី​មកវិញ អ្នក​ដែល​ត្រូវ​ស្តី​បន្ទោស​ខ្លាំង​ជាងគេ​គឺ​រដ្ឋាភិបាល​វៀតណាម​ដែល​ជា​អ្នក រឹតត្បិត​សេរីភាព​ធ្វើបុណ្យ​ទាន​របស់​ខ្មែរក្រោម ។ ដូច្នេះ ខ្មែរក្រោម​នៅ​គ្រប់ទិសទី ត្រូវតែ​បន្ត ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម ផ្តល់​ឱ្យ​ខ្មែរក្រោម​នូវ​ថ្ងៃឈប់​សម្រាក​ជា​ផ្លូវការ​ឱ្យ​បាន គ្រប់គ្រាន់​ដើម្បី​ខ្មែរក្រោម​នៅ​ទូទាំង​ដែនដី​កម្ពុជាក្រោម​អាច​ជួបជុំ​ធ្វើបុណ្យ​ទាន​ទៅតាម​ប្រពៃណី ទំនៀមទម្លាប់​របស់​ខ្លួន​ដែល​បាន​បន្សល់ទុក​តាំងពី​យូរលង់​ណាស់​មក​ហើយ​នោះ ៕

 

More in កម្ពុជាក្រោម

Advertisement

អត្ថបទពេញនិយមបំផុត

Advertisement
Trulli
To Top