សហរដ្ឋអាមេរិក និងចិនបានវាយប្រហារគ្នាទៅវិញមក នៅក្នុងជំនួបរវាងរដ្ឋមន្រ្តីការបរទេស នៃប្រទេសទាំងពីរនៅក្នុងរដ្ឋអាឡាស្កា ទឹកដីអាមេរិក ដែលជាជំនួបកម្រិតខ្ពស់រវាងប្រទេស មហាអំណាចសេដ្ឋកិច្ចលើពិភពលោកទាំងពីរ ចាប់តាំងពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឡើងកាន់តំណាងចាប់ពីថ្ងៃទី ២០ ខែមករា មក ។
ក្នុងជំនួបនេះ ខាងភាគីអាមេរិក មានរដ្ឋមន្រ្តីការបរទេស លោក Antony Blinken និងទីប្រឹក្សា សន្តិសុខជាតិ លោក Jake Sullivan និងភាគីចិនមានលោក Wang Yi រដ្ឋមន្រ្តីក្រសួងការ បរទេស និងលោក Yang Jiechi នាយកការិយាល័យកណ្តាល នៃគណៈកម្មការកិច្ចការបរទេស ចិន ។
នៅចំពោះមុខមន្រ្តីការទូតកំពូលរបស់ចិន រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់ថា សកម្មភាពរបស់ចិនកំពុងតែគំរាមកំហែងស្ថេរភាពពិភពលោក ។ នេះបើតាមការ ផ្សាយរបស់សារព័ត៌មាន CNA នៅព្រឹកថ្ងៃទី១៩ ខែមីនា នេះ ។
លោក Blinken បានប្រាប់សមភាគីចិនថា សហរដ្ឋអាមេរិកនឹងពិភាក្សាអំពីការព្រួយបារម្ភរបស់ ខ្លួនចំពោះសកម្មភាពរបស់ចិន ក្នុងនោះក៏រួមមានបញ្ហារបស់ជនជាតិអ៊ុយហ្គួរកាន់សាសនា អ៊ីស្លាមនៅក្នុងខេត្តស៊ីងជាំង ដែលអាមេរិកចោទប្រកាន់ចិនថាបានប្រព្រឹត្តអំពើប្រល័យពូជ សាសន៍ទៅលើអ្នកកាន់សាសនាអ៊ីស្លាមទាំងនេះ ។
លោកបន្ថែមថា បញ្ហា្ហហុងកុង តៃវ៉ាន់ ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតលើសហរដ្ឋ អាមេរិក និងការដាក់គំនាបសេដ្ឋកិច្ចលើសម្ព័ន្ធមិត្តរបស់អាមេរិក គឺសុទ្ធតែជាប្រធានបទត្រូវ លើកឡើងនៅក្នុងកិច្ចសន្ទនា ។
ចំណែកទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតី ចូ បៃដិន លោក Jake Sullivan បានលើក ឡើងថា សហរដ្ឋអាមេរិកមិនចង់មានជំលោះជាមួយប្រទេសចិននោះទេ ប៉ុន្តែស្វាគមន៍នូវការ ប្រកួតប្រជែង ។
លោកបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងតែងតែការពារគោលការណ៍របស់ខ្លួនសម្រាប់ពលរដ្ឋខ្លួន និងសម្រាប់មិត្តរបស់ខ្លួន ។
ដោយមិនបង្អង់ លោក Yang Jiechi បានវាយបកថា ចិននឹងចាត់វិធានការឆ្លើយតបចំពោះ អ្វីដែលចិនថាជាការជ្រៀតជ្រែករបស់អាមេរិកចូលក្នុងកិច្ចការផ្ទៃក្នុងប្រទេសរបស់ខ្លួន និងបានស្នើឱ្យអាមេរិក បញ្ចប់នូវគោលគំនិតសង្រ្គាមត្រជាក់ជាមួយគូបដិបក្ខរបស់ខ្លួន ។
លោក Yang Jiechi បាននិយាយថា «ចិនប្រឆាំងដាច់ខាតនឹងការជ្រៀតជ្រែករបស់អាមេរិក ក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ។ យើងបានសម្តែងការប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែក បែបនេះ ហើយយើងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីឆ្លើយតប ។ អ្វីដែលយើងត្រូវធ្វើ គឺត្រូវបោះបង់ចោលគោលគំនិតនៃសង្គ្រាមត្រជាក់» ។
លោកថា សហរដ្ឋអាមេរិកបានប្រើកម្លាំងយោធា និងអនុត្តរភាពហិរញ្ញវត្ថុរបស់ខ្លួន និងបង្ក្រាប ទៅលើប្រទេសដទៃទៀត។
កិច្ចប្រជុំនេះមានរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា ។ មុនពេលមានកិច្ច ប្រជុំនេះ រដ្ឋមន្រ្តីការបរទេស និងការពារជាតិអាមេរិក បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តរបស់ខ្លូននៅក្បែរប្រទេសចិន ។ ក្រោយជំនួបនៅជប៉ុន អាមេរិក និងជប៉ុន បានចេញសេចក្តីថ្លែងការណ៍រួម វាយប្រហារលើប្រទេសចិនដោយចោទថា ចិនកំពុងបង្កអស្ថិរភាពនៅក្នុងតំបន់ជាពិសេសនៅក្នុងសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាង កើតដែលមានជំលោះជាមួយជប៉ុន និងបាននិយាយដល់បញ្ហាជនជាតិអ៊ុយហ្គួ ដែលធ្វើឱ្យចិន មិនសប្បាយចិត្ត ។ ជាការឆ្លើយតប ចិនបានប្រាប់ថានឹងលើកយកប្រធានបទទាំងនេះជជែក ទល់មុខជាមួយអាមេរិកនៅក្នុងជំនួបនៅរដ្ឋអាឡាស្កានេះ ។
ទោះជាយ៉ាងណា សហរដ្ឋអាមេរិកថា ខ្លួនមានសុឆន្ទៈធ្វើការជាមួយចិននៅពេលវាជា ប្រយោជន៍របស់សហរដ្ឋអាមេរិក និងបានលើកឡើងពីបញ្ហាការប្រែប្រួលអាកាសធាតុ និងការ រាតត្បាតនៃជំងឺកូវីដ-១៩ ផងដែរ ។ រដ្ឋមន្រ្តីការបរទេសអាមេរិក ក៏ចង់ឱ្យចិនប្រើឥទ្ធិពលរបស់ ខ្លួនលើកូរ៉េខាងជើងដើម្បីធ្វើឱ្យប្រទេសនេះបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ ។
ចំណែកភាគីចិននិយាយថា អ្វីដែលចិនចង់មើលឃើញក្នុងទំនាក់ទំនងជាមួយអាមេរិក គឺសង្ឃឹមថាមិនមានការប្រឈមមុខដាក់គ្នា មិនមានជម្លោះជាមួយគ្នា មានការគោរពគ្នាទៅវិញ ទៅមក និងកិច្ចសហប្រតិការដែលឈ្នះ ឈ្នះ ទាំងសងខាង ។
ទោះជាយ៉ាងណាក៏ដោយ បញ្ហាដែលសហរដ្ឋអាមេរិកលើកឡើងនៅក្នុងកិច្ចពិភាក្សាសុទ្ធតែ ជាបញ្ហាក្តៅដែលភាគីចិនមិនចង់ឮនោះឡើយ ជាពិសេសបញ្ហាហុងកុង តៃវ៉ាន់ និងរឿង ស៊ីងជាំង ដែលចិនតែងនិយាយថា ជាកិច្ចការផ្ទៃក្នុងរបស់ខ្លួន ៕