ប្រទេសចិននៅថ្ងៃទី២០ ខែឧសភា បាននិយាយថានាវាពិឃាដអាមេរិកបានធ្វើដំណើរចូលក្នុង ដែនទឹករបស់ខ្លួននៅសមុទ្រចិនខាងត្បូងដោយខុសច្បាប់ ។
In this photo released by the U.S. Navy, the U.S. Arleigh Burke-class guided-missile destroyer USS Curtis Wilbur (DDG 54) conducts routine operations in the Taiwan Strait, May 18, 2021. China on Thursday, May 20, 2021, issued its second protest in as many days over United States naval activity in the region, drawing an unusually sharp response from the U.S. 7th Fleet, which accused Beijing of attempting to assert illegitimate maritime rights at the expense of its neighbors. (Mass Communication Specialist 3rd Class Zenaida Roth, U.S. Navy via AP)
នៅក្នុងសេចក្តីថ្លែងការណ៍របស់បញ្ជាការដ្ឋានយោធារដ្ឋាភិបាលចិនដែលត្រូវបានផ្សាយដោយសារព័ត៌មាន CNA ទីក្រុងប៉េកាំងបានឱ្យដឹងថា នាវាពិឃាដអាមេរិកឈ្មោះ USS Curtis Wilbur បានធ្វើដំណើរចូលដែនទឹករបស់ចិននៅក្បែរប្រជុំកោះបារ៉ាសែលក្នុងសមុទ្រចិនខាងត្បូង ដោយមិនមានការអនុញ្ញាតិ ហើយថានាវា និងយន្តហោះរបស់ចិនក៏បានដេញតាមពីក្រោយ ដើម្បីឃ្លាំមើលនាវាពិឃាដរបស់អាមេរិកនោះផងដែរ ។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា ទីក្រុងប៉េកាំងប្រឆាំងចំពោះសកម្មភាពរបស់អាមេរិក ដែលទីក្រុងប៉េកាំងចាត់ទុកថាជាការរំលោភបំពានដែនអធិបតេយ្យភាពរបស់ខ្លួន និងធ្វើឱ្យ អន្តរាយដល់ស្ថេរភាព និងសន្តិភាពនៅក្នុងតំបន់ ។
កាលពីថ្ងៃទី១៩ ខែឧសភា ទីក្រុងប៉េកាំងក៏បានចេញមុខប្រឆាំងទៅនឹងសកម្មភាពរបស់នាវា អាមេរិក USS Curtis Wilbur នៅពេលដែលនាវានេះធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដែល ខណ្ឌចែករវាងកោះតៃវ៉ាន់ និងប្រទេសចិនដីគោក ។ រដ្ឋាភិបាលចិនបានហៅសកម្មភាពរបស់ នាវាអាមេរិកដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នោះថាជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខនៅច្រកសមុទ្រតៃវ៉ាន់ ។
ទោះជាយ៉ាងណាក៏ដោយ ភាគីសហរដ្ឋអាមេរិកដែលតែងចាត់ទុកការធ្វើដំណើរនៃនាវា យោធារបស់ខ្លួនថាបានគោរពតាមច្បាប់សមុទ្រអន្តរជាតិនោះ បានអះអាងថា ការធ្វើដំណើរ ឆ្លងកាត់នៅច្រកសមុទ្រតៃវ៉ាន់ គឹបានធ្វើឡើងជាទម្លាប់ទៅហើយរបស់អាមេរិក ហើយក៏ស្រប ទៅតាមច្បាប់អន្តរជាតិផងដែរ ។
ទីក្រុងវ៉ាស៊ីនតុន អះអាងបន្ថែមថា ការធ្វើនាវាចរនៃនាវាយោធារបស់ខ្លួនឆ្លងកាត់ច្រកសមុទ្រ តៃវ៉ាន់ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងការការពារតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មួយប្រកបដោយភាពសេរី និងបើកចំហ ។ អាមេរិកថែមទាំងបានបញ្ជាក់ជំហរទៀតថា យោធារបស់ខ្លួននឹងបន្តហោះហើរ ធ្វើនាវាចរ និងធ្វើប្រតិបត្តិសកម្មភាពយោធានៅគ្រប់ទី កន្លែងទាំងអស់ ដែលច្បាប់អន្តរជាតិអនុញ្ញាត ។
ជាប្រតិកម្ម ប្រទេសចិនបានសម្តែងការប្រឆាំង និងថ្កោលទោសធ្ងន់ធ្ងរចំពោះសកម្មភាព របស់សហរដ្ឋអាមេរិក ។
អ្នកនាំពាក្យនៃទីបញ្ជាការយោធាចិននៅប៉ែកខាងកើតប្រទេស និយាយថា សកម្មភាពរបស់ អាមេរិកកំពុងបញ្ជូនសញ្ញាខុសទៅដល់កងទ័ពកោះតៃវ៉ាន់ និងកំពុងតែមានចេតនាធ្វើឱ្យ ញំាញីដល់ស្ថានភាពនៅក្នុងតំបន់ បង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថេរភាពនៅក្នុងច្រក សមុទ្រតៃវ៉ាន់ ។
ប្រទេសភាគច្រើននៅលើពិភពលោក រួមទាំងសហរដ្ឋអាមេរិកផង ពុំមានទំនាក់ទំនាក់ការ ទូតផ្លូវការជាមួយរដ្ឋាភិបាលកោះតៃវ៉ាន់នោះឡើយ ។ ប៉ុន្តែសហរដ្ឋអាមេរិកគឺជាប្រទេសគាំទ្រ ដ៏រឹងមាំរបស់តៃវ៉ាន់នៅលើឆាកអន្តរជាតិ និងជាប្រទេសដែលលក់អាវុធធំបំផុតទៅឱ្យកោះនេះ ។
ទីក្រុងប៉េកាំងតែងបានប្រកាសជំហរប្រឆាំងដាច់ខាតចំពោះការប្រកាសឯករាជ្យរបស់កោះតៃវ៉ាន់ និងបានព្រមានថា ចិននឹងមិនញញើតក្នុងការប្រើកម្លាំងយោធាមកលើកោះតៃវ៉ាន់នោះ ឡើយ ប្រសិនបើកោះនេះហ៊ានប្រកាសឯករាជ្យផ្តាច់ចេញពីប្រទេសចិននៅថ្ងៃណាមួយ ។
យ៉ាងនេះក្តី ប្រធានាធិបតីកោះតៃវ៉ាន់ អ្នកស្រី ត្សៃ អីង វ៉េន (Tsai Ing-wen) ដែលមានទំនោរចង់ ឱ្យតៃវ៉ាន់មានឯករាជភាពផ្តាច់ចេញពីចិន ធ្លាប់បានថ្លែងថា មែនទែនទៅតៃវ៉ាន់គឺជាប្រទេស ឯករាជ្យមួយបាត់ទៅហើយ ដែលមានឈ្មោះថា សាធារណរដ្ឋចិន ។
ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំងបានបង្កើនសកម្មភាពយោធារបស់ខ្លួននៅ លើកោះតៃវ៉ាន់ ដោយបានបញ្ជូនយន្តហោះចំបាំងឱ្យទៅហោះឆ្វែល និងចូលតំបន់ការពារដែន អាកាសរបស់តៃវ៉ាន់ ។
ទីក្រុងប៉េកាំងអះអាងថា សកម្មភាពយោធាខ្លួននៅក្បែរកោះតៃវ៉ាន់ គឺក្នុងបំណងការពារដែន អធិបតេយ្យភាពរបស់ប្រទេសចិនប៉ុណ្ណោះ ។ ប៉ុន្តែរដ្ឋាភិបាលតៃវ៉ាន់ចាត់ទុកសកម្មភាពទាំង អស់នេះរបស់ចិនថាជាការគំរាមកំហែងមកលើខ្លួន ៕