ការបង្រ្កាបរបស់ក្រុមយោធាទៅលើអ្នកតវ៉ាមីយ៉ាន់ម៉ាប្រឆាំងទៅនឹងរដ្ឋប្រហារបានបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសស្ទើរតែរាល់ថ្ងៃ ។
គិតត្រឹមព្រឹកថ្ងៃទី២២ ខែមីនា នេះ ចំនួនមនុស្សស្លាប់បានកើនដល់ ២៥០ នាក់ហើយនៅក្នុង ការបង្រ្កាបដោយរបបយោធាមីយ៉ាន់ម៉ាទៅលើអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារ ចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ មក ។ នេះបើតាមរបាយការណ៍របស់សមាគមផ្តល់ជំនួយសម្រាប់អ្នកទោស នយោបាយមីយ៉ាន់ម៉ា (Assistance Association for Political Prisoners AAPP) ដែលបានតាម ដានយ៉ាងយកចិត្តទុកដាក់ហេតុការណ៍កំពុងកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។
សមាគមមួយនេះ សម្តែងការសោកស្តាយចំពោះការបាត់បង់ជីវិតរបស់ប្រជាជនមីយ៉ាន់ម៉ា ប៉ុន្តែបានកោតសរសើរចំពោះស្មារតី និងការបូជាជីវីតរបស់ប្រជាជនមីយ៉ាន់ម៉ាដើម្បីសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅក្នុងប្រទេសមួយនេះ ។
បើតាម AAPP គិតត្រឹមព្រឹកថ្ងៃទី២២ ខែមីនា នេះ មានមនុស្ស ២៦៦៥ នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះ ១៥ នាក់ត្រូវបានកាត់ទោសរួចហើយឱ្យជាប់ពន្ធនាគារចន្លោះពី ១ ខែ ដល់ ២ ឆ្នាំ ។ មនុស្ស ១០៩ នាក់ត្រូវបានចោទប្រកាន់ដោយមានដីកាចាប់ខ្លួន និង ៣៧៥ នាក់ត្រូវបាន ដោះលែងវិញ ។
ជារួម មកដល់ពេលនេះមានមនុស្ស ២២៩០ នាក់កំពុងត្រូវបានឃុំខ្លួនដោយក្រុមយោធា រាប់បញ្ចូលទាំងមនុស្ស ១៥ នាក់ត្រូវបានកាត់ទោសរួចហើយ គិតចាប់តាំងពីថ្ងៃរដ្ឋប្រហារ នៅថ្ងៃទី១ ខែកុម្ភៈ មក ។
AAPP ឱ្យដឹងថា អ្នកជាប់ឃុំមិនត្រូវបានអនុញ្ញាតឱ្យជួបជាមួយសាច់ញាតិ និងអ្នកតំណាង ផ្នែកច្បាប់របស់ពួកគេទេ ហើយក៏គ្មាននរណាម្នាក់ដឹងថាតើមនុស្សជាច្រើនត្រូវបានឃុំខ្លួន នៅទីណាដែរ ។ ពួកគេថារបបយោធា បានដកហូតសិទ្ធិជាមូលដ្ឋាន និងបានធ្វើទារុណកម្ម លើរាងកាយ និងផ្លូវចិត្តរបស់អ្នកជាប់ឃុំ ។
ពួកគេក៏មានការព្រួយបារម្ភអំពីការមិនមានព័ត៌មានពីអ្នកដែលបាត់ខ្លួនដោយសារការ បង្ក្រាបរបស់ក្រុមយោធាផងដែរ ។
សមាគមផ្តល់ជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បានចោទប្រកាន់របបយោធា មីយ៉ាន់ម៉ាថាកំពុងតែប្រព្រឹត្ដបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ការលួចប្លន់ ការសម្លាប់ ការលាក់ខ្លួនមនុស្សស្លាប់នៅពាសពេញតំបន់ទីប្រជុំជន ។ ពួកគេចាត់ទុកថា នេះជាអំពើ ភេរវកម្ម ហើយបានជំរុញឱ្យសហគមន៍អន្តរជាតិ រួមទាំងអាស៊ានផងដែរ ចាត់វិធានការបន្ទាន់ ។
បើទោះជាមានការបង្រ្កាបពីសំណាក់ក្រុមយោធាយ៉ាងសាហាវព្រៃផ្សៃក្តី ប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងពុះកញ្ជ្រោល និងខឹងសម្បារជាមួយរបបយោធា បន្តរៀបចំផែនការតវ៉ារបស់ខ្លួន ដើម្បីទាមទារឱ្យរបបយោធាដោះលែងអ្នកស្រី អ៊ុងសាន ស៊ូជី និងអ្នកទោសនយោបាយនៃ គណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ ទាមទារឱ្យពួកយោធាទទួលស្គាល់លទ្ធផលបោះ ឆ្នោតកាលពីឆ្នាំ ២០២០ និងស្តារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសឡើងវិញ ។
ក្នុងពេលជាមួយគ្នា ក៏មានសេចក្តីរាយការណ៍ថា ប្រជាជនមីយ៉ាន់ម៉ានៅក្នុងទីក្រុងយ៉ាងហ្គូន បាននាំគ្នាចាកចេញពីទីក្រុងដែលមានមនុស្សរស់នៅច្រើនជាងគេបង្អស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាព្រោះតែព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ។ ចំណែកប្រជាជនមួយចំនួនទៀតបានភៀស ខ្លួនទៅកាន់ប្រទេសឥណ្ឌាក្បែរខាងដើម្បីរកកន្លែងសុវត្ថិភាព និងទៅកាន់តំបន់ព្រំដែន ជាមួយនឹងប្រទេសថៃផងដែរ ។
អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប បានថ្កោល ទោសចំពោះការរបបយោធាមីយ៉ាន់ម៉ាដែលប្រើប្រាស់អំពើហិង្សាលើអ្នកតវ៉ា និងទាមទារឱ្យ របបយោធាស្តារប្រជាធិបតេយ្យឡើងវិញ ។ បើទោះជាមានទណ្ឌកម្មខ្លះៗដាក់លើរបបយោធា រួចហើយក្តី ប៉ុន្តែរបបយោធាហាក់មិនបានបន្ធូរដៃចំពោះអ្នកតវ៉ានោះឡើយ ។ ការបង្រ្កាបទៅ លើអ្នកតវ៉ាចេះតែបន្តកើតមានដដែល ។
ចំណែកប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានស្នើឱ្យអាស៊ានរៀបចំកិច្ចប្រជុំ កម្រិតខ្ពស់ដើម្បីដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ។ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានគាំ ទ្រចំពោះការអំពាវនាវនេះ ។ មេដឹកនាំប្រទេសអាស៊ានទាំងពីរបានអំពាវនាវឱ្យបញ្ចប់អំពើ ហិង្សា ។ កន្លងទៅរដ្ឋាភិបាលសិង្ហបុរីក៏បានសម្តែងការព្រួយបារម្ភចំពោះអំពើហិង្សានៅមីយ៉ាន់ ម៉ា និងបានអំពាវនាវឱ្យរបបយោធាបញ្ចប់អំពើហិង្សា ព្រមទាំងដោះលែងអ្នកស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតី វីន យិន (Win Myint) និងអ្នកទោសនយោបាយផ្សេងទៀត ឱ្យមានសេរីភាពឡើងវិញ ៕