ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន (Joe Biden) នឹងមានកិច្ចប្រជុំរួមជាលើកទីមួយ ចាប់តាំងពីពេលលោកឡើងកាន់តំណែងជាប្រធានាធិបតីជាមួយមេដឹកនាំ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករួមមាននាយករដ្ឋមន្រ្តីអូស្រ្តាលី ជប៉ុន និងឥណ្ឌា ដែលត្រូវបានគេចាត់ទុកថាជា សម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន APF នៅព្រឹកថ្ងៃទី១០ ខែមីនា នេះ ។
កិច្ចប្រជុំនេះ ក៏ត្រូវបានគេមើលឃើញថា ជាការប្តេជ្ញាចិត្តរបស់លោក ចូ បៃដិន ក្នុងការស្តារ ឡើងវិញនូវទំនាក់ទំនងល្អរវាងសហរដ្ឋអាមេរិកជាមួយប្រទេសដែលជាសម្ព័ន្ធមិត្តរបស់ខ្លួននៅ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហិ្វក ដែលពុំសូវត្រូវបានយកចិត្តទុកដាក់ដោយរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ។
បើទោះជាមិនមានសេចក្តីរាយការណ៍ថា កិច្ចប្រជុំនេះ នឹងមានចេតនាជាសារសំដៅទៅកាន់ ប្រទេសចិនក្តី ប៉ុន្តែគេជឿជាក់ថារដ្ឋាភិបាលអាមេរិកមានបំណងចង់បង្ហាញពីការវិលមកវិញ របស់ខ្លួនមកកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងការរួបរួមជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនឡើងវិញផង ដែរក្នុងពេលដែលប្រទេសទាំង ៣ ទាំងអូស្រ្តាលី ឥណ្ឌា និងជប៉ុន សុទ្ធតែកំពុងមានជម្លោះខ្លះ ៗជាមួយប្រទេសចិនផងនោះ ។
មន្រ្តីផ្នែកព័ត៌មាននៃសេតវិមានអាមេរិក អ្នកស្រី Jen Psaki បានថ្លែងប្រាប់អ្នកកាសែតថា លោក បៃដិន តែងបាននិយាយពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិកជាមួយ សម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។
ទោះជាយ៉ាងណា អ្នកស្រី បានបញ្ជាក់ថា កិច្ចប្រជុំរវាងថ្នាក់ដឹកនាំកំពូលទាំង ៤ រូបនៅថ្ងៃ សុក្រនេះ នឹងពិភាក្សាអំពីការប្រែប្រួលអាកាសធាតុ និងការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលជា អាទិភាពសំខាន់បំផុតរបស់លោក ចូ បៃដិន ។
ចំណែករដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌាវិញ បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ ខ្លួនថា ថ្នាក់ដឹកនាំនៃប្រទេសទាំង ៤ នឹងពិភាក្សាអំពីបញ្ហាតំបន់ និងពិភពលោកដែលជាផល ប្រយោជន៍រួមរបស់ប្រទេសទាំង ៤ និងផ្លាស់ប្តូរទស្សនៈទៅលើបញ្ហាមួយចំនួនក្នុងកិច្ចសហ ប្រតិបត្តិការក្នុងការថែរក្សានូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមួយដែលប្រកបដោយភាពសេរី បើកចំហ និងប្រកបដោយបរិយាបន្ន ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសឥណ្ឌា បន្ថែមថា នៅក្នុងកិច្ចប្រជុំនោះ នាយក រដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga និងនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison ក៏នឹង លើកឡើងអំពីការលើកកំពស់សន្តិសុខលំហសមុទ្រ និងអំពីបញ្ហាវ៉ាក់សាំងជំងឺកូវីដ-១៩ ដើម្បី ទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងតំបន់អាស៊ី ។
ក្នុងពេលជាមួយគ្នានេះ ប្រទេសជប៉ុនបានឱ្យដឹងដែរថា កាលពីសប្តាហ៍មុននាយករដ្ឋមន្រ្តី ជប៉ុន លោក Yoshihide Suga បានពិភាក្សាជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោក Norendra Modi ដោយលើកឡើងពីការបារម្ភអំពីការប៉ុនប៉ងជាឯកតោភាគីរបស់ប្រទេសចិននៅក្នុងការផ្លាស់ប្តូរ ស្ថានភាពនៅសមុទ្រចិនខាងត្បូង និងខាងកើត និងស្ថានភាពសិទ្ធិមនុស្សនៅក្នុងខេត្តស៊ីង ជាំង និងទីក្រុងហុងកុង ។
អ្នកនាំពាក្យក្រសួងការបរទេសអាមរិក លោក Ned Price បានប្រាប់អ្នកកាសែតថា ថ្នាក់ដឹកនាំ នៃប្រទេសទាំង ៤ បានត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការដោះស្រាយបញ្ហាប្រឈម បន្ទាន់នានានៅលើពិភពលោក ។ ប៉ុន្តែនៅពេលសួរថាតើវាសំដៅទៅលើប្រទេសចិនឬ ? លោកឆ្លើយថា វាមិនសំដៅទៅលើដៃគូប្រជែងណាមួយឡើយ ។
ទោះជាបែបណាក្តី កិច្ចប្រជុំរវាងថ្នាក់ដឹកនាំទាំង ៤ នេះ ក្នុងពេលដែលសភាតំណាងរាស្រ្ត ប្រជាជនចិនក៏កំពុងធ្វើការជួបប្រជុំ ដែលគេជឿជាក់ថានឹងដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តរបស់ចិននៅក្នុងតំបន់ និងពិភពលោក ។ ក្នុងពេលជាមួយគ្នា ប្រទេស អូស្រ្តាលីក៏កំពុងមានទំនាក់ទំនងមិនសូវជាល្អជាមួយទីក្រុងប៉េកាំងមួយផ្នែកដោយសាររឿងរ៉ាវ ជំងឺកូវីដ-១៩ ដែលអូស្រ្តាលីក៏ជាប្រទេសមួយដែលទាមទារឱ្យមានការស៊ើបអង្កេតឱ្យបានហ្មត់ ចត់ទៅលើប្រភពចំលងនៃជំងឺកូវីដ-១៩ ខណៈដែលប្រទេសឥណ្ឌាក៏មានជម្លោះព្រំដែនជាមួយ ៕