តំបន់&អន្តរជាតិ
របបយោធាមីយ៉ាន់ម៉ា ប្រកាសបទឈប់បាញ់ជាមួយកងកម្លាំងឧទ្ទាមប្រដាប់អាវុធ ដែលគាំទ្រក្រុមបាតុករ តែមិនលើកលែងចំពោះបាតុករ
របបយោធាមីយ៉ា់ន់ម៉ានៅថ្ងៃទី១ ខែមេសា បានប្រកាសជាឯកតោភាគីពីការអនុវត្តបទ ឈប់បាញ់រយៈពេល ១ ខែជាមួយកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចមួយចំនួនដែលជា អ្នកគាំទ្រក្រុមបាតុករ និងដែលបានប្រឈមការប្រយុទ្ធតទល់ជាមួយកងទ័ពរបស់របបយោធា នៅពេលថ្មីៗ នេះ ។
ការប្រកាសរបស់ក្រុមយោធាហាក់ជាចេតនាក្នុងការបន្ធូរបន្ថយនូវភាពតានតឹងប្រដាប់អាវុធ ជាមួយកងកម្លាំងទ័ពឧទ្ទាមជនជាតិភាគតិច ខណៈដែលទីស្នាក់ការប៉ូលីសមួយចំនួនត្រូវ ទទួលរងនូវការវាយប្រហារពីសំណាក់កងកម្លាំងជនជាតិភាគតិចជាការឆ្លើយតបទៅនឹងការ បង្រ្កាបរបស់ក្រុមយោធាទៅលើអ្នកតវ៉ា ។ ក្រុមកងកម្លាំងជនជាតិភាគតិចខ្លះថែមទាំងបាន ផ្តល់ទីជំរកសុវត្ថិភាពដល់អ្នកតវ៉ាដែលរត់គេចពីការតាមធ្វើបាបពីសំណាក់ក្រុមយោធាឱ្យរស់នៅក្នុងតំបន់របស់ពួកគេគ្រប់គ្រងទៀតផងដែលជាទង្វើរបបយោធាមិនសប្បាចិត្តនោះឡើយ ។
ក្នុងពេលជាមួយគ្នា ក្រុមអ្នកតវ៉ាក៏បានអំពាវនាវឱ្យកងកម្លាំងជនជាតិភាគតិចនៅក្នុងប្រទេស មីយ៉ាន់ម៉ាចូលរួមជាមួយក្រុមបាតុករដើម្បីផ្តួលរំលំរបបយោធាផងដែរ ។
បើទោះជារបបសឹកយោធាប្រកាសបទឈប់បាញ់ជាមួយកម្លាំងឧទ្ទាមក្នុងប្រទេសក្តី ប៉ុន្តែពួកគេរក្សាជំហរមិនបន្ធូរដៃបង្រ្កាបទៅលើក្រុមអ្នកតវ៉ាប្រឆាំងនឹងខ្លួនដែលពួកគេចាត់ទុកថាជាអ្នកបង្កអសន្តិសុខនៅប្រទេសនោះទេ ។
សារព័ត៌មាន AP ផ្សាយនៅថ្ងៃទី១ ខែមេសា ថា មិនទាន់ឃើញមានប្រតិកម្មបែបណាពី សំណាក់ក្រុមកងកម្លាំងជនជាតិភាគតិចចំពោះការប្រកាសបទឈប់បាញ់របស់ពួកយោធានៅ ឡើយទេ ។
ប៉ុន្តែកន្លងទៅ គេដឹងថា ក្រុមកងកម្លាំងជនជាតិភាគតិចធំៗមួយចំនួននៅក្នុងប្រទេស មីយ៉ាន់ម៉ា ដែលរួមមានកងកម្លាំងកាឈិន (Kachin) នៅប៉ែកខាងជើង កងកម្លាំងការ៉ែន (Karen) នៅប៉ែកខាងកើត និងកងទ័ពអារ៉ាខាន់ក្នុងខេត្តរ៉ាក់ឃីន នៅប៉ែកខាងលិចប្រទេស មីយ៉ាន់ម៉ា បានចេញមុខប្រកាសជាសាធារណៈប្រឆាំងទៅនឹងរដ្ឋប្រហារប្រព្រឹត្ត ដោយក្រុមយោធា ហើយប្រកាសប្តេជ្ញាថានឹងការពារបាតុករប្រឆាំងរបបយោធាដែលស្ថិតនៅ ក្នុងទឹកដីពួកគេគ្រប់គ្រង ។
បើតាមសារព័ត៌មានក្នុងស្រុកឈ្មោះ The 74 Media និង Bhamo Platform បានរាយការណ៍កាល ពីថ្ងៃទី៣១ ខែមីនា ថា កងកម្លំាងឯករាជ្យកាឈីន បានបើកការវាយប្រហារទៅលើប៉ុស្តិ៍ប៉ូលីស នៅក្នុងរដ្ឋកាឈីន បានរឹបអូសយកអាវុធ សម្ភារៈមួយចំនួន ព្រមទាំងបានធ្វើឱ្យមន្រ្តីប៉ូលីស ម្នាក់រងរបួសផងដែរ ។
ចំណែកក្រុមឧទ្ទាមការ៉ែនកាលពីពេលថ្មីៗនេះ វាយយកបានបន្ទាយកងទ័ពរបស់ក្រុមយោធា ។ ជាការឆ្លើយតប របបយោធាបានបើកការវាយប្រហារទៅលើតំបន់គ្រប់គ្រងដោយពួកគេ ដែលបានធ្វើឱ្យអ្នកភូមិជាង ១០ នាក់បាត់បង់ជីវិត និងបង្ខំឱ្យមនុស្សជាច្រើនពាន់នាក់ផ្សេង ទៀតរត់គេចខ្លួនទៅកាន់ប្រទេសថៃដែលនៅក្បែរនោះ ។
សារព័ត៌មាន AP រាយការណ៍ថា ជម្លោះរវាងកងទ័ពយោធាមីយ៉ាន់ម៉ា និងកងកម្លាំងទ័ពការ៉ែន បានបណ្តាលឱ្យមានមនុស្សប្រមាណ ៣.០០០ នាក់រត់ទៅកាន់ទឹកដីថៃ ។ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា ថ្លែងថា អ្នកដែលរត់ចូលទឹកដីថៃទាំងនេះ អ្នកខ្លះបានវិលត្រឡប់ទៅ កាន់ផ្ទះសម្បែងរបស់ពួកគេនៅក្នុងទឹកដីមីយ៉ាន់ម៉ាវិញ ដោយអះអាងថាប្រទេសថៃមិនបាន ចាប់បង្ខំពួកគេឱ្យវិលត្រឡប់នោះឡើយ ។ លោក ចាន់អូចា អះអាងថា ពួកគេត្រឡប់ទៅវិញ ដោយខ្លួនឯង ហើយបច្ចុប្បន្នមានមនុស្សប្រមាណ ២០០ នាក់ប៉ុណ្ណោះដែលកំពុងនៅក្នុងទឹក ដីថៃ និងកំពុងត្រៀមខ្លួនត្រឡប់ទៅកាន់មីយ៉ាន់ម៉ាវិញ ។
បើតាមសមាគមផ្តល់ជំនួយសម្រាប់អ្នកទោសនយោបាយមីយ៉ាន់ម៉ា (AAPP) គិតត្រឹមព្រឹកថ្ងៃទី ១ ខែមេសា ឆ្នាំ២០២១ មានមនុស្សចំនួន ៥៣៦ នាក់ត្រូវបានរបបយោធាបាញ់សម្លាប់ និងជិត ២៨០០ នាក់ត្រូវបានអាជ្ញាធរឃុំខ្លួនចាប់តាំងពីរដ្ឋប្រហារនៅថ្ងៃទី១ ខែកុម្ភៈ មក ។
ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាថ្លែងនៅចំពោះ មុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថៃ្ងទី៣១ ខែមីនា បានបន្តទទូចឱ្យមាន វិធានការចំពោះរបបយោធា ដោយព្រមានអំពីគ្រោះថ្នាក់នៃសង្រ្គាមស៊ីវិលដែលអាចកើតមាន ឡើងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ខណៈដែលរបបយោធានៅតែបន្តការបង្រ្កាប ហិង្សាទៅលើក្រុមបាតុករ ។
ប្រសិតពិសេសសិទ្ធិមនុស្សរូបនេះ គឺអ្នកស្រី Christine Schraner Burgener បានថ្លែងទៅកាន់ អង្គប្រជុំបិទទ្វារនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា «ខ្ញុំសូមអំពាវនាវដល់ ក្រុមប្រឹក្សា (អង្គការសហប្រជាជាតិ) ពិចារណាលើរាល់ឧបករណ៍ដែលមានដើម្បីចាត់វិធាន ការរួមគ្នា និងធ្វើអ្វីដែលត្រឹមត្រូវដែលប្រជាជនមីយ៉ាន់ម៉ាសមនឹងទទួលបាន និងបង្ការគ្រោះ មហន្តរាយនៅក្នុងប្រទេសនេះ» ។
អ្នកស្រីថា អ្នកស្រីបន្តបើកចំហកិច្ចសន្ទនាជាមួយរបបយោធា ប៉ុន្តែព្រមានថាប្រសិនបើគេ គិតតែរង់ចាំទាល់តែរបបយោធាចូលមកជជែកគ្នា ពេលនោះស្ថានភាពជាក់ស្តែងនឹងកាន់តែ អាក្រក់ជាងមុន ការបង្ហូរឈាមនឹងមានកាន់តែច្រើន ។
ក្នុងពេលជាមួយគ្នាក៏មានសេចក្តីរាយការណ៍ពីក្រុមអ្នកផ្តល់ជំនួយមនុស្សធម៌ជួយសង្រ្គោះអ្នកតវ៉ាថាពួកគេត្រូវបានសមត្ថកិច្ចមីយ៉ាន់ម៉ាចាប់ខ្លួន សម្លុតបំភ័យ និងបង្កឱ្យមានរបួសក្នុងពេល ចុះជួយអ្នកតវ៉ាដែលរងរបួស ។
សារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃទី១ ខែមេសា ដោយស្រង់ប្រភពពីសហព័ន្ធ កាកបាទក្រហម និងអឌ្ឍច័ន្ទក្រហមអន្តរជាតិ (IFRC) ដែលបានលើកឡើងថា បុគ្គលិកកាក បាទក្រហមមីយ៉ាន់ម៉ាត្រូវបានពួកសមត្ថកិច្ចចាប់ខ្លួន គំរាមកំហែង និងបង្ករបួសស្នាមនៅពេល ពួកគេចុះជួយអ្នកតវ៉ាដែលត្រូវបានកម្លំាងសមត្ថកិច្ចបង្រ្កាប ។
សេចក្តីថ្លែងការណ៍របស់កាកបាទក្រហមមីយ៉ាន់ម៉ា ឱ្យដឹងថា ក្រុមការងារខ្លួនបានផ្តល់នូវការ ថែទាំដល់មនុស្សជាង ២.០០០ នាក់ ប៉ុន្តែពួកគេក៏បានក្លាយជាផ្ទាំងស៊ីបធ្វើបាបរបស់ក្រុម សមត្ថកិច្ច ។
លោក Alexander Matheou នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃសហព័ន្ធកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហមអន្តរជាតិ និយាយថា ក្រៅតែពីចាប់ខ្លួន គំរាមកំហែង និងបង្ករបួសស្នាម ដល់ក្រុមការងារកាកបាទក្រហម សមត្ថកិច្ចក៏បានបំផ្លិចបំផ្លាញសម្ភារៈ ទ្រព្យសម្បត្តិ និងរថយន្តគ្រោះបន្ទាន់របស់ពួកគេផងដែរ ។
លោកថ្លែងថា បុគ្គលិកសុខាភិបាលមិនគួរជាគោលដៅនៃការវាយប្រហារនោះទេ ។ ពួកគេ គួរតែទទួលបាននូវសិទ្ធិមនុស្សធម៌ដោយគ្មានការរឹតត្បិតចំពោះមនុស្សដែលត្រូវការជំនួយ ។
កាកបាទក្រហមក៏បានព្រមានថាវិបត្តិនៅមីយ៉ាន់ម៉ាកំពុងបង្កការគំរាមកំហែងបន្ថែមទៀតដល់ប្រព័ន្ធសុខភាពសាធារណៈនៅក្នុងប្រទេសនេះដែលពុំសូវល្អស្រាប់ និងអាចធ្វើឱ្យពិបាកក្នុង ការទ្រទ្រង់កម្មវិធីមនុស្សធម៌នៅក្នុងប្រទេសនេះ ក្នុងពេលដែលការបារម្ភអំពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក៏នៅតែមាន ៕