តំបន់&អន្តរជាតិ
នៅ EU មានហុងគ្រី នៅ UN មានអាមេរិក ដែលរំាងខ្ទប់សេចក្តីថ្លែងការណ៍ អំពើហិង្សារវាង អ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន
ប្រទេសហុងគ្រី និងសហរដ្ឋអាមេរិក ដែលត្រូវបានគេដឹងថាជាសម្ព័ន្ធមិត្តដ៏ស្អិតរមួតរបស់ អ៊ីស្រាអែលបានចេញមុខរៀងៗខ្លួនរាំងខ្ទប់មិនឱ្យមានសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុប និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីអំពើហិង្សារវាងអ៊ីស្រាអែល និងក្រុម ហាម៉ាសប៉ាឡេស្ទីនដែលកំពុងគ្រប់គ្រងតំបន់កាហ្សា (Gaza) ។
សហភាពអឺរ៉ុបមានសមាជិកទាំងអស់ចំនួន ២៧ ប្រទេស ប៉ុន្តែមានតែប្រទេសហុងគ្រីមួយគត់ ដែលមិនបានចូលរួមជាមួយប្រទេសសមាជិកសហភាពអឺរ៉ុប ២៦ ផ្សេងទៀត ដើម្បីអំពាវនាវ ឱ្យមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ។ ការមិនចួលរួមរបស់ហុងគ្រី ជាមួយសមាជិកដទៃទៀតនៃសហភាពអឺរ៉ុប កំពុងធ្វើឱ្យអង្គការអន្តររដ្ឋាភិបាលមួយនេះ មិនអាចមានសំឡេងជាឯកច្ឆន្ទក្នុងដំណើរការស្វែងរកដំណោះស្រាយសន្តិភាពដើម្បីបញ្ចប់ នូវអំពើហិង្សារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ។
ប្រធានគោលនយោបាយបរទេសសហភាពអឺរ៉ុប លោក ចូសេហ្វ បូរ៉ល (Josep Borrell) ដែល ជាអ្នកកោះប្រជុំជំនួបរវាងរដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុបបានថ្លែងឱ្យដឹងនៅក្រោយជំនួប តាមអនឡាញថា ប្រទេសសមាជិកសហភាពអឺរ៉ុបជាច្រើនឯកភាពថា ជាអាទិភាព គឺអ៊ីស្រាអែល និងក្រុមហាម៉ាស ត្រូវបញ្ចប់ជាបន្ទាន់នូវការប្រើអំពើហិង្សាដាក់គ្នាទៅវិញ ទៅមក ព្រមទាំងត្រូវចាប់ផ្តើមអនុវត្តនូវបទឈប់បាញ់មួយ ។
សារព័ត៌មានអាល់ហ្សាស្សៀរ៉ា (Aljazeera) បានផ្សាយនៅថ្ងៃទី១៩ ឧសភា ដោយស្រង់សម្តី រដ្ឋមន្រ្តីការបរទេសហុងគ្រី លោក ភីតធើ ហ្សីចាតូ (Peter Szijjarto) ដែលបានថ្លែងប្រាប់ទីភ្នាក់ ងារព័ត៌មានបារាំង AFP ថា លោកបានមើលឃើញមានបញ្ហាជាទូទៅមួយនៅក្នុងសេចក្តីថ្លែង ការណ៍របស់សហភាពអឺរ៉ុបទៅលើប្រទេសអ៊ីស្រាអែលដោយលោកចាត់ទុកថាមានភាព លំអៀង និងនិយាយតែភាគីម្ខាង ។ លោកគិតថាសេចក្តីថ្លេងការណ៍បែបនេះ វានឹងមិនអាច ជួយអ្វីបាននោះទេ ជាពិសេសនៅក្នុងកាលៈទេសៈដែលភាពតានតឹងកំពុងតែខ្លាំងដូចបច្ចុប្បន្ន ។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្រ្តីការបរទេសបារាំង លោក ហ្សង់ អីវ ឡឺ ឌ្រីយ៉ង់ (Jean-Yves Le Drian) បានព្រមានថាជំលោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីននេះ អាចរីក រាលដាលទៅជាសង្រ្គាមនៅក្នុងតំបន់ទាំងមូលប្រសិនបើគ្មានកិច្ចព្រមព្រមបទឈប់បាញ់ណាមួយត្រូវបានបង្កើតឡើងនោះទេ ។ លោកក៏សង្ឃឹមដែរថា ប្រទេសអ៊ីស្រាអែលនឹងមិនបញ្ជូន កងទ័ពជើងគោកចូលវាយលុកតំបន់កាហ្សាដែលមានប្រជាជនប្រមាណ ២ លាននាក់ និង គ្រប់គ្រងដោយពួកហាម៉ាសនោះឡើយ ។
ក្នុងកាលៈទេសៈដែលសហភាពអឺរ៉ុបមិនអាចរកបានសំឡេងតែមួយនៅពេលនេះ រដ្ឋមន្រ្តីការ បរទេសសហភាពអឺរ៉ុបផ្សេងទៀតបានសន្យាថាសហភាពអឺរ៉ុបនឹងធ្វើការជាមួយអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងរុស្សី ដែលគេហៅថា ក្រុមខ្វាតថែត (Quartet) ដើម្បីចាប់ផ្តើម ជាថ្មីនូវដំណើរការសន្តិភាពដើម្បីដោះស្រាយជំលោះនេះ ។
រដ្ឋមន្រ្តីការបរទេសនៃប្រទេសម៉ាល់តា លោក អ៊ីវ៉ារីស បាតូឡូ (Evarist Bartolo) បាននិយាយ ប្រាប់សារព័ត៌មាន Reuters ថា យ៉ាងហោចណាស់ ក៏គេអាចបង្កើតឱ្យមានបទឈប់បាញ់ជា បន្ទាន់មួយ និងចាប់ផ្តើមការផ្តល់ជំនួយមនុស្សធម៌ ។ បន្ទាប់មកគេនឹងពិនិត្យមើលថាតើអាច ធ្វើអ្វីបានទៀតដើម្បីចាប់ផ្តើមឡើងវិញនូវដំណើរការសន្តិភាពនៅក្នុងតំបន់ក្នុងការដោះស្រាយ ឫសគល់នៃបញ្ហា ។
ចាប់តាំងពីមានការផ្លោងគ្រាប់ដាក់គ្នាទៅវិញទៅមករវាងក្រុមហាម៉ាសប៉ាឡេស្ទីននៅតំបន់ កាហ្សា និងអ៊ីស្រាអែលនៅថ្ងៃទី១០ ខែឧសភា មក បានបណ្តាលឱ្យជនជាតិប៉ាឡេស្ទីនចំនួន ២១៧ នាក់បាត់បង់ជីវិតក្នុងនោះមានកុមារ ៦១ នាក់ និងរងរបួសប្រមាណ ១.៥០០ នាក់ ។ ចំណែកខាងភាគីអ៊ីស្រាអែលបានបាត់បង់ជីវិតមនុស្សចំនួន ១២ នាក់ រួមមានកុមារ ២ នាក់ ហើយប្រជាជនប្រហែល ៣០០ នាក់ទៀតរងរបួស ។
ប្រភេទអាវុធដែលក្រុមហាម៉ាសបាញ់មកលើទឹកដីអ៊ីស្រាអែលគឺគ្រាប់រ៉ុកកែត ប៉ុន្តែភាគច្រើន ត្រូវបានប្រព័ន្ធការពាររបស់អ៊ីស្រាអែលបាញ់ស្ទាក់កំទេចបាននៅលើមេឃមុននឹងធ្លាក់មកលើ ទឹកដីអ៊ីស្រាអែល ដូច្នេះហើយទើបអ៊ីស្រាអែលអាចការពារជីវិតប្រជាជនខ្លួនមិនឱ្យស្លាប់ច្រើន ដោយសារគ្រាប់រ៉ុកកែតរបស់ក្រុមហាម៉ាស ។
ជាការឆ្លើយតបវិញ អ៊ីស្រាអែលបានបាញ់គ្រាប់កាំភ្លើងធំ និងគ្រាប់មីស៊ីលពីចំងាយ ព្រមទាំង បញ្ជូនយន្តចំបាំងចូលវាយលុកតាមផ្លូវអាកាសផងដែរ ដែលបានបណ្តាលឱ្យតំបន់កាហ្សារង ការខូចខាតយ៉ាងដំណំនូវអាគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ និងបាត់បងជីវិតជនស៊ីវិលអស់ជា ច្រើន ។ ក្នុងពេលជាមួយគ្នា អ៊ីស្រាអែលក៏បានបាញ់កំទេចទីតាំងផ្ទុកអាវុធយុទ្ធភ័ណ្ឌ និង ទីតាំងរបស់មេទ័ពសំខាន់ៗនៃក្រុមហាម៉ាស និងផ្លូវរូងក្រោមដីដែលអ៊ីស្រាអែលថាសម្រាប់ បញ្ជូនអាវុធចូលក្នុងតំបន់កាហ្សាផងដែរ ។
ការប្រយុទ្ធគ្នានេះ បានចាប់ផ្តើមឡើងបន្ទាប់ពីក្រុមហាម៉ាសបាញ់បានគ្រាប់រ៉ុកកែតចូលទឹកដី អ៊ីស្រាអែលជាការឆ្លើយតបទៅនឹងអ៊ីស្រាអែលដែលបណ្តេញជនជាតិប៉ាឡេស្ទីនចេញពីលំនៅឋានរបស់ខ្លួនដែលកាន់កាប់ដោយអាជ្ញាធរអ៊ីស្រាអែល និងការបង្ក្រាបរបស់កងកម្លាំងប៉ូលីស អ៊ីស្រអែលទៅលើអ្នកកាន់សាសនាអ៊ីស្លាមប៉ាឡេស្ទីននៅក្នុងព្រះវិហារអ៊ីស្លាមមួយកន្លែងនៅ ក្នុងតំបន់ជេរូសាឡឹមខាងកើត (East Jerusalem) ដែលពួកហាម៉ាសបានដាក់ឱសានវាទឱ្យកង កម្លាំងប៉ូលីសអ៊ីស្រាអែលដកខ្លួនចេញ ប៉ុន្តែអីស្រាអែលមិនព្រមចាកចេញ ។
ដូចគ្នាទៅនឹងរដ្ឋមន្រ្តីការបរទេសអឺរ៉ុបផ្សេងទៀតដែរ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោក ហេកូ ម៉ាស់ (Heiko Maas) បានជំរុញឱ្យមានបទឈប់បាញ់ ដែលលោកគិតថាវាជាការចាប់ ផ្តើមដើម្បីឱ្យមានការជជែកគ្នាឡើងវិញអំពីដំណោះស្រាយសន្តិភាព ។
ងាកទៅអង្គការសហប្រជាជាតិវិញ សហរដ្ឋអាមេរិក គឺជាប្រទេសតែមួយគត់នៅក្នុងក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលរារាំងមិនឱ្យមានសេចក្តីថ្លែងការណ៍រួមពីអំពើ ហិង្សានៅពេលនេះ ដោយរដ្ឋបាលប្រធានាធិបតីអាមេរិកលើកឡើងថា សេចក្តីថ្លែងការណ៍រួម នឹងមិនអាចជួយឱ្យមានដំណោះស្រាយនោះទេ ហើយថាសហរដ្ឋអាមេរិកក៏កំពុងស្វែងរក ដំណោះស្រាយការទូតក្រោយឆាកដើម្បីដោះស្រាយបញ្ហានេះ ។
សហរដ្ឋអាមេរិកបានសម្តែងការបារម្ភអំពីការបាត់បង់ជីវិតកុមារ ស្រ្តី និងជនស៊ីវិលនៅក្នុងអំពើ ហិង្សានេះ ។ ប៉ុន្តែក្នុងពេលជាមួយគ្នា សហរដ្ឋអាមេរិកក៏បានបញ្ជាក់អំពីសិទ្ធិក្នុងការការពារ ខ្លួនរបស់ប្រទេសអ៊ីស្រាអែលផងដែរ ។
បែបនេះក្តី រដ្ឋបាលប្រធានាធិបតី ចូ បៃដិន ហាក់កំពុងរងនូវសម្ពាធខ្លាំងពីសំណាក់អ្នក នយោបាយអាមេរិកផងដែរ ទាំងអ្នកនយោបាយមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្ស សាធារណរដ្ឋ ។ ពួកគេចង់ឱ្យសហរដ្ឋអាមេរិកបង្ហាញជំហររឹងមាំចំពោះអ៊ីស្រាអែលដែលកំពុង មានយុទ្ធនាការយោធាទៅលើតំបន់កាហ្សាបណ្តាលឱ្យមានជនស៊ីវិលស្លាប់ជាច្រើននាក់ ។
អតីតបេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោក បើនី សែនឌើ (Bernie Sanders) ក៏បានរិះគន់ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ។
លោក សែនឌើ បានស្នើឱ្យរដ្ឋាភិបាលអាមេរិកពិនិត្យឡើងវិញចំពោះជំនួយប្រចាំឆ្នាំដែល អាមេរិកបានផ្តល់ទៅឱ្យប្រទេសអ៊ីស្រាអែលផងដែរ ។
លោក សែនឌើ ថ្លែងបញ្ជាក់នៅលើបណ្តាញសង្គម Twitter របស់លោកថា «ការបំផ្លិចបំផ្លាញ នៅក្នុងតំបន់កាហ្សា គឺមិនអាចពិចារណាបានទេ ។ យើងត្រូវជំរុញឱ្យមានបទឈប់បាញ់ ជាបន្ទាន់មួយ ។ ការសម្លាប់ជនជាតិប៉ាឡេស្ទីន និងអ៊ីស្រាអែលត្រូវតែបញ្ចប់ ។ យើងក៏ត្រូវ យកចិត្តទុកដាក់លើជំនួយយោធារបស់អាមេរិកជិត ៤ ពាន់លានដុល្លារក្នុងមួយឆ្នាំផ្តល់ឱ្យ អ៊ីស្រាអែល ។ វាជាការខុសច្បាប់សម្រាប់ជំនួយរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្រការ រំលោភសិទ្ធិមនុស្ស» ៕