របបយោធាមីយ៉ាន់ម៉ាកំពុងធ្វើឱ្យពិភពលោកតក់ស្លុតចំពោះសកម្មភាពយង់ឃ្នងរបស់ខ្លួន ដែលបានផ្តាច់ផ្តិលជីវិតមនុស្សជាង ១០០ នាក់នៅចំថ្ងៃរបបយោធាប្រារព្ធទិវាកងទ័ពនៅថ្ងៃទី ២៧ ខែមីនា ដែលជាការផ្តាច់ផ្តិលជីវិតអ្នកតវ៉ាច្រើនជាងគេបង្អស់ចាប់តាំងពីមានរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលដឹកនាំដោយគណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់អ្នកស្រី អ៊ុងសាន ស៊ូជី នៅថ្ងៃទី១ ខែកុម្ភៈ មក ។
ប្រតិកម្មភ្លាមៗទៅនឹងការបាញ់សម្លាប់នេះ ស្ថានទូតសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចក្រភព អង់គ្លេសប្រចាំប្រទេសមីយ៉ាន់ម៉ា បានចេញមុខថ្កោលទោសអំពើឃោរឃៅនេះ និងបានចាត់ ទុកការអនុវត្តរបស់ក្រុមសមត្ថកិច្ចមីយ៉ាន់ម៉ាថាផ្ទុយពីវិជ្ជាជីវៈ នៃកងកម្លាំងសមត្ថកិច្ចដែលមាន តួនាទីការពារប្រជាពលរដ្ឋ មិនមែនសម្លាប់ប្រជាពលរដ្ឋនោះទេ ។
ដោយឡែករដ្ឋមន្រ្តីការពារជាតិប្រទេសប្រជាធិបតេយ្យចំនួន ១២ ក៏បានចេញមុខថ្កោលទោស របបយោធាមីយ៉ាន់ម៉ាផងដែរ ។
ប្រទេសទាំង ១២ នោះរួមមាន អូស្រ្តាលី កាណាដា អាល្លឺម៉ង់ ក្រិក អ៊ីតាលី ជប៉ុន ដាណាម៉ាក ហូឡង់ ណូវែលហ្សេឡង់ កូរ៉េខាងត្បូង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ។
សេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិទាំង ១២ លើកឡើងថា សមត្ថកិច្ចដែល មានវិជ្ជាជីវៈមានការទទួលខុសត្រូវចំពោះការការពារប្រជាជន មិនមែនធ្វើបាបប្រជាជននោះ ទេ ។ ពួកគេបានជំរុញឱ្យរបបសឹកមីយ៉ាន់ម៉ាបញ្ចប់អំពើហិង្សានៅក្នុងប្រទេស ស្តារ និងគោរព តំលៃរបស់មនុស្សដែលពលរដ្ឋមីយ៉ាន់ម៉ាបានបាត់បង់ដោយសារតែសកម្មភាពរបស់ក្រុមយោធា ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អានតូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) មានប្រសាសន៍ថា លោកតក់ស្លុតចំពោះការសម្លាប់ដោយរបបយោធាដែលក្នុងនោះរួមមាន ទាំងកុមារ ផងដែរ ។
លោកថ្លែងថា ការបន្តបង្រ្កាបដោយរបបយោធាគឺមិនអាចទទួលយកបានដែលទាមទារឱ្យមាន ការឆ្លើយតបជាធ្លុងមួយ និងម៉ឺងម៉ាត់ពីសហគមន៍អន្តរជាតិ ។
រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក អាន់តូនី ប្លីងខេន (Antony Blinken) និយាយថា ប្រទេសមីយ៉ាន់ម៉ាកំពុងរងទុក្ខដោយអំពើបង្ហូរឈាមប្រព្រឹត្តដោយកម្លាំងសមត្ថកិច្ចយោធា មីយ៉ាន់ម៉ា ដែលជាការបង្ហាញថា របបនេះកំពុងយកជីវិតប្រជាជនរបស់ខ្លួនដើម្បីបំរើមនុស្ស មួយក្តាប់តូចដែលកំពុងកាន់អំណាច ។
អង្គការលើកលែងទោសអន្តរជាតិ Amnesty International បានសម្តែងការព្រួយបារម្ភ នៅពេលដែលសហគមន៍អន្តរជាតិមិនបានធ្វើសកម្មភាពឱ្យបានគ្រប់គ្រាន់ដើម្បីបញ្ឈប់អំពើ ហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ។
ចំណែកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Jeo Biden) បានសម្តែងការមិនពេញ ចិត្តជាខ្លាំងចំពោះទង្វើរបស់របបយោធា ។ លោកបញ្ជាក់ថាសកម្មភាពរបស់ពួកគេជារឿង អាក្រក់ខ្លាំងណាស់ ។
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មមួយចំនួនរួចហើយទៅលើរបបយោធាមីយ៉ាន់ម៉ាចាប់តាំង ពីមានរដ្ឋប្រហារមក ។ សហភាពអឺរ៉ុប ចក្រភពអង់គ្លេស កាណាដា អូស្រ្តាលី ណូវែលហ្សេ ឡង់ ក៏បានដាក់ទណ្ឌកម្មផងដែរ ។ ទោះជាយ៉ាងណា ក្រុមយោធាមិនបានបន្ធូរដៃចំពោះប្រ ជនជនរបស់ខ្លួននោះឡើយ ។ ការបង្រ្កាបកាន់តែសាហាវ ចំនួនមនុស្សស្លាប់ក៏កាន់តែមាន ច្រើនឡើងជារៀងរាល់ថ្ងៃ ។
បើតាមសមាគមផ្តល់ជំនួយសម្រាប់អ្នកទោសនយោបាយនៅមីយ៉ាន់ម៉ា អះអាងថា គិតត្រឹម ព្រឹកថ្ងៃទី២៩ ខែមីនា នេះ មានមនុស្សចំនួន ៤៥៩ នាក់ហើយត្រូវរបបយោធាបាញ់សម្លាប់ ។
ក្រៅតែពីបង្រ្កាបទៅលើអ្នកតវ៉ា មានសេចក្តីរាយការណ៍ថារបបយោធាក៏បានបើកប្រតិបត្តិ យោធាតាមផ្លូវអាកាសបាញ់ទៅលើតំបន់គ្រប់គ្រងដោយកងកម្លាំងសហភាពជាតិការ៉ែន (Karen National Union) ដែលស្ថិតនៅប៉ែកខាងត្បូងជាប់ព្រំដែនជាមួយប្រទេសថៃផងដែរ ។
គួរបញ្ជាក់ថា សហភាពជាតិការ៉ែន បានចេញមុខថ្កោលទោសរបបយោធាមីយ៉ាន់ម៉ាដែល ប្រើប្រាស់ហិង្សាលើប្រជាជនស៊ីវិល ។ កត្តានេះហើយដែលធ្វើឱ្យកងទ័ពមីយ៉ាន់ម៉ាបើកការ វាយប្រហារទៅលើដែនដីគ្រប់គ្រងដោយពួកគេ ។
សារព័ត៌មាន Aljazeera បានផ្សាយកាលពីយប់ថ្ងៃទី២៨ ខែមីនា ថា ប្រជាជនប្រមាណ ៣.០០០ នាក់នៅក្នុងតំបន់ការ៉ែន បានភៀសខ្លួនទៅកាន់ទឹកដីថៃនៅក្បែរនោះដើម្បីស្វែងរកទីកន្លែង សុវត្ថិភាពក្រោយរបបយោធាបានបើកប្រតិបត្តិការយោធាផ្លូវអាកាសទៅលើតំបន់ពួកគេរស់ នៅ ។
មិនទាន់មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ដោយសារការវាយប្រហារនេះនៅឡើយទេ ប៉ុន្តែបើតាមអង្គការការពារស្រ្តីការ៉ែន បានឱ្យដឹងថា ក្រៅតែពីមានមនុស្សប្រមាណ ៣ ពាន់ នាក់រត់ភៀសខ្លួនទៅកាន់ប្រទេសថៃ មនុស្សមួយចំនួនទៀតកំពុងលាក់ខ្លួននៅក្នុងព្រៃ ។
អង្គការមួយនេះបានអំពាវនាវឱ្យសហគមន៍អន្តរជាតិធ្វើការតបតជាមួយរបបយោធាដែល កំពុងប្រព្រឹត្តអំពើឃោរឃៅលើប្រជាជនរបស់ខ្លួន ។
កងកម្លាំងនៃសហភាពជាតិការ៉ែន បានចុះកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយរដ្ឋាភិបាល មីយ៉ាន់ម៉ាកាលពីឆ្នាំ ២០១៥ ប៉ុន្តែភាពតានតឹងរវាងក្រុមនេះជាមួយក្រុមយោធាបានកើតមាន ឡើងក្រោយពេលដែលមានរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលដឹកនាំដោយគណបក្សរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ។
ក្រៅពីសហភាពជាតិការ៉ែន ក៏មានកងកម្លាំងនៃជនជាតិភាគតិចផ្សេងទៀតដែរ គឺក្រុមប្រឹក្សាស្តារនៃរដ្ឋសាន (Restoration Council of Shan State) បានចេញ មុខថ្កោលទោសរដ្ឋប្រហាររបស់ក្រុមយោធា និងការបង្រ្កាបរបស់ពួកយោធាទៅលើប្រជាជន ស៊ីវិល ៕