កូរ៉េខាងជើងថានឹងកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសម៉ាឡេស៊ីបន្ទាប់ពីតុលាការនៅ ក្នុងប្រទេសអាស៊ានមួយនេះបានធ្វើសេចក្តីសម្រេចថា ពលរដ្ឋកូរ៉េខាងជើងម្នាក់អាចនឹងត្រូវ ធ្វើបត្យាប័ន ឬបញ្ជូនទៅកាន់សហរដ្ឋអាមេរិកដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទលាង លុយកខ្វក់នៅទីនោះ ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) និងត្រូវបានផ្សាយបន្តដោយ Aljazeera នៅថ្ងៃទី១៩ ខែមីនា នេះ ។
A car goes out of the North Korean Embassy in Kuala Lumpur, Malaysia, Friday, March 19, 2021. North Korea on Friday said it was cutting diplomatic ties with Malaysia to protest a recent court ruling that allows a North Korean citizen to be extradited to the United States to face money laundering charges. (AP Photo/Vincent Thian) The Associated Press
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដែលផ្សាយដោយ KCNA ក្រសួងការបរទេសកូរ៉េខាងជើង ក៏បានព្រមានទីក្រុងវ៉ាស៊ីនតុនថា សហរដ្ឋអាមេរិក នឹងបង់ថ្លៃចំពោះរឿងនេះ ។
សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងមិនបានបញ្ជាក់ឈ្មោះពលរដ្ឋខ្លួនដែលត្រូវម៉ាឡេស៊ីធ្វើ បត្យាប័ននោះទេ ប៉ុន្តែគេដឹងថាកាលពីដើមខែមីនានេះ តុលាការនៅម៉ាឡេស៊ីបានឱ្យដឹងថា បុរសជនជាតិកូរ៉េខាងជើងឈ្មោះ Mun Chol Myong អាចត្រូវបានធ្វើបត្យាប័ន ។
នៅមិនទាន់ឃើញមានការឆ្លើយតបបែបណាពីរដ្ឋាភិបាលម៉ាឡេស៊ីចំពោះការព្រមានរបស់កូរ៉េ ខាងជើងនៅពេលនេះនៅឡើយទេ ។
លោក Mun Chol Myong បានរស់នៅក្នុងប្រទេសម៉ាឡេស៊ីរយៈពេល ១០ ឆ្នាំហើយ ។ លោក ត្រូវបានអាជ្ញាធរម៉ាឡេស៊ីចាប់ខ្លួនកាលពីខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីអាជ្ញាធរអាមេរិកស្នើ ឱ្យធ្វើបត្យាប័នរូបលោកទៅកាន់ទឹកដីអាមេរិក ។
ប៉ុន្តែលោក Mun Chol Myong បានច្រានចោលការចោទប្រកាន់មកលើរូបលោកដោយ រដ្ឋាភិបាលអាមេរិកដែលថាលោកបានបញ្ជូនទំនិញប្រណីតដែលហាមឃាត់ពីប្រទេសសឹង្ហបុរីទៅកាន់កូរ៉េខាងជើងប្រឆាំងទៅនឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដែលដាក់លើកូរ៉េ ខាងជើង ពេលដែលលោកបានរស់នៅក្នុងប្រទេសសឹង្ហបុរី មុននឹងផ្លាស់ទៅរស់នៅក្នុង ប្រទេសម៉ាឡេស៊ី នៅឆ្នាំ២០០៨ ។
លោកបានរិះគន់ថា ចំណាត់ការមកលើរូបលោកគឺជារឿងនយោបាយ ហើយថាលោកគឺជា ជនរងគ្រោះនៅក្នុងរឿងនេះ ស្របពេលដែលអាមេរិកកំពុងដាក់សម្ពាធលើកូរ៉េខាងជើងជុំវិញ បញ្ហាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។
អង្គការសហប្រជាជាតិបានដាក់ទណ្ឌកម្មដោយហាមឃាត់មិនឱ្យមាន ការនាំចេញ ទៅកាន់ប្រទេសកូរ៉េខាងជើងនូវទំនិញប្រណីតមួយចំនួនដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្មលើទីក្រុងព្យុងយ៉ាងដោយអង្គការសហប្រជាជាតិ និងបណ្តាប្រទេសដទៃទៀត រួមទាំងសហរដ្ឋអាមេរិកផងដែរ ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែររងបស់កូរ៉េខាងជើង ។
ទំនាក់ទំនងរវាងម៉ាឡេស៊ី និងកូរ៉េខាងជើងបានធ្លាក់ចុះខ្លាំងចាប់តាំងពីកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ ពីបងប្រុសរបស់លោក គីម ជុងអ៊ុន ឈ្មោះ គីម ជុងណាម ត្រូវបានសម្លាប់ដោយការបាញ់ សារធាតុពុលលើផ្ទៃមុខក្នុងពេលដែលលោកកំពុងរង់ចាំជើងយន្តហោះធ្វើដំណើរចាកចេញ ពីប្រទេសម៉ាឡេស៊ី ។
លោក គីម ជុងអ៊ុន ត្រូវគេបានគេចោទថានៅពីក្រោយការសម្លាប់នេះ ហើយកូរ៉េខាងជើងបាន ទាមទារឱ្យម៉ាឡេស៊ីប្រគល់សាកសពលោក គីម ជុងណាម ទៅឱ្យកូរ៉េខាងជើងវិញ ក្រោយពី កូរ៉េបង្ខាំងខ្លួនជនជាតិម៉ាឡេស៊ី ៩ នាក់ដើម្បីជាថ្នូរនឹងការដោះដូរជាមួយសាកសពរបស់លោក គីម ជុងណាម ។ ម៉ាឡេស៊ីក៏បានផ្អាកប្រតិបត្តិការស្ថានទូតរបស់ខ្លួននៅប្រទេសកូរ៉េខាងជើង រហូតដល់សព្វថ្ងៃបន្ទាប់ពីពលរដ្ឋខ្លួនទាំង ៩ នាក់បានត្រឡប់មកស្រុកវិញដោយសុវត្ថិភាព ។ ប៉ុន្តែស្ថានទូតរបស់កូរ៉េខាងជើងនៅក្នុងប្រទេសម៉ាឡេស៊ីនៅតែបន្តដំណើរការធម្មតាចាប់តាំងពីពេលនោះមក ។
នៅមិនទាន់ដឹងថា តើកូរ៉េខាងជើងនឹងឈប់ប្រតិបត្តិការស្ថានទូតរបស់ខ្លួននៅក្នុង ប្រទេសម៉ាឡេស៊ី ឬយ៉ាងណានោះទេ ។
ដំណឹងនៃការធ្វើបត្យាប័នពលរដ្ឋកូរ៉េខាងជើងទៅកាន់ទឹកដីអាមេរិកនេះ ក៏ជួនចំពេលដែល កូរ៉េខាងជើងកំពុងតំឡើងសរសៃកដាក់សហរដ្ឋអាមេរិកជុំវិញរឿងអាមេរិកធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង និងការរៀបចំគោលនយោបាយរបស់អាមេរិកជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីដាក់សម្ពាធលើកូរ៉េខាងជើង ជុំវិញបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសមួយនេះ ៕