អាស៊ាន
មីយ៉ាន់ម៉ា ៖ ដំណើររប៉ាក់រប៉ើកនៃលទ្ធិប្រជាធិបតេយ្យ
ក្រុមយោធាបានដឹកនាំប្រទេសមីយ៉ាន់ម៉ាអស់រយៈពេលជាច្រើនឆ្នាំចាប់តាំងពីប្រទេសមួយនេះ ទទួលបានឯករាជ្យពីប្រទេសអង់គ្លេសនៅឆ្នាំ ១៩៤៨ មក ។ ក្រោយទទួលបានឯករាជ្យ របបប្រជាធិបតេយ្យនៅមីយ៉ានម៉ាបានដំណើរការមួយរយៈពេល ប៉ុន្តែនៅឆ្នាំ ១៩៦២ មេទ័ព យោធាឈ្មោះ អ៊ូ នេ វីន (U Ne Win) បានធ្វើរដ្ឋប្រហារយោធា ហើយបានឡើងកាន់អំណាច រហូតដល់ឆ្នាំ ១៩៨៨ ។
ក្នុងរយៈពេល ២៦ ឆ្នាំ នៃការគ្រប់គ្រងរបស់មេដឹកនាំយោធា អ៊ូ នេ វីន ប្រទេសភូមាបានជួប ប្រទះនូវវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ សំបូរទៅដោយទីផ្សារងងឹត អំពើពុករលួយពាសពេញប្រទេស និងពលរដ្ឋគ្មានស្បៀងអាហារបរិភោគគ្រប់គ្រាន់ ។កត្តាទាំងអស់នេះបានជំរុញឱ្យបាតុកម្មតវ៉ាដឹកនាំដោយនិសិ្សតនៅក្នុងខែសីហា ឆ្នាំ ១៩៨៨ ប៉ុន្តែត្រូវបានរបបយោធាបង្ក្រាបយ៉ាងចាស់ដៃ បណ្តាលឱ្យមនុស្សប្រមាណ ៣.០០០ នាក់បាត់បង់ជីវិត ។
ទោះជាយ៉ាងណា ឧត្តមសេនីយ៍ អ៊ូ នេ វីន បានបោះបង់តំណែងជាប្រធានបក្ស ដើម្បីបើកផ្លូវ ឱ្យរបបយោធាថ្មីឡើងកាន់តំណែងបន្ត ប៉ុន្តែគេដឹងថាលោក អ៊ូ នេ វីន នៅតែបន្តដើរតួពីខាង ក្រោយឆាកនយោបាយដដែល ។ នៅឆ្នាំ ១៩៨៩ របបយោធាបានប្តូរឈ្មោះប្រទេសពី សហភាពភូមា ទៅជា សហភាពមីយ៉ាន់ម៉ា និងប្តូរឈ្មោះរដ្ឋធានីពី រ៉ែងហ្គូន (Rangoon) ទៅជា យ៉ាងហ្គូន (Yangon) វិញ ហើយនៅឆ្នាំ ២០០៥ រដ្ឋាភិបាលយោធាក៏បានលើករដ្ឋធានីរដ្ឋបាល ទៅដាក់នៅណៃពិដរ (Nay Pyi Taw) ដែលឋិតនៅចំកណ្តាលប្រទេស ។
រហូតដល់ឆ្នាំ ២០០៧ បាតុកម្មតវ៉ាជាថ្មីទៀតដោយមានការចូលរួមរបស់ព្រះសង្ឃផងដែរ បានផ្ទុះឡើងក្រោយពីតំលៃប្រេងបានហក់ឡើងខ្ពស់ខ្លាំង ។ ការតវ៉ាពេលនោះត្រូវបានគេហៅ ថា បដិវត្តន៍ពណ៌លឿង ឬ Saffron Revolution ដោយសារតែមានព្រះសង្ឃចូលរួមច្រើន ។ ដោយរងសម្ពាធពីខាងក្នុងផង និងពីសហគមន៍អន្តរជាតិផង និងដោយសាររបបយោធា ហាក់ ចង់បើកចំហប្រទេសខ្លួនដើម្បីទាក់ទាញវិនិយោគិនបរទេស កាត់បន្ថយការពឹងពាក់ខ្លាំងលើ ប្រទេសចិន និងកសាងទំនាក់ទំនងជាមួយប្រទេសផ្សេងៗ ទៀតផង របបយោធាបានបង្កើតរដ្ឋ ធម្មនុញ្ញថ្មីនៅក្នុងឆ្នាំ ២០០៨ ដែលនៅតែផ្តល់អំណាចដល់ក្រុមយោធាភូមាច្រើនដដែលបើ ទោះជាថ្ងៃណាមួយប្រទេសមីយ៉ាន់ម៉ាដឹកនាំដោយរដ្ឋាភិបាលស៊ីវិលក្តី ។នៅឆ្នាំ ២០១១ របបយោធាត្រូវបានរំលាយចោលជាផ្លូវការដែលជារឿងមួយពិភពលោកនឹក ស្មានមិនដល់ ហើយរដ្ឋាភិបាលអន្តរកាលមួយត្រូវបានបង្កើតឡើង និងមានលោក ថេន សេន (Thein Sein) ធ្វើជាប្រធានាធិបតី ។
ចាប់តាំងពីឆ្នាំ ២០១១ នោះមក លោក ថេន សេន បានចាប់ផ្តើមធ្វើកំណែទម្រង់ប្រទេសជាតិ ដោយរួមមានការផ្តល់ការលើកលែងទោសដល់អ្នកទោសនយោបាយ ការបន្ធូរបន្ថយការរឹត ត្បិតលើសេរីភាពសារព័ត៌មាន និងការចាប់ផ្តើមអនុវត្តគោលនយោបាយសេដ្ឋកិច្ចដែលលើក ទឹកចិត្តឱ្យមានការវិនិយោគពីក្រៅប្រទេស ។ នៅឆ្នាំ ២០១៥ ប្រទេសមីយ៉ាន់ម៉ាបានរៀបចំការ បោះឆ្នោតមួយដែលត្រូវបានគេមើលឃើញថាជាការបោះឆ្នោតដែលមានភាពសេរី និងត្រឹម ត្រូវបំផុតមិនធ្លាប់មាន ចាប់តាំងពីពេលប្រទេសឋិតក្រោមការគ្រប់គ្រងរបស់ពួកយោធានៅឆ្នាំ ១៩៦២ មក ។
គណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ។ ប៉ុន្តែអ្នកស្រី អ៊ុងសាន ស៊ូជី មិនអាចកាន់តំណែងជាប្រធានាធិបតីបានទេ ដោយសារតែរដ្ឋធម្មនុញ្ញ ដែលតាក់តែងដោយពួកយោធាមិនអនុញ្ញាតិ ។ រដ្ឋសភាបានបោះឆ្នោតជ្រើសរើសលោក ធិន ច (Htin Kyaw) ដែលជាមនុស្សស្និទ្ធនឹងអ្នកស្រី ស៊ូជី ឱ្យធ្វើជាប្រធានាធិបតីនៃរដ្ឋាភិបាល ស៊ីវិល ។ ចំណែកអ្នកស្រី ស៊ូជី ត្រូវបានតែងតាំងជាក្រុមប្រឹក្សារដ្ឋ និងត្រូវបានគេមើលឃើញ ថាជាតួអង្គសំខាន់នៅក្រោយឆាកកាន់ចង្កូតដឹកនាំរបស់រដ្ឋាភិបាលស៊ីវិលថ្មីនេះ ។
អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) គឺជាកូនស្រីរបស់លោក អ៊ុងសាន ដែលជាអតីតឧត្តមសេនីយ៍ និងជាវីរបុរសទាមទារឯករាជ្យពីប្រទេសអង់គ្លេសឱ្យភូមា ។ អ្នកស្រីត្រូវបានគេស្គាល់ខ្លាំងនៅពេលមានបាតុកម្មតវ៉ារបស់និស្សិតផ្ទុះឡើងនៅក្នុងឆ្នាំ ១៩៨៨ ប្រឆាំងនឹងការដឹកនាំរបស់លោក អ៊ូ នេ វីន ។ ក្រោយពីមានការបង្រ្កាប អ្នកស្រី ស៊ូជី និងមនុស្សមួយចំនួនទៀតបានបង្កើតបក្សប្រឆាំងមួយ ឈ្មោះថា គណបក្សសម្ព័ន្ធជាតិដើម្បី លទ្ធិប្រជាធិបតេយ្យ (NLD) ។ អ្នកស្រីត្រូវបានរបបយោធាចាប់ខ្លួននៅក្នុងឆ្នាំ ១៩៨៩ ដាក់ពន្ធនាគារ និងឃុំខ្លួនក្នុងផ្ទះ រហូតដល់ពេលត្រូវបានដោះលែងនៅឆ្នាំ ២០១០ ។ នៅឆ្នាំ ១៩៩១ អ្នកស្រីត្រូវបានគណៈកម្មាធិការណូបែល ផ្តល់រង្វាន់ណូបែលសន្តិភាពក្នុងពេលដែល អ្នកស្រីកំពុងជាប់ឃុំនៅឡើយ ។
បើទោះជាគណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យដឹកនាំប្រទេសចាប់ពីឆ្នាំ ២០១៥ ក្តី ក្រុមយោធានៅតែបន្តមានសិទ្ធិអំណាចជាច្រើនដដែល ព្រោះថារដ្ឋធម្មនុញ្ញដែលពួកគេតាក់ តែងឡើងនៅឆ្នាំ ២០០៨ បានបញ្ចូលនូវបទបញ្ញតិ្តមួយចំនួនដែលការពារអំណាចរបស់ពួកគេ ។ ក្នុងនោះ អាសនៈសភា ២៥% ត្រូវរក្សាទុកសម្រាប់ពួកយោធាដោយស្វ័យប្រវត្តិ ។ រាល់ការ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវការសំឡេងគាំទ្រជាង ៧៥% នៅក្នុងរដ្ឋសភា ។ នេះមានន័យ ថា ក្រុមយោធាមានសំឡេងគ្រប់គ្រាន់នៅក្នុងការបោះឆ្នោតប្រឆាំងរាល់ការធ្វើការកែប្រែរដ្ឋ ធម្មនុញ្ញដែលខ្លួនមិនពេញចិត្ត ។ បន្ថែមពីលើនេះ ក្រុមយោធាបានបង្កើតគណបក្ស នយោបាយមួយមានឈ្មោះថា គណបក្សអភិវឌ្ឍន៍ និងសាមគ្គីសហភាព ដែលគណបក្សនេះ មានអំណាចគ្រប់គ្រងក្រសួងសំខាន់ៗ មួយចំនួន ដូចជាក្រសួងការពារប្រទេស ក្រសួង មហាផ្ទៃ និងក្រសួងកិច្ចការងារព្រំដែន ។
នៅខែវិច្ឆិកា ឆ្នាំ ២០២០ មីយ៉ាន់ម៉ាបានរៀបចំការបោះឆ្នោតជាថ្មីទៀត ។ គណបក្សសម្ព័ន្ធ ដើម្បីលទ្ធិប្រជាធិបតេយ្យរបស់អ្នកស្រី អ៊ុងសាន ស៊ូជី នៅតែជាប់ឆ្នោតភ្លូកទឹកភ្លូកដីដដែល ដោយទទួលបានអាសនៈសភាចំនួន ៣៩៦ ក្នុងចំណោម អាសនៈសរុប ៤៧៦ ខណៈដែល គណបក្សអភិវឌ្ឍន៍ និងសាមគ្គីសហភាព របស់ពួកយោធា ទទួលបានតែ ៣៣ អាសនៈ ប៉ុណ្ណោះ ។ ក្រុមយោធាមិនពេញចិត្តនឹងការបោះឆ្នោតនេះ ដោយ ចោទប្រកាន់ថាមានការ ក្លែងបន្លំសន្លឹកឆ្នោត បើទោះជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់មីយ៉ាន់ ម៉ាថាមិនមានការក្លែងបន្លំក្តី ។
ទីបំផុត ក្រុមយោធាបានធ្វើរដ្ឋប្រហារនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១ ដោយចាប់ឃុំខ្លួនអ្នកស្រី អ៊ុងសាន ស៊ូជី និងសមាជិកសភាផ្សេងទៀតនៃគណបក្ស NLD ឃុំខ្លូននៅក្នុងផ្ទះ ហើយបាន ប្រកាសជ្រើសរើសឧត្តមសេនីយ៍ មីន អ៊ុង លាំង (Min Aung Hlaing) ដឹកនាំប្រទេសក្នុង រយៈពេល ១ ឆ្នាំក្នុងពេលប្រទេសត្រូវបានដាក់ឱ្យស្ថិតនៅក្នុងភាពអាសន្ន ។ របបយោធា ប្រកាសថាការបោះឆ្នោតនឹងត្រូវរៀបចំជាថ្មីទៀតនៅពេលស្ថានភាពអាសន្នត្រូវបានបញ្ចប់ ។
ក្រោយរដ្ឋប្រហារ សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ បានថ្កោលទោស ខ្លះកាត់ផ្តាច់ទំនាក់ទំនងជាមួយមីយ៉ាន់ម៉ា និងគម្រាមដាក់ទណ្ឌកម្មទៅ លើរបបយោធា និងបុគ្គលសំខាន់ៗដែលបង្កើតឱ្យមានរដ្ឋប្រហារនេះ ។
ចំណែកប្រជាជនមីយ៉ាន់ម៉ា និងជនជាតិផ្សេងៗ ទៀត នៅក្នុងប្រទេសនេះ បានប្រមូលផ្តុំគ្នា ធ្វើបាតុកម្ម ទាមទារឱ្យរបបយោធា ដោះលែងអ្នកស្រី អ៊ុងសាន ស៊ូជី អ្នកទោសនយោបាយ ព្រមទាំងស្តារឡើងវិញនូវលទ្ធប្រជាធិបតេយ្យនៅក្នុងប្រទេស ។ ការតវ៉ានេះ ត្រូវបាន គេមើលឃើញថា ជាការតវ៉ាទ្រង់ទ្រាយធំមិនធ្លាប់មានចាប់តាំងពីមានការតវ៉ា ឬបដិវត្តន៍ពណ៌លឿង នៅឆ្នំា ២០០៧ មក ។
ឆ្លើយតបទៅនឹងបាតុកម្មទំាងនេះ ក្រុមយោធាបានប្រកាសប្រើច្បាប់អាជ្ញាសឹក ហាមមិនឱ្យ មានការប្រមូលផ្តុំ បានប្រើកាណុងបាញ់ទឹកបាញ់បំបែកហ្វូងបាតុករ ប្រើគ្រាប់កាំភ្លើងជ័រ និងគ្រាប់ពិត បាញ់ទៅលើហ្វូងមនុស្សបណ្តាលឱ្យបាតុករមួយចំនួនរងរបួសធ្ងន់និងស្រាល ។ ក្រៅពីនោះ របបយោធា ក៏បានបញ្ចេញរថក្រោះ រថពាសដែក នៅតាមដងផ្លូវដើម្បីគំរាម កំហែងបាតុករ ។ ចំណែកប្រព័ន្ធអ៊ីនធឺណិតក៏ត្រូវបានពួកយោធាកាត់ផ្តាច់ស្ទើរទូទាំងប្រទេស ផងដែរ ។
មីយ៉ាន់ម៉ាមានប្រជាជនប្រមាណ ៥៧ លាននាក់ មានជនជាតិផ្សេងៗគ្នារស់នៅ ក្នុងនោះជនជាតិភូមាចំនួន ៦៨% ជនជាតិសាន ៩% ជនជាតិការ៉ែន ៧% ជនជាតិរ៉ាក់ឃីន ៤% ជនជាតិចិន ៣% ជនជាតិឥណ្ឌា ២% ជនជាតិមន ២% និងជនជាតិផ្សេងៗ ទៀតចំនួន ៥% ។ បើនិយាយពីសាសនាវិញ អ្នកកាន់សាសនាព្រះពុទ្ធមានប្រមាណ ៨៨% នៃប្រជាជន សរុប ។ បើនិយាយពីសេដ្ឋកិច្ច មីយ៉ាន់ម៉ា មានផលិតផលដុលក្នុងស្រុកសរុបចំនួន ៧៦ ពាន់លានដុល្លារ និងមានផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់ប្រហែល ១.៤០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ ។
ចាប់តាំងពីក្រុមយោធាធ្វើកំណែទម្រង់ប្រទេសនៅឆ្នាំ ២០១១ មក វិនិយោគពីបរទេសបាន ហក់ឡើងយ៉ាងឆាប់រហ័ស គឺពី ៩០០ លានដុល្លារក្នុងឆ្នំា ២០១០ រហូតដល់ ៤.០០០ លាន ដុល្លារនៅក្នុងឆ្នាំ ២០១៧ ។ ប្រទេសផ្តល់ជំនួយ ដូចជា សហភាពអឺរ៉ុប ជប៉ុន និងសហរដ្ឋ អាមេរិក បានបង្កើនយ៉ាងឆាប់រហ័សនូវជំនួយផ្តល់ដល់ប្រទេសមីយ៉ាន់ម៉ា ដែលធ្វើឱ្យប្រទេស នេះក្លាយជាប្រទេសមួយដែលទទួលបានជំនួយអន្តរជាតិច្រើនបំផុតនៅលើពិភពលោក ។
ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិនិយោគបរទេស និងកំណើនសេដ្ឋកិច្ចមានការ ធ្លាក់ចុះ មួយផ្នែកដោយសារមានការរំលោភសិទ្ធិមនុស្សទៅលើជនជាតិរ៉ូហីងយ៉ាប្រព្រឹត្ត ដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ។ ក្នុងពេលជាមួយគ្នា ការរីករាលដាល់នៃជំងឺកូវីដ-១៩ នៅលើពិភពលោក ក៏បានជះឥទ្ធិពលអាក្រក់ទៅលើកំណើនសេដ្ឋកិច្ចមីយ៉ាន់ម៉ាថែមទៀត ។ មានការទស្សទាយថា រដ្ឋប្រហាររបស់ក្រុមយោធានៅពេលនេះ នឹងអូសទាញសេដ្ឋកិច្ចមីយ៉ាន់ ម៉ាឱ្យកាន់តែធ្លាក់ចុះខ្លាំងថែមទៀត ។
តើប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មធំជាងគេបង្អស់របស់មីយ៉ាន់ម៉ា និងមានទំនាក់ទំនង ការទូតជិតស្និទ្ធជាមួយមីយ៉ាន់ម៉ាមានជំហរបែបណាចំពោះពួកយោធា ? ប្រទេសចិនមិនទាន់ ឃើញមានប្រតិកម្មអ្វីធំដុំឡើយ ។ អ្នកជំនាញសន្និដ្ឋានថារដ្ឋប្រហារពេលនេះ អាចនឹងទាញ ប្រទេសមីយ៉ាន់ម៉ាឱ្យកាន់តែខិតជិតចូលប្រទេសចិនបន្ថែមទៀត ក្នុងពេលដែលប្រទេស ផ្សេងៗទៀត កំពុងតែពិចារណាដាក់ទណ្ឌកម្មជាថ្មីលើក្រុមយោធា ។
ជាក់ស្តែង ទីក្រុងប៉េកាំងបានប្រើតួនាទីរបស់ខ្លួនក្នុងនាមជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ដើម្បីការពារក្រុមយោធាពីការរិះគន់ជាអន្តរជាតិ ។
ចំពោះសហរដ្ឋអាមេរិកវិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃឌិន (Joe Biden) បានរិះ គន់រដ្ឋប្រហារនៅពេលនេះ ។ លោកបានថ្លែងថាសហរដ្ឋអាមេរិកនឹងធ្វើការងារជាមួយ ដៃគូរបស់ខ្លូន ដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ លោក ចូ បៃឌិន ក៏បានទាមទារឱ្យក្រុមយោធាដោះលែងមនុស្សដែលត្រូវបានចាប់ខ្លួនក្នុងពេលរដ្ឋ ប្រហារ និងបានព្រមានចាត់វិធានការដាក់ទណ្ឌកម្មប្រឆាំងរបបយោធា និងបុគ្គលដែល ទទួលខុសត្រូវ បង្កឱ្យមានរដ្ឋប្រហារនេះកើតឡើង ៕