សហរដ្ឋអាមេរិក និងប្រទេសចំនួន ១៣ ផ្សេងទៀតបានសម្តែងការបារម្ភថា របាយការណ៍ របស់អង្គការសុខភាពពិភពលោក (WHO) ដែលសិក្សាទៅលើប្រភពនៃមេរោគកូរ៉ូណាដែល បង្កឱ្យមានជំងឺកូវីដ-១៩ ត្រូវបានពន្យាពេល និងកង្វះនូវការទទួលបានទិន្នន័យទាំងមូល ។ នេះបើតាមខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមរបស់ប្រទេសទាំងអស់នេះ និងត្រូវបានចេញ ផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែមីនា ។
Peter Ben Embarek, a member of the World Health Organization (WHO) team tasked with investigating the origins of the coronavirus disease (COVID-19), speaks at the WHO-China joint study news conference at a hotel in Wuhan, Hubei province, China, on Feb 9, 2021. (Photo: REUTERS/Aly Song)
ប្រទេសដែលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនេះ រួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្រ្តាលី កាណាដា សាធារណរដ្ឋឆែក ដាណាម៉ាក អ៊ីស្តូនី អ៊ីស្រាអែល ជប៉ុន ឡាតវៀ លីធូនៀ ន័រវេស កូរ៉េខាងត្បូង និងស្លូវើនៀ ។
ការចេញមុខសម្តែងការបារម្ភដូចនេះបន្ទាប់ពីមានការអះអាងរបស់អគ្គនាយកនៃអង្គការសុខ ភាពពិភពលោក លោក Tedros Adhanom Ghebreyesus កាលពីថ្ងៃទី៣០ ខែមីនា ដែលនិយាយ ថា ទិន្នន័យត្រូវបានគេដកហូតពីអ្នកស៊ើបអង្កេតរបស់អ្នកជំនាញ WHO ដែលធ្វើដំណើរទៅ កាន់ប្រទេសចិនដើម្បីស្រាវជ្រាវពីប្រភពនៃមេរោគចំលងជំងឺកូវីដ-១៩ ។
ប្រទេសទាំង ១៤ លើកឡើងថា វាចាំបាច់ដែលពួកគេត្រូវសម្តែងការបារម្ភរួមនៅពេលនេះ ដោយសារតែការសិក្សាត្រូវបានពន្យាពេល កង្វះនូវការទទួលបាននូវទិន្នន័យពេញលេញ ដែលរួមមានទាំងទិន្នន័យដើម និងសំណាក ។
គួររម្លឹកថា នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនដែលសរសេរឡើងរួមគ្នាដោយអ្នក វិទ្យាសាស្រ្តចិន និងក្រុមអ្នកស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកដែលបានចំណាយ ពេលស្រាវជ្រាវរយៈពេលមួយខែនៅក្នុងទីក្រុងវូហាន និងតំបន់ជុំវិញនោះ នៃប្រទេសចិន បានលើកឡើងថា មេរោគកូរ៉ូណាដែលបង្កឱ្យមានជំងឺកូវីដ-១៩ ប្រហែលជាត្រូវបានចំលងពី សត្វប្រចៀវទៅមនុស្សតាមរយៈសត្វផ្សេងទៀត ហើយអះអាងថា ការជ្រាបមេរោគចេញពីមន្ទីរ ពិសោធន៍នៅក្នុងប្រទេសចិនមិនទំនងជាមូលហេតុនៃការបង្កការចំលងជំងឺនេះឡើយ ។
ទោះជាយ៉ាងណាក៏ដោយ មានអ្នកស៊ើបអង្កេតម្នាក់ក្នុងចំណោមក្រុមស្រាវជ្រាវរបស់ WHO បានឱ្យដឹងថា ប្រទេសចិនបានបដិសេធផ្តល់នូវទិន្នន័យដើមអំពីករណីចំលងដំបូងនៃជំងឺកូវីដ- ១៩ ដល់ក្រុមអ្នកស្រាវជ្រាវរបស់ WHO ដែលពិតជាធ្វើឱ្យកិច្ចប្រឹងប្រែងស្រាវជ្រាវមានភាព ស្មុគ្រស្មាញដើម្បីឈ្វេងយល់ពីការចំលងដំបូងនៃជំងឺកូវីដ-១៩ ។
អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedro ឱ្យដឹងដែរថា នៅក្នុងកិច្ចពិភាក្សារវាង លោកជាមួយក្រុមអ្នកស្រាវជ្រាវទៅកាន់ប្រទេសចិន ក្រុមជំនាញទាំងនោះបានបង្ហាញនូវការ លំបាកដែលពួកគេបានជួបប្រទះនៅក្នុងការទទួលបាននូវទិន្នន័យដើមនៅក្នុងប្រទេសចិន ។ លោករំពឹងថានឹងមានការសហការសិក្សារួមគ្នាបន្ថែមទៀតនៅថ្ងៃខាងមុខដោយមានពេលវេលាច្រើន និងការចែករំលែកទិន្នន័យឱ្យបានទូលំទូលាយ ។
សហរដ្ឋអាមេរិក និងប្រទេសទាំង ១៣ ផ្សេងទៀតដែលបានចេញសេចក្តីថ្លែងការណ៍រួមគាំទ្រ ឱ្យមានការសិក្សាបន្ថែមទៀតទៅលើសត្វដើម្បីស្វែងរកថាតើមេរោគឆ្លងពីសត្វទៅមនុស្ស ដោយវិធីណា ។ ពួកគេក៏បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្តជាថ្មីពីអង្គការសុខភាពពិភពលោក និងប្រទេសសមាជិកក្នុងការទទួលបានទិន្នន័យប្រកបដោយតម្លាភាព និងទាន់ពេលវេលា ។
ពួកគេបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមថា «វាមានសារៈសំខានសម្រាប់អ្នកជំនាញ ឯករាជ្យក្នុងការទទួលបានទិន្នន័យពេញលេញអំពីមនុស្ស សត្វ បរិស្ថាន ការស្រាវជ្រាវ និង មនុស្សដែលពាក់ព័ន្ធនៅក្នុងដំណាក់កាលដំបូងនៃការផ្ទុះជំងឺ និងអាចកំណត់ថាតើជំងឺកូវីដ–១៩ កើតឡើងដោយរបៀបណា» ។
អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros មានប្រសាសន៍ថា រឿងនេះទាមទារឱ្យ មានការស៊ើបអង្កេតបន្ថែមទៀត និងអាចមានការបំពេញបេសកកម្មបន្ថែមទៀតទៅកាន់ ប្រទេសចិន ទីដែលជំងឺកូវីដ-១៩ បានផ្ទុះឡើងមុនគេ មុននឹងរាលដាលជុំវិញពិភពលោក ។
នៅក្នុងសេចក្តីថ្លែងទៅកាន់រដ្ឋសមាជិកហើយដែលត្រូវបានផ្សព្វផ្សាយដោយអង្គការសុខភាពពិភពលោក លោក Tedros ទទួលស្គាល់ថា ការវាយតម្លៃនៅពេលនេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ ។ លោកថា គេត្រូវការការសិក្សា និងទិន្នន័យបន្ថែមទៀតដើម្បីឈានដល់ការធ្វើ សេចក្តីសន្និដ្ឋានប្រកបដោយភាពជឿជាក់បាន ។
ចំណែកលោក Peter Ben Embarek ដែលជាប្រធានដឹកនាំក្រុមអ្នកជំនាញស្រាជ្រាវអង្គការសុខ ភាពពិភពលោកទៅកាន់ប្រទេសចិន ថ្លែងថា វាជារឿងអាចទៅរួចដែលសន្និដ្ឋានថាមេរោគនៃ ជំងឺកូវីដ-១៩ បានរាលដាលនៅក្នុងទីក្រុងវូហាន ខេត្តហ៊ូបិ ប្រទេសចិន នៅក្នុងអំឡុងខែតុលា និងវិច្ឆិកា ឆ្នាំ២០១៩ ម៉្លេះ ។
លោកបញ្ជាក់ថាក្រុមការងារស្រាវជ្រាវពិតជាទទួលបានទិន្នន័យនៅតាមទីតាំងផ្សេងៗគ្នាជាច្រើន ប៉ុន្តែក្នុងពេលជាមួយគ្នា ក៏មានកន្លែងខ្លះក្រុមការងារមានការលំបាកក្នុងការទទួលបាន ទិន្នន័យដើមដែរ ដោយលើកហេតុផលអំពីច្បាប់ឯកជន និងការហាមប្រាមផ្សេងៗ ។
ទោះជាយ៉ាងណា លោកយល់ស្របថា វាទាមទារឱ្យមានការសិក្សានៅក្នុងដំណាក់កាលទី ២ ទៀត។
ចំណែកសហភាពអឺរ៉ុបបានចាត់ទុកថាការសិក្សានៅពេលកន្លងហើយគឺជាជំហានដំបូងដ៏ សំខាន់មួយ ប៉ុន្តែបានរិះគន់ថា វាបានចាប់ផ្តើមយឺតពេក ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន លោក Walter Stevens ដែលជាឯកអគ្គរដ្ឋទូតសហភាព អឺរ៉ុបប្រចាំនៅអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ បានអំពាវនាវឱ្យមានការសិក្សាបន្ថែម ទៀតអំពីប្រភពចំលងនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិន ដោយស្នើឱ្យមានការចូលទៅកាន់ ទីតាំងពាក់ព័ន្ធ និងការទទួលបាននូវទិន្នន័យអំពីមនុស្ស សត្វ និងបរិស្ថាន ពាក់ព័ន្ធឱ្យទាន់ ពេលវេលា ៕